ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤នេះ អញ្ជើញចុះពិនិត្យផ្ទាល់នៅតំបន់ថ្មដានៃខេត្តពោធិ៍សាត់ និងសួរសុខទុក្ខ បងប្អូនកងទ័ព និងគណៈបញ្ជាការឯកភាពខេត្ត ដែលកំពុងបន្តបេសកកម្មយ៉ាងសកម្មក្នុងការរុករកឧទ្ធម្ភាគចក្រ ទោះបីជាស្ថានភាពលំបាកដោយសារជាតំបន់ព្រៃក្រាស់ និងអាកាសធាតុមិនអំណោយផលក្តី។
សូមបញ្ជាក់ថា ថ្ងៃនេះជាថ្ងៃទី០៥ហើយ សម្រាប់ប្រតិបត្តិការស្វែងរកឧទ្ធម្ភាគចក្រ ដែលបានបាត់ដំណឹង ខណៈកម្លាំងចម្រុះនៃកងយោធពលខេមរភូមិន្ទ កំពុងបន្តបេសកកម្មយ៉ាងសកម្ម និងពង្រីកវិសាលភាព នៃការុករកនេះ បើទោះបីជាអាកាសធាតុតំបន់នោះមានភ្លៀងបន្តធ្លាក់ ដែលបង្កការលំបាកសម្រាប់ប្រតិបត្តិការនេះក៏ដោយ។
ជាមួយគ្នានេះក្នុងរយៈពេល០៥ថ្ងៃនេះប្រតិបត្តិការរុករកនេះ មិនទាន់រកឃើញមានតម្រុយពីទីតាំងដែលសង្ស័យថាឧទ្ធម្ភាគចក្របានធ្លាក់នៅឡើយទេ។
សូមរម្លឹកថា ឧទ្ធម្ភាគចក្រដែលបាត់ការទាក់ទងជាមួយបញ្ជាការដ្ឋានទ័ពអាកាសនោះ ជាប្រភេទ Z9 ដែលមានមនុស្សពីរនាក់នៅលើឧទ្ធម្ភាគចក្រនេះ ក្នុងប្រតិបត្តិការហ្វឹកហ្វឺនរយៈចម្ងាយឆ្ងាយ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤។
ដោយ ផែន រតនៈ
———