ព័ត៌មាន

សម្តេចធិបតី៖ ការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធឈរលើគោលការណ៍ស្ម័គ្រចិត្ត គ្មានការបង្ខិតបង្ខំនោះទេ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងថា ការចុះឈ្មោះសម្រាប់អ្នកសេដ្ឋកិច្ច ក្រៅប្រព័ន្ធគឺមិនមានការជំរុញ និងធ្វើការបង្ខិតបង្ខំនោះទេ ពោលគឺឈរលើគោលការស្ម័គ្រចិត្ត ហើយយន្តការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះ នឹងត្រូវផ្តល់ភាពងាយស្រួល និងមិនត្រូវបានគិតថ្លៃសេវាអ្វីនោះឡើយ។

 

ក្នុងឱកាសអញ្ជើញសម្ពោធ ដាក់ឱ្យដំណើរការថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ការចុះឈ្មោះសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះ មានអត្ថប្រយោជន៍ច្រើនដោយក្នុងនោះគឺមានលទ្ធភាពក្នុងការចូល ជាសមាជិកបេឡាជាតិសន្តិសុខសង្គម ឬហៅថា ប.ស.ស ទៅតាមលក្ខខណ្ឌដែលបានកំណត់ និងងាយស្រួលក្នុងការបង់វិភាគទានដើម្បីទទួលបានអត្ថប្រយោជន៍ផ្នែកថែទាំងសុខភាពសម្រាប់ទាំងខ្លួនផ្ទាល់ និង សមាជិកគ្រួសាររបស់បងប្អូនផងដែរ។

 

សម្តេចធិបតីនាយករដ្ឋមន្រ្តី ក៏បានពន្យល់ដល់បងប្អូនប្រជាពលរដ្ឋបន្ថែមទៀតផងដែរថា ថ្នាលឌីជីថល នៃការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺដើម្បីផ្តល់លទ្ធភាពឲ្យរាជរដ្ឋាភិបាលជួយដល់បងប្អូនឲ្យបានទាន់ពេលវេលាតែប៉ុណ្ណោះ ពុំមែនការដាក់បន្ទុកបន្ថែមដល់ប្អូននោះទេ។ សម្តេចធិបតី បានលើកឡើងទៀតថា ក្នុងគោលនយោបាយអាទិភាព៦ចំណុច របស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ គឺនិយាយអំពីសេដ្ឋកិច្ចក្រៅប្រព័ន្ធ ពីព្រោះថា សេដ្ឋកិច្ចក្រៅប្រព័ន្ធនេះវាធំ ហើយដើម្បីផ្តល់ភាពងាយស្រួលជួយដល់បងប្អូន លុះត្រាណារាជរដ្ឋាភិបាលកំណត់អត្តសញ្ញាណបងប្អូនច្បាស់លាស់ថា បងប្អូនមានបញ្ហាអ្វី និងត្រូវការអ្វីឲ្យច្បាស់លាស់នោះ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *