(ពោធិ៍សាត់)៖ លំនៅដ្ឋាន ជាអំណោយរបស់កាកបាទក្រហមកម្ពុជា ដែលត្រូវស្ថាបនា និងផ្តល់ជូនអតីតយុទ្ធជនក្រីក្រ និងពិការភាព ក្នុងខេត្តពោធិ៍សាត់ ចំនួន៦២៨គ្រួសារ/៦២៨ខ្នង នៅទីតាំងសម្បទានដីសង្គមកិច្ច ស្ថិតក្នុងភូមិប៊ុនរ៉ាសែនជ័យដំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ គិតមកទល់ពេលនេះ សាងសង់រួចរាល់១០៥ខ្នងហើយ និង២៥ខ្នងទៀតកំពុងសាងសង់បន្ត ក្នុងតំបន់A លើគម្រោង១៥០ខ្នង (ជំហាន២)។
ជាក់ស្តែងនាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១នេះ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនខេត្ត បានបន្តចុះពិនិត្យដំណើរការសាងសង់ផ្ទះ និងទីតាំងដែលត្រូវសាងសង់មណ្ឌលសុខភាព, សាលារៀន ព្រមទាំងដាក់ផែនការមួយចំនួនដល់មន្ត្រីប្រចាំការ ដើម្បីពន្លឿនការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅទីនោះ ឱ្យបានលេចចេញជារូបរាងឡើង ក្នុងពេលដ៏ខ្លីខាងមុខ។
គួរបញ្ជាក់ថា ទីតាំងសម្បទានដីសង្គមកិច្ចខាងលើនេះ ត្រូវបានចាប់ឆ្នោតប្រគល់ជូនដល់អតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារក្នុងខេត្តពោធិ៍សាត់ ចំនួន៦២៨គ្រួសារ រួចរាល់ហើយ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២១កន្លងទៅ ដោយក្នុងមួយគ្រួសារទទួលបានដី (លំនៅដ្ឋាន និងដីកសិកម្ម) ទំហំ៧០គុណ១៥០ម៉ែត្រ។ ដោយពិនិត្យឃើញពីការលំបាករបស់អតីតយុទ្ធជន និងគ្រួសារ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានធ្វើសំណើគោរពចូលមកសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីដោះស្រាយការលំបាករបស់ពួកគាត់ ដោយសម្តេចបានសម្រេចផ្តល់ដីសម្បទានសង្គមកិច្ចនៅទីតាំងខាងលើ។ ទន្ទឹមនឹងនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា រួមទាំងសប្បុរសជន បានទទួលរ៉ាប់រងក្នុងការសាងសង់ផ្ទះជូន ដែលបច្ចុប្បន្នសាងសង់បាន១០៥ខ្នងហើយ (ក្នុងនោះ៥០ខ្នង ត្រូវបានប្រគល់-ទទួល ជំហាន១ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១កន្លងទៅ)។
ការផ្តល់ជូនសម្បទានដីសង្គមកិច្ច និងផ្ទះខាងលើនេះ គឺជាការមើលឃើញពីពលីកម្មដ៏ធំធេង របស់អតីតយុទ្ធជនពីសំណាក់សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏ដូចជារដ្ឋបាលខេត្ត ដែលពួកគេបានខិតខំបំពេញបេសកកម្មការពារជាតិមាតុភូមិ រហូតទទួលបានសុខសន្តិភាពមកដល់សព្វថ្ងៃ។
បច្ចុប្បន្ននេះដំណើរការសាងសង់ផ្ទះ និងហេដ្ឋារចនាសម្ព័ន្ធនៅទីនោះ បាននឹងកំពុងដំណើរការយ៉ាងយកចិត្តទុកដាក់ពីគ្រប់ភាគីពាក់ព័ន្ធ ដែលក្នុងនោះរួមមាន មណ្ឌលសុខភាព សាលារៀន ផ្លូវ អណ្តូង និងត្រួសត្រាយដីរៀបចំភូមិឋានជាដើម។
អតីតយុទ្ធជន និងគ្រួសារ ដែលបានចូលមករស់នៅក្នុងផ្ទះដែលសាងសង់រួច ពួកគេមានជំនឿជឿជាក់ និងប្តេជ្ញាកសាងជីវិត នៅលើទឹកដីថ្មី ប្រកបដោយក្តីសង្ឃឹម មានសុភមង្គល និងមានទេសភាព អាកាសធាតុដ៏ស្រស់ត្រកាលមួយនេះតរៀងទៅ៕
ប្រភព៖ រដ្ឋបាលខេត្តពោធិ៍សាត់