ភ្នំពេញ:ផ្សាររាត្រី និងវិថីទេសចរណ៍ ដែលស្ថិតក្នុងរមណីយដ្ឋានប្រវត្តិសាស្ត្រភ្នំសំពៅនៃខេត្តបាត់ដំបង បានបើកដំណើរការសាកល្បងកាលពីថ្ងៃសុក្រសប្តាហ៍មុន ដោយទាក់ទាញអ្នកទេសចរសរុបជាង៥០០០នាក់ ក្នុងរយៈពេល៣ថ្ងៃ។ ប៉ុន្តែ ផ្សាររាត្រីនេះ នៅត្រូវការការកែលម្អច្រើនដើម្បីបញ្ចៀសការដួលរលំទៅវិញ។
លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានប្រាប់ទូរទស្សន៍អប្សរាថា ផ្សាររាត្រីនេះនៅខ្វះភាពចម្រុះបែបនៃម្ហូបអាហារ ចំណី និងបង្អែម ដែលមន្ទីរពាក់ព័ន្ធកំពុងកៀរគរអ្នកលក់បន្ថែមទៀត។ ម្យ៉ាងវិញទៀត វត្ថុអនុស្សាវរីយ៍ដែលតាំងលក់ មិនសូវទទួលបានការចាប់អារម្មណ៍ពីភ្ញៀវទេសចរដែលត្រូវគិតគូរឡើងវិញ ជាពិសេសពីសោភណភាព។ ចំណែក ផ្លូវចេញចូលក្នុងផ្សាររាត្រី ត្រូវឃាត់មិនឲ្យយានយន្តឆ្លងកាត់ និងត្រូវចាក់ក្រួស បំពេញបន្ថែម។