ព័ត៌មាន

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បន្តការពារកិត្តិនាមព្រែកជីកហ្វូណនតេជោ លើទំព័រសារព័ត៌មាន «The Straits Times»

ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសរសេរអត្ថបទមួយទៅកាន់សារព័ត៌មាន «The Straits Times» ការពារគុណតម្លៃ និងកិត្តិនាមរបស់ព្រែកជីកហ្វូណនតេជោផងដែរ។

 

អត្ថបទរបស់លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ឆ្លើយតបទៅនឹងការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានបារាំង AFP។ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤កន្លងទៅនេះ សារព័ត៌មាន AFP បានផ្សាយអត្ថបទមួយពាក់ព័ន្ធនឹងព្រែកជីកហ្វូណនតេជោ ដោយដាក់ចំណងជើងថា «កម្ពុជានឹងចាប់ផ្តើមការដ្ឋានគម្រោងព្រែកជីកដែលមានភាពចម្រូងចម្រាសនៅខែសីហា»។

 

អត្ថបទដែលបានផ្ញើទៅកាន់ «The Straits Times» លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានចាត់ទុកការផ្សាយនេះ មានអត្ថន័យចោទប្រកាន់មិនត្រឹមត្រូវអំពីគោលបំណង និងផលប៉ះពាល់បរិស្ថាននៃគម្រោងព្រែកជីកហ្វូណនតេជោ ហើយមិនបានលើកឡើងពីផលប្រយោជន៍ដ៏ធំធេងដែលគម្រោងនេះនឹងនាំមកជូនប្រជាជន សេដ្ឋកិច្ច បរិស្ថានរបស់កម្ពុជា និងលើសពីនេះទៀត។

 

លោកឧបនាយករដ្ឋមន្ត្រី បន្តអត្ថាធិប្បាយនៅក្នុងអត្ថបទទៀតថា គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគំនិតផ្តួចផ្តើមប្រកបដោយមហិច្ឆិតា ក្នុងគោលបំណងលើកកំពស់សមត្ថភាព ដឹកជញ្ជូន និងឯករាជ្យភាពសេដ្ឋកិច្ចរបស់កម្ពុជា។ គម្រោងនេះត្រូវបានរចនាឡើងសម្រាប់បម្រើឱ្យការប្រើប្រាស់របស់ប្រជាជនទូទៅ និងគ្មានគោលបំណង ឬផែនការសម្រាប់ការប្រើប្រាស់របស់នាវាយោធានោះទេ។

 

លោកឧបនាយករដ្ឋមន្ត្រី បានគូសរំលេចថា យោងតាមមាត្រាទី៥៣ នៃរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា ការតាំងមូលដ្ឋានយោធាបរទេសនៅក្នុងទឹកដីរបស់ប្រទេសកម្ពុជាត្រូវបានហាមឃាត់ជាដាច់ខាត ដែលនេះអាចធានាបានថាព្រែកជីក នឹងមិនត្រូវបាន

ប្រើប្រាស់សម្រាប់បម្រើដល់គោលបំណងយោធានោះទេ។

 

សម្រាប់ការវាយតម្លៃហេតុប៉ះពាល់បរិស្ថានយ៉ាងលម្អិត ដោយមានការចូលរួមពីអ្នកជំនាញអន្តរជាតិចំនួន៤៨នាក់ ធានាបានថាគម្រោងព្រែកជីកនេះ នឹងមិនមានផលប៉ះពាល់ទៅលើទន្លេមេគង្គឡើយ។

 

ម៉ូដែលធារាសាស្រ្តបានព្យាករណ៍ថា ការប៉ះពាល់ទៅលើរំហូរទឹកទន្លេមេគង្គមានត្រឹមតែ ០,០៦ភាគរយប៉ុណ្ណោះ នៅក្នុងរដូវប្រាំង និងមិនមានផលប៉ះពាល់សោះឡើយនៅក្នុងរដូវវស្សា។

 

គម្រោងនេះនឹងបង្កើតឱ្យមានជម្រកសត្វថ្មីៗ ហើយការពារការជ្រៀតចូលនូវទឹកប្រៃ ដែលផ្តល់នូវការការពារដល់ជីវចម្រុះនៅដីសណ្តទន្លេមេគង្គ។

 

ជាមួយនឹងការតភ្ជាប់ដោយផ្ទាល់តាមរយៈផ្លូវទឹក រវាងទីក្រុងភ្នំពេញនិងសមុទ្រខេត្តកែប ព្រែកជីកនេះ នឹងលើកកម្ពស់ប្រសិទ្ធិភាពពាណិជ្ជកម្មរបស់កម្ពុជា បង្កើតការងារ ជំរុញការអភិវឌ្ឍរោងចក្រឧស្សាហកម្ម ជំរុញទេសចរណ៍ ធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធធារាសាស្រ្ត និងទាក់ទាញការវិនិយោគដោយផ្ទាល់ពីបរទេស។ ផលប្រយោជន៍ទាំងនេះនឹងធ្វើឱ្យទិដ្ឋភាពសេដ្ឋកិច្ចកម្ពុជាមានការផ្លាស់ប្តូរ ប្រែក្លាយខ្លួនជាមជ្ឈមណ្ឌលភស្ដុភារកម្មដ៏សំខាន់នៅក្នុងតំបន់៕

 

តំណរភ្ជាប់ទៅកាន់អត្ថបទផ្សព្វផ្សាយទាំងស្រុង៖ https://www.straitstimes.com/opinion/forum/forum-canal-will-bring-significant-benefits-to-cambodia

adm

Leave a Reply

Your email address will not be published. Required fields are marked *