ព័ត៌មាន

អគ្គស្នងការនគរបាលជាតិ : សំណុំរឿងឧកញ៉ា ហេង សៀ និង កញ្ញា មាន ពេជ្ររីតា គឺត្រូវស្រាវ​ជ្រាវឡើងវិញ

ភ្នំពេញៈ នាយឧត្តមសេននីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានមាន​ប្រសាសន៍ថា ចំពោះសំណុំរឿងលោកឧកញ៉ា ហេង សៀ និងកញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍ My TV ដែល​បាន​ប្តឹង​ចោទ​ប្រកាន់​គ្នាទៅវិញ​ទៅមក គឺត្រូវស្រាវ​ជ្រាវឡើងវិញ ក្រោមការដឹកនាំរបស់ព្រះរាជអាជ្ញា។
ចំណែកលោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ដ្រីក្រសួងកិច្ចការនារី បានបញ្ជាក់ថា ក្រសួងកិច្ចការនារី កំពុងធ្វើការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ យ៉ាងយកចិត្តទុកដាក់ករណីកញ្ញា មាន ពេជ្ររីតា ពិធីការិនីស្ថានីយទូរទស្សន៍ MYTV ប្ដឹងឧកញ៉ា ហេង សៀ ពីបទប៉ុនប៉ងរំលោភសេពសន្ថវៈ។
រីឯក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ ដឹកនាំដោយលោក គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល និងជាប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ នឹងដាក់ពាក្យស្នើសុំទៅកាន់តុលាការ ដើម្បីអនុញ្ញាតឲ្យកញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍ My TV ដែលត្រូវបានតុលាការឃុំខ្លួនបណ្តោះអាសន្ន បានស្ថិតនៅក្រៅឃុំជាបណ្តោះអាសន្នសិន ក្រោយពីស្នើសុំឲ្យតុលាការយកកញ្ញា ពេជ្ររីតា ពីពន្ធនាគារមកសាកសួរម្តងទៀត នៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះ។
លោក គី តិច បានបញ្ជាក់ថា មេធាវីស្ម័គ្រចិត្តសម្តេចតេជោចំនួនពីររូបជាស្រ្តី ត្រូវបានឲ្យចូលការពារក្តីលើសំណុំរឿងខាងលើនេះហើយ។
ពិធីការិនីទូរទស្សន៍ My TV បានដាក់ពាក្យបណ្តឹងប្តឹងបកលោកឧកញ៉ា ហេង សៀ ពីបទប៉ុនប៉ងរំលោភរូបនាងនៅក្នុងរថយន្តនៅម្តុំផ្សារគីឡូម៉ែត្រ​លេខ ៤ ជិតសាកល​វិទ្យាល័យ​អាស៊ីអឺរ៉ុប កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១។
ការប្តឹងនេះ បាន​ធ្វើ​ឡើងកាលពី​ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ បន្ទាប់ពីនគរបានខណ្ឌទួលគោក បានឃាត់ខ្លួន និងបញ្ជូនកញ្ញា មាន ពេជ្ររីតា ទៅសាលាដំបូងរាជធានីភ្នំពេញ តាមបណ្តឹងរបស់លោកឧកញ៉ា ហេង សៀ ដោយចោទប្រកាន់ថា កញ្ញា មាន ពេជ្ររីតា លួចទូរស័ព្ទ និងចាក់លើលោកឧកញ៉ា ហេង សៀ នៅក្នុងឡានបណ្តាលឲ្យរងរបួសធ្ងន់។
រីឯលោកគឹម សន្តិភាព អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌បាន​ថ្លែងថា នៅថ្ងៃនេះ មានការចុះផ្សាយ និងចែករំលែកព័ត៌មានជាច្រើនជុំវិញករណីទំនាស់រវាងឧកញ៉ា ហេង សៀ និងកញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍ My TV រហូតដល់មានការប្តឹងចោទប្រកាន់គ្នាទៅវិញទៅមក ក្នុងនោះភាគីឧកញ៉ា ហេង សៀ បានប្តឹងកញ្ញា មាន ពេជ្ររីតា ទាក់ទងនឹងការបង្ករបួសស្នាម និងការលួចយកទូរស័ព្ទ ចំណែកឯកញ្ញា មាន ពេជ្ររីតា បានចោទប្រកាន់ឧកញ៉ា ហេង សៀ ថាបានប៉ុនប៉ងរំលោភសេពសន្ថវៈលើរូបនាង។
លោកបានបញ្ជាក់ថា ក្រសួងយុត្តិធម៌បានតាមដានដោយយកចិត្តទុកដាក់ចំពោះព័ត៌មាននេះ និងបានស្នើសុំឲ្យស្ថាប័នតុលាការ យកចិត្តទុកដាក់ក្នុងការស្រាវជ្រាវសំណុំរឿងទាំងពីរនេះ ឲ្យបានច្បាស់លាស់ ដើម្បីស្វែងរកការពិតនៃអង្គហេតុទំនាស់ និងផ្តល់យុត្តិធម៌ដល់ភាគីពាក់ព័ន្ធ។ ក្រសួងយុត្តិធម៌ សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា រហូតមកដល់ម៉ោងនេះ សាធារណជនទទួលបានតែព័ត៌មានមួយចំនួន និងភស្តុតាងខ្លះនៃអង្គហេតុ ដែលត្រូវបានផ្សព្វផ្សាយ និងចែករំលែកតាមបណ្តាញសារព័ត៌មាន ក៏ដូចជាបណ្តាញសង្គមនានា។ ដូចនេះ ដើម្បីកំណត់ភាគីណាខុសដែលត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ គឺត្រូវការស្រាវជ្រាវឲ្យបានច្បាស់លាស់ ពេញលេញ និងគ្រប់ជ្រុងជ្រោយ ដើម្បីរកឲ្យឃើញដំណើររឿងពិត និងអង្គហេតុពិតប្រាកដក្នុងសំណុំរឿងទាំងពីរនេះ។
លោកគឹម សន្តិភាព បាន​បានបញ្ជាក់​ទៀតថា ក្រសួងយុត្តិធម៌នឹងបន្តតាមដានដោយយកចិត្តទុកដាក់ចំពោះករណីនេះ ដើម្បីធ្វើឲ្យប្រាកដប្រជាថា ចំណាត់ការតាមផ្លូវច្បាប់នឹងត្រូវអនុវត្តឲ្យបានត្រឹមត្រូវ ដើម្បីស្វែងរកយុត្តិធម៌ក្នុងសំណុំរឿងនេះ និងសូមអំពាវនាវបងប្អូនសាធារណៈជន មេត្តារក្សាភាពស្ងប់ស្ងាត់ និងទុកសមត្ថកិច្ចនេះជូនទៅស្ថាប័នតុលាការដំណើរការចំណាត់ការតាមនីតិវិធីរបស់ខ្លួន។
adm

Leave a Reply

Your email address will not be published. Required fields are marked *