ព័ត៌មាន

ឯកឧត្តម មាស សុភ័ណ្ឌ បញ្ជាក់ពីដំណើរអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅឡាវ

 

នារសៀលថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម មាស សុភ័ណ្ឌ ប្រធានក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្រ្តី បានផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន ស្តីពីដំណើរអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

 

ឯកឧត្តម មាស សុភ័ណ្ឌ បានបញ្ជាក់ថា តបតាមការអញ្ជើញរបស់ ឯកឧត្តម សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងជាប្រធានអាស៊ានឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរដ្ឋធានីវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ ក្រោមមូលបទ «អាស៊ាន៖ ការពង្រឹងការតភ្ជាប់ និងភាពធន់» នឹងផ្តោតទៅលើការជំរុញបន្ថែមទៀតនូវវឌ្ឍនភាពនៃការកសាងសហគមន៍អាស៊ាន ឆ្ពោះទៅកាន់ការសម្រេចបាននូវចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ និងការលើកកម្ពស់ទំនាក់ទំនងជាមួយដៃគូខាងក្រៅរបស់អាស៊ានតាមរយៈយន្តការនានា ដែលដឹកនាំដោយអាស៊ានក្នុងគោលដៅលើកកម្ពស់ការតភ្ជាប់ និងភាពធន់នៅក្នុងតំបន់ និងក្រៅតំបន់ ក៏ដូចជាដោះស្រាយបញ្ហាប្រឈមបច្ចុប្បន្ន និងដែលកំពុងកើតមានប្រកបដោយប្រសិទ្ធភាព។

 

គណៈប្រតិភូជាន់ខ្ពស់ ដែលអញ្ជើញអមដំណើរ សម្ដេចធិបតី ក្នុងឱកាសនោះ រួមមាន៖ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, ឯកឧត្តម លោកជំទាវ រដ្ឋមន្ត្រីក្រសួងពាក់ព័ន្ធ ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់ក្រសួង-ស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត រួមទាំងគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំដោយអ្នកឧកញ៉ា គិត ម៉េង។

 

ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ាន សម្ដេចធិបតី នឹងអញ្ជើញចូលរួមក្នុងជំនួបថ្នាក់ដឹកនាំអាស៊ានជាមួយតំណាងនៃមហាសន្និបាតអន្តរសភាអាស៊ាន(AIPA), ជំនួបថ្នាក់ដឹកនាំអាស៊ានជាមួយតំណាងនៃក្រុមប្រឹក្សាធុរកិច្ចអាស៊ាន(ASEAN-BAC), ជំនួបថ្នាក់ដឹកនាំអាស៊ានជាមួយតំណាងនៃយុវជនអាស៊ាន និងកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំប្រទេសនៃសហគមន៍បំភាយឧស្ម័នសូន្យ អាស៊ី (AZEC) លើកទី២។ ឯកឧត្តម មាស សុភ័ណ្ឌ បានបន្ថែមថា ក្រៅពីកិច្ចប្រជុំខាងលើ សម្ដេចធិបតី គ្រោងនឹងមានជំនួបទ្វេភាគីជាមួយថ្នាក់ដឹកនាំអាស៊ាន និងពិភពលោកមួយចំនួនដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីបន្ថែមទៀត និងទទួលជំនួបសម្តែងការគួរសម ដោយអង្គការ/ស្ថាប័នមួយចំនួន។ សម្តេចធិបតី ក៏នឹងអញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុងកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន ឆ្នាំ២០២៤ ផងដែរ។

 

ឯកឧត្តម មាស សុភ័ណ្ឌ បានគូសបញ្ជាក់ថា សម្ដេចធិបតី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ធ្វើមាតុភូមិនិវត្តន៍មកដល់ព្រះរាជាណាកម្ពុជាវិញ នាល្ងាច ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤៕

adm

Leave a Reply

Your email address will not be published. Required fields are marked *