ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១នេះ បានសម្រេចបើកទីតាំងថ្មីមួយបន្ថែមទៀត ដើម្បីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនកម្មករនិយោជិត និងថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈនានា។ គិតត្រឹមថ្ងៃទី៥ឧសភានេះ ក្រសួងបានបង្កើតទីតាំងចាក់វ៉ាក់សាំងជូនកម្មករនយោជិត សរុប ២៦ទីតាំងហើយ។
អនុគណៈកម្មការចំពោះកិច្ចសម្រាប់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនបងប្អូនកម្មករនិយោជិត នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១នេះ បានបើកដំណើរការទីតាំងចាក់វ៉ាក់សាំងកាពារជំងឺកូវីដ១៩ (ស៊ីណូវ៉ាក់) ដូសទី២ ជូនដល់កម្មករនិយោជិត និងថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈនានា មួយទីតាំងថ្មីបន្ថែមទៀត គឺនៅរោងចក្រ I Apparel ស្ថិតក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បើតាមក្រសួងការងារ គិតត្រឹមថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១នេះ អនុគណៈកម្មការចំពោះកិច្ចសម្រាប់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនកម្មករនិយោជិតនៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបើកមណ្ឌលចាក់វ៉ាក់សាំងសរុបចំនួន ២៦ទីតាំងរួចមកហើយ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល។
ទន្ទឹមគ្នានេះ អនុគណៈកម្មចំពោះកិច្ចចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ អំពាវនាវដល់បងប្អូនកម្មករនិយោជិត ដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ (ស៊ីណូវ៉ាក់) ដូសទី១ ដោយក្រុមគ្រូពេទ្យរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមទៅចាក់វ៉ាក់សាំងដូសទី២ នៅទីតាំងចាស់ដែលខ្លួនបានចាក់កន្លងមក ដោយភ្ជាប់ជាមួយនូវកាតចាក់វ៉ាក់សាំងជំងឺកូវីដ១៩ និងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬបណ្ណ ប.ស.ស. ឬឯកសារបញ្ជាក់អត្តសញ្ញាណ ដែលបានប្រើប្រាស់ពេលមកចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី១។
ក្រសួងការងារបញ្ជាក់ថា ដោយការចាក់វ៉ាក់សាំងដូសទី២ មានគម្លាតពីការចាក់ដូសទី១ រយៈពេលចន្លោះពី ១៤ថ្ងៃ ទៅ ២៨ថ្ងៃ ដូច្នេះសូមកម្មករនិយោជិត ចងចាំថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ត្រូវតែចាក់ឲ្យបានត្រឹមត្រូវតាមបច្ចេកទេសវេជ្ជសាស្ត្រឲ្យបាន ២លើក រួមផ្សំនិងការអនុវត្តវិធានការ ៣កុំ និង ៣ការពារ ទើបអាចធានានូវប្រសិទ្ធភាពពេញលេញក្នុងការបង្ការការឆ្លងជំងឺកូវីដ១៩ បាន។
ក្រសួងការងារបន្តថា បងប្អូនកម្មករនិយោជិត ដែលរស់នៅខណ្ឌផ្សេងពីទីតាំងរោងចក្រ ដែលបានចាក់ដូសទី១ ដោយក្រុមគ្រូពេទ្យរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនោះ សូមទៅចាក់ដូសទី២ នៅតាមទីតាំង និងកាលបរិច្ឆេទ ដែលរៀបចំដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅក្នុងខណ្ឌដែលខ្លួនកំពុងរស់នៅ ដោយមិនអាចឆ្លងខណ្ឌបានឡើយ៕