ភ្នំពេញ : ដោយមានបញ្ជាក់ហេតុផលច្បាស់លាស់ ននិងមានបញ្ហាខ្វះខាតផ្នែកជីវភាពរបស់ឈ្មោះស្ត្រីហេង អ៊ុក និងប្តី ដែលបេីកបរល្មេីសវិធានការបិទខ្ទប់ មិនត្រូវបានធ្វេីការផាកពិន័យនោះទេ
អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញលោកសាន សុខសីហា បានឲ្យដឹងថា កាលពីថ្ងៃទី២០ ខែមេសា វេលាម៉ោង ១៧:៣០នាទី កម្លាំងគណ:បញ្ជាការឯកភាពខណ្ឌដូនពេញ បានធ្វេីការឃាត់មនុស្ស ២ នាក់ ពាក់ព័ន្ធលេីករណីល្មើសវិធានការបិទខ្ទប់រាជធានីភ្នំពេញ នៅត្រង់ចំណុចផ្លូវព្រះសីហនុ កែងផ្លូវព្រះមុនីវង្ស សង្កាត់ចតុមុខ ខណ្ឌដូនពេញ ដោយត្រូវបានកម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ដឹកនាំដោយ លោក ម៉ុក ចន្ទ័ករុណា អភិបាលរងខណ្ឌ ដោយបានចេញប័ណ្ណផាកពិន័យដែលមាន រយ:ពេល៣០ថ្ងៃ ដោយទុកពេលឲ្យអ្នកល្មេីសមកបង់ប្រាក់ពិន័យ រហូតដល់រសៀលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ នេះ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃេីញវីដេអូខ្លីបរបស់បងស្រី ដោយបាននិយាយអំពីមូលហេតុដែលគាត់ជិះចេញក្រៅល្មេីសនឹងវិធានការ ដេីម្បីយកទឹកដោះគោ និងម្ហូបទៅឲ្យកូនតូចរបស់គាត់ ហេីយថែមទាំងបញ្ជាក់ប្រាប់ពីទុក្ខលំបាកនៃការខ្វះខាតក្នុងដំណាក់កាលនេះ ស្របពេលដែលគាត់ពីរនាក់ប្តីប្រពន្ធជាជាងសំណង់ផងនោះ ទេីបសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ធ្វេីការស្រាវជ្រាវរកគាត់ និងបានអញ្ជេីញគាត់មកសាលាខណ្ឌដូនពេញ ។
លោកសាន សុខសីហា បានបន្តថា ដោយឃេីញពីស្ថានភាពលំបាកជាក់ស្តែង និងហេតុផលច្បាស់លាស់ លោកអភិបាលខណ្ឌដូនពេញ បានសម្រេចមិនធ្វេីការផាកពិន័យគាត់នោះទេ ហេីយថែមទាំងផ្តល់អំណោយមួយចំនួនជូនគាត់ដេីម្បីដោះស្រាយជីវភាពក្នុងដំណាក់កាលនេះផងដែរ ។
ទាំង២នាក់ប្តីប្រពន្ធមានឈ្មោះដូចខាងក្រោម :
១. ឈ្មោះ ធឿន ប៊ុនធឿន ភេទប្រុស អាយុ ៣០ ឆ្នាំ មុខរបរជាងសំណង់
២. ឈ្មោះ ហេង អ៊ុក ភេទស្រី អាយុ ២៩ឆ្នាំ មុខរបរជាងសំណង់
អ្នកទាំងពីរខាងលើស្នាក់នៅការដ្ឋានសំណង់ផ្លូវ ៥០ម៉ែត្រ ខណ្ឌមានជ័យ ជិះម៉ូតូមួយគ្រឿងម៉ាក C 125 ពាក់ស្លាកលេខភ្នំពេញ ១FD- 1073 ។
គួរបញ្ជាក់ថា គិតចាប់ពីថ្ងៃអនុវត្តវិធានការបិទខ្ទប់ក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញពីថ្ងៃទី១៥ មេសា មកដល់ត្រឹមថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ សមត្ថកិច្ចបានពិន័យអន្តរការណ៍លើអ្នកល្មេីសវិធានការបិទខ្ទប់ ចំនួន៣២១នាក់។