ព័ត៌មាន

ក្រសួងមហាផ្ទៃ បន្ដយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ ជូនថ្នាក់ដឹកនាំ និងមន្ដ្រីនគរបាលជាតិ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ រយៈពេល១៤ថ្ងៃ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងមហាផ្ទៃ បានបន្ដយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំម្ងឺកូវីដ-១៩ ជូនថ្នាក់ដឹកនាំ និងមន្ដ្រីនគរបាលជាតិ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត មានរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី០៥ ដល់ ២០ ខែមីនា ឆ្នាំ២០២១ នៅមន្ទីរពេទ្យ ១៦ ឧសភា ដែលមានទីតាំងស្ថិតនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
សូមជម្រាបថា កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ ក្រសួងមហាផ្ទៃ បានបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំម្ងឺកូវីដ-១៩ក្នុងថ្ងៃដំបូង ជូនដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងនាយកដ្ឋានសុខាភិបាល នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ បានយ៉ាងច្រើនកុះករ ហើយបានអនុវត្តគោរពតាមវិធានការរបស់ក្រសួងសុខាភិបាលយ៉ាងល្អខ្ជាប់ខ្ជួន ដោយរក្សាគម្លាត មានកន្លែងបាញ់អាកល់ និងវ៉ាស់កម្ដៅជាដើម។
លើសពីនេះទៀត ដើម្បីឲ្យយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ ជូនថ្នាក់ដឹកនាំ និងមន្ដ្រីរាជការគ្រប់ជាន់ថ្នាក់ ដែលបម្រើការងារ នៅទីស្ដីក្រសួងមហាផ្ទៃ និងតាមបណ្តាអង្គភាពចំណុះទីស្តីការក្រសួង ប្រព្រឹត្តទៅបានរលូន ប្រកបដោយប្រសិទ្ធភាព និងមានសណ្ដាប់ធ្នាប់ល្អ ធានាបាននូវវិធានការ ដែលកំណត់ដោយក្រសួងសុខាភិបាលនោះ ក្រសួងមហាផ្ទៃ បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ឲ្យចូលរួម និងចាក់ចែងមន្ដ្រីរាជការក្រោមឱវាទដែលចំណុះទីស្ដីការក្រសួងមហាផ្ទៃ ឲ្យចូលរួមចាក់វ៉ាក់សាំង ផ្អែកតាមគោលការណ៍ស្ម័គ្រចិត្ត នៅមន្ទីរពេទ្យ ១៦ ឧសភា ចាប់ពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ ខាងមុខ នៅរៀងរាល់ម៉ោងធ្វើ ដោយភ្ជាប់មកជាមួយនូវអត្តសញ្ញាណបណ្ណ និងបណ្ណសម្គាល់ខ្លួន នៃអង្គភាពនីមួយៗ៕
ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា
adm

Leave a Reply

Your email address will not be published. Required fields are marked *