ព័ត៌មាន

ស្នងការនគរបាលរាជធានីភ្នំពេញចុះរិតបន្តឹងការបិទខ្ទប់ជំហានទី២តំបន់ក្រហម

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ស ថេត
អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ បានដឹកនាំកម្លាំងក្រោមឱវាទចុះអនុវត្តវិធានការបិទខ្ទប់ជំហានទី២ នៅក្នុងតំបន់ក្រហម ដែលមានផ្ទុះរាលដាលជំងឺឆ្លងកូវីដ១៩ អនុវត្តតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជាលេខ៥៤ ដែលតម្រូវអនុវត្តរយៈពេល០៧ថ្ងៃបន្ថែមទៀត រឹតត្បិតតំបន់ក្រហម ដោយមិនអនុញ្ញាតឱ្យប្រជាពលរដ្ឋនៅក្នុងតំបន់នោះចេញចូលធ្វើដំណើរទៅទីកន្លែងផ្សេងនោះឡើយ។ នៅគ្រាដែលនៅតំបន់មួយចំនួនមិនមែនជាតំបន់ក្រហម ក៏ត្រូវបានសម្រួលឱ្យធ្វើដំណើរ ក្រោយវិធានការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាលដែលមានរយៈពេល១៤ថ្ងៃ បានផុតឱសានវាទ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ទៅហើយនោះ។
ក្នុងការចុះត្រួតពិនិត្យនិងបិទខ្ទប់បានធ្វើឡើងតំបន់ក្រហមមួយចំនួននៅក្នុងសង្កាត់ទួលសង្កែ១ ខណ្ឌប្ញស្សីកែវ និងនៅភូមិសាស្រ្តផ្នែកមួយចំនួននៃសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ភូមិសាស្រ្តសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ និង ភូមិសាស្រ្តសង្កាត់ស្ទឹមានជ័យ១ ស្ទឹងមានជ័យ២ និងសង្កាត់ស្ទឹងមានជ័យ៣ ស្ថិតក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សកម្មភាពនៃការបិទខ្ទប់តំបន់ក្រហមពីកម្លាំងសមត្ថកិច្ចដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ស ថេត គឺអនុវត្តតាមការណែនាំរបស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដោយបានដាក់ពង្រាយកម្លាំងការពារតាមគោលដៅនៃច្រកចេញចូលនៅគ្រប់ច្រកល្ហកក្នុងភូមិសាស្រ្តតំបន់ក្រហមទាំងនោះ ជាមួយការដាក់រនាំងដែក បិតខ្ទប់មិនឱ្យប្រជាពលរដ្ឋលួចចេញចូលឆ្លងកាត់បានឡើយ គឺការឆ្លងកាត់លើកលែងតែក្នុងករណីពិសេសចាំបាច់ណាមួយនោះ។
លោកឧត្តមសេនីយ៍ឯក ស ថេត ក៏បានណែនាំកម្លាំងក្រោមឱវាទត្រូវអនុវត្តវិធានការបិទខ្ទប់តាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជារយៈពេល៧ថ្ងៃថែមទៀត ដោយចាប់ពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី០៥ ខែឧសភា ខាងមុខនេះ អនុវត្តឱ្យបានត្រឹមត្រូវ ម៉ឺងម៉ាត់និងការទទួលខុសត្រូវខ្ពស់ ជាពិសេសត្រូវតាមដានត្រួតពិនិត្យគ្រប់គោលដៅច្រកចេញចូលទាំងអស់នៅតំបន់ក្រហមនេះ មិនឱ្យប្រជាពលរដ្ឋធ្វើដំណើរដោយធូរលង់នោះឡើយ។ពោលគឺណែនាំពួកគាត់មានភាពស្ងប់ស្ងាត់ឱ្យចូលរួមគោរពអនុវត្តវិធានការបិទខ្ទប់តំបន់ក្រហមនេះឱ្យមានប្រសិទ្ធភាព ។
លោកឧត្តមសេនីយ៍ឯក ស ថេត ក៏បានណែនាំប្រជាពលរដ្ឋត្រូវនាំគ្នាអត់ធ្មត់ហើយ បើគ្មានការចាំបាច់សូមកុំចេញពីផ្ទះ គឺមានការចូលរួមរបស់ប្រជាពលរដ្ឋនេះហើយទើបអាចកាត់បន្ថយរឺកាត់ផ្តាច់ជំងឺឆ្លងកូវីដ១៩ ទទួលបានជោគជ័យ។
adm

Leave a Reply

Your email address will not be published. Required fields are marked *