សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានជម្រាបទៅកាន់កិច្ចប្រជុំពេញអង្គរដ្ឋសភា នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ ២០២៤នេះថា ការកែសម្រួល និងតែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនេះ គឺពិតជានឹងបង្កើនសមត្ថភាព និងប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាលនៅក្នុងការអនុវត្តនយោបាយការបទេស និងពាណិជ្ជកម្មរបស់កម្ពុជានៅលើឆាកអន្តរជាតិប្រកបដោយភាពបត់បែន និងអាចប្រែក្លាយបញ្ហាប្រឈមនានា ទៅជាកាលានុវត្តភាព សម្រាប់លើកកម្ពស់ផលប្រយោជន៍ជាត។
ក្នុងឱកាសចូលរួមប្រជុំរដ្ឋសភាពេញអង្គ នីតិកាលទី៧ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកនេះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានថ្លែងទៅកាន់កិច្ចប្រជុំពេញអង្គនៃរដ្ឋសភាថា ក្នុងរយៈពេលជាង ១ ឆ្នាំកន្លងមកនេះ ជាមួយនឹងការខិតខំប្រឹងប្រែងយ៉ាងប្ដូរផ្ដាច់មិនរាថយទោះបីនៅក្នុងដំណាក់កាលដែលសភាពការណ៍សាកលមានការវិវត្តប្រកបដោយភាពស្មុគស្មាញ ពោពេញដោយភាពមិនប្រាកដប្រជា និងពិបាកស្មាន ក៏រាជរដ្ឋាភិបាលនៅតែបានចាប់ផ្ដើម និងកំពុងបន្តធ្វើដំណើរយ៉ាងស្វាហាប់នៅលើកន្លងវិជ្ជមានដោយសម្រេចបាននូវសមិទ្ធផលសំខាន់ៗជាច្រើនជាបន្តបន្ទាប់ជូនប្រជាជាតិកម្ពុជា ពិសេសគឺការរក្សាបាននូវសន្ដិភាព ស្ថិរភាពនយោបាយ សន្ដិសុខ និងការពង្រឹងសណ្ដាប់ធ្នាប់សង្គម។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានបញ្ជាក់ថា រាជរដ្ឋាភិបាលពិតជាមានភាពចាំបាច់ នៅក្នុងការបង្កើន និងពង្រឹងបន្ថែមនូវសមត្ថភាព និងប្រសិទ្ធភាពនៃយន្តការដឹកនាំនៅក្នុងការអនុវត្តការងាររបស់ខ្លួន ជាពិសេសនៅក្នុងវិស័យការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងវិស័យពាណិជ្ជកម្ម ដោយផ្ដោតជាសំខាន់នូវការជំរុញអនុវត្តគោលនយោបាយការបរទេសប្រកបដោយភាពបត់បែន និងយូរអង្វែង ឈរលើមូលដ្ឋានឯករាជ្យ និងច្បាប់អន្តរជាតិ ការប្ដេជ្ញាការពារផលប្រយោជន៍ស្នូលរបស់កម្ពុជា, ការការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី, ការការពារសិន្ដិភាព និងស្ថិរភាពសង្គម, ការការពារយុត្តិធម៌ និងកិត្យនុភាពកម្ពុជា, ការបន្តយកចិត្តទុកដាក់ ក្នុងការថែរក្សា និងលើកកម្ពស់ទំនាក់ទំនងមិត្តភាពជាប្រពៃណី សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការគ្រប់វិស័យ ដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមកជាមួយបណ្ដាប្រទេសជាដៃគូសំខាន់ៗទាំងក្នុងតំបន់ និងក្រៅតំបន់នៅលើឆាកអន្តរជាតិ ព្រមទាំងការបន្តចូលរួមឱ្យកាន់តែសកម្មនៅក្នុងបុព្វហេតុសន្ដិភាព ស្ថិរភាព និងការចូលរួមដោះស្រាយបញ្ហាប្រឈមនានាលើពិភពលោក។
ឈរលើមូលដ្ឋាននេះ សម្ដេចធិបតី បានជម្រាបទៅកាន់អង្គរដ្ឋសភាថា យោងតាមតម្រូវការចាំបាច់ក្នុងការជំរុញការអនុវត្តឱ្យសម្រេចបានឱ្យកាន់តែប្រសើរថែមទៀតនូវប្រសិទ្ធភាពការងាររបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្នុងនាមជានាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចបានស្នើដល់អង្គរដ្ឋសភា ពិនិត្យ និងបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តលើការកែសម្រួល និងការតែងតាំងបំពេញបន្ថែមសមាសភាពនៃរាជរដ្ឋាភិបាលកម្ពុជានាពេលនេះ។
ក្នុងនោះបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តដល់ ឯកឧត្តម ប្រាក់ សុខុន ជាឧបនាយករដ្ឋមន្រ្ដី និងជារដ្ឋមន្រ្ដីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម សុខ ចិន្តាសោភា ជាឧបនាយករដ្ឋមន្រ្ដី។
សម្ដេចធិបតី មានប្រសាសន៍បញ្ជាក់ថា៖«ជាមួយនឹងបទពិសោធន៍របស់ឯកឧត្តម ប្រាក់ សុខុន នៅក្នុងវិស័យការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងបទពិសោធន៍របស់ឯកឧត្តម សុខ ចិន្តាសោភា នៅក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ ការកែសម្រួល និងតែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលដូចបានស្នើសុំនេះ គឺពិតជានឹងបង្កើនសមត្ថភាព និងប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាលនៅក្នុងការអនុវត្តនយោបាយការបទេស និងពាណិជ្ជកម្មរបស់កម្ពុជានៅលើឆាកអន្តរជាតិប្រកបដោយភាពបត់បែន និងអាចប្រែក្លាយបញ្ហាប្រឈមនានា ទៅជាកាលានុវត្តភាព សម្រាប់លើកកម្ពស់ផលប្រយោជន៍ជាតិ»។
ក្រោយកិច្ចប្រជុំពេញអង្គរដ្ឋសភាបោះឆ្នោតគាំទ្រទាំងស្រុង ឱ្យឯកឧត្តម ប្រាក់ សុខុន កាន់តំណែងជា រដ្ឋមន្រ្តីក្រសួងការបរទេស ជំនួស ឯកឧត្តម សុខ ចិន្តាសោភា នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤, សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បានផ្ញើសារអបអរសាទរដល់ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដែលត្រូវបានរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ជា រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅក្នុងសមាសភាពរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភានេះផងដែរ៕