ព័ត៌មាន

ឯកឧត្តម នេត្រ ភក្ត្រា៖ កម្មវិធី «ដើរកម្សាន្តនៅយូណាន ទៅទស្សនានៅអង្គរ» នឹងផ្តល់ឱកាសដ៏ល្អសម្រាប់យើងទាំងអស់គ្នា យល់ដឹងអំពីភាពស្រស់ស្អាតនៃតំបន់បេតិកភណ្ឌពិភពលោកនៅប្រទេសកម្ពុជា និងនៅខេត្តយូណាន

យូណាន ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤ —

កម្មវិធីសំឡេងទីតាំងបេតិកភណ្ឌ«ដើរកម្សាន្តនៅយូណាន ទៅទស្សនានៅអង្គរ» ដែលជាព្រឹត្តការណ៍ដ៏សំខាន់មួយក្នុងកិច្ចសហការរវាងប្រទេសកម្ពុជា និងប្រទេសចិនផ្សព្វផ្សាយវប្បធម៌ ទេសចរណ៍ វិនិយោគ និងរឹតចំណងមិត្តភាពរវាងប្រទេសកម្ពុជា និងប្រទេសចិនឱ្យកាន់តែស្អិតរមួតថែមទៀត ត្រូវបានបើកសម្ពោធជាផ្លូវការ កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុងគួនមីង ខេត្តយូណាន ប្រទេសចិន ក្រោមអធិបតីភាពឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវជឹង យៀន សមាជិកអចិន្ត្រៃយ៍និងជាប្រធានផ្នែកឃោសនាការនៃគណៈកម្មាធិការគណបក្សកុម្មុយនិស្តចិនខេត្តយូណាន ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងទេសចរណ៍ តំណាងសមាគមអ្នកសារព័ត៌មាន អ្នកសារព័ត៌មាន និងទីភ្នាក់ងារទេសចរណ៍ព្រមទាំងក្រុមហ៊ុនវិនិយោគជាច្រើនទៀត។

 

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកឡើងថា កម្មវិធី«ដើរកម្សាន្តនៅយូណាន ទៅទស្សនានៅអង្គរ» នឹងផ្តល់ឱកាសដ៏ល្អសម្រាប់យើងទាំងអស់គ្នា យល់ដឹងអំពីភាពស្រស់ស្អាតនៃតំបន់បេតិកភណ្ឌពិភពលោកនៅប្រទេសកម្ពុជា និងនៅខេត្តយូណាន និងឈ្វេងយល់អំពីប្រវត្តិសាស្ត្រដ៏យូរលង់ ជាមួយនឹងវប្បធម៌ដ៏ទាក់ទាញសម្រាប់វិស័យទេសចរណ៍។ ក្នុងនាមក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវការអបអរសាទរចំពោះការប្រារព្ធកម្មវិធីដ៏មានសារៈសំខាន់ក្នុងក្របខណ្ឌឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន «កម្ពុជា-ចិន» ដែលថ្នាក់ដឹកនាំកំពូលនៃប្រទេសកម្ពុជា និងចិនបានកំណត់ឡើងដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ពាណិជ្ជកម្ម និងវិនិយោគឱ្យកាន់តែសកម្ម និងរស់រវើកជាបន្តបន្ទាប់។

 

 

adm

Leave a Reply

Your email address will not be published. Required fields are marked *