ខេត្តកោះកុង ទទួលបានភ្ញៀវទេសចរសរុបជិត ១៨ ០០០នាក់ ក្នុងកំឡុងពេលពិធីបុណ្យចូលឆ្នាំខ្មែររយៈពេល៣ថ្ងៃកន្លងមកនេះ ដោយភ្ញៀវទេសចរភាគច្រើនសម្រុកទៅលេងកម្សាន្តនៅតំបន់កោះនានា និងមុខសាលាខេត្ត។
គិតចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤ គ្រប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិបាននាំគ្នាមកលេងកម្សាន្តតាមរមណីយដ្ឋាននានាក្នុងខេត្តកោះកុង ពិសេសតំបន់ឆ្នេរសមុទ្រ ដែនកោះ និងតំបន់ត្រជាក់ចិត្តមុខសាលាខេត្ត។
លោក សាគុណ ភក្តី ប្រធានការិយាល័យផ្សព្វផ្សាយព័ត៌មានទេសចរណ៍នៃមន្ទីរទេសចរណ៍ខេត្តកោះកុង បានឱ្យដឹងនៅថ្ងៃទី១៦ ខែមេសា នេះថា ទេសចរជាតិមានប្រមាណ ១៧ ០០០នាក់ ចំណែកភ្ញៀវទេសចរបរទេសចំនួន៦៨០នាក់។ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំទៅ មិនអាចប៉ាន់ស្មានបាននៅឡើយ លុះត្រាម៉ោង៦ល្ងាចនេះ បានសរុបចំនួន៤ថ្ងៃតែម្តង។
បើតាមលោក សាគុណ ភក្តី បន្ថែមថាទៀតថា តួលេខភ្ញៀវទេសចរនេះ មិនបូកបញ្ចូលជាមួយប្រជាពលរដ្ឋមកលេងកម្សាន្តនៅក្នុងតំបន់ត្រជាក់ចិត្តមុខសាលាខេត្តនោះទេ។ ហើយតំបន់ទេសចរណ៍ដែលជាទីចាប់អារម្មណ៍ជាងគេនៅលើកោះស្តេច ស្រុកគិរីសាគរ ឆ្នេរនេសាទ ស្រុកស្រែអំបិល ទឹកជ្រោះតាតៃ ស្រុកកោះកុង និងឆ្នេរប៉ាក់ខ្លង់ ស្រុកមណ្ឌលសីមា។
គួរជម្រាបថា ម្សិលមិញនេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ ឯកឧត្តម កាយ សំរួម ប្រធានប្រឹក្សាខេត្ត ព្រមទាំងលោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បានអញ្ជើញក្នុងពិធីស្រង់ព្រះ ដើម្បីសុំសេចក្តីសុខសប្បាយឆ្នាំថ្មី និងលេងល្បែងប្រជាប្រិយខ្មែរផង៕