ព័ត៌មាន

គណៈប្រតិភូគណៈកម្មាធិការសម្របសម្រួលញត្តិ នៃសហព័ន្ធអាល្លឺម៉ង់ មានបំណងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងបណ្តុះបណ្តាលធនធានមនុស្ស និងវិស័យសុខាភិបាល ជាមួយព្រះរាជាណាចក្រកម្ពុជា

   នារសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ Martina Stamm-Fibich ប្រធានគណៈកម្មាធិការសម្របសម្រួលញត្តិនៃសហព័ន្ធអាល្លឺម៉ង់ និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

 

ក្នុងឱកាសនៃជំនួបនេះ លោកជំទាវ Martina Stamm-Fibich ប្រធានគណៈកម្មាធិការសម្របសម្រួលញត្តិនៃសហព័ន្ធអាល្លឺម៉ង់ បានសម្ដែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចធិបតី ដែលបានចំណាយពេលដ៏មមាញឹក អនុញ្ញាតឱ្យរូបលោកជំទាវ និងគណៈប្រតិភូបានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ លោកជំទាវប្រធានគណៈកម្មាធិការ បានគោរពជម្រាបជូន សម្តេចធិបតី ថាគោលបំណងនៃដំណើរទស្សនកិច្ចរបស់លោកជំទាវ និងគណៈប្រតិភូ នាឱកាសនេះ គឺដើម្បីពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត ជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងការបណ្ដុះបណ្ដាលធនធានមនុស្ស និងវិស័យសុខាភិបាល ដោយសារតែវិស័យទាំងពីរនេះ មានសារៈសំខាន់ ក្នុងការបម្រើដល់សេចក្តីត្រូវការចំបាច់របស់ប្រជាពលរដ្ឋ និងផ្តល់នូវផលប្រយោជន៍ទៅវិញទៅមក ដល់ប្រទេសទាំងពីរ ។ ជាក់ស្តែង បច្ចុប្បន្ននេះ សហព័ន្ធអាល្លឺម៉ង់ក៏កំពុងជួបប្រទះនូវកង្វះខាតធនធានមនុស្សបម្រើការក្នុងវិស័យសុខាភិបាល និងកម្មករជំនាញផងដែរ។

 

ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ចំពោះលោកជំទាវប្រធានគណៈកម្មាធិការ និងនិងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជានាឱកាសនេះ និងបានបញ្ជាក់អំពីចំណងនៃទំនាក់ទំនងការទូតរវាងកម្ពុជា និងអាល្លឺម៉ង់ ដែលមានរយៈពេលជាង៥ទសវត្សរ៍ ហើយឆ្នាំនេះគឺជាឆ្នាំទី៥៧ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ បន្ថែមលើនេះ សម្តេចធិបតី ក៏បានសម្ដែងនូវកាអរគុណចំពោះរដ្ឋាភិបាល និង ប្រជាជនអាល្លឺម៉ង់ ដែលបានចូលរួមចំណែកនៅក្នុងការកសាងប្រទេសកម្ពុជា ជាពិសេសក្រោយពីសង្គ្រាម ដែលផ្ដោតទៅលើវិស័យអប់រំ ការកសាងធនធានមនុស្ស ក៏ដូចជាលទ្ធិប្រជាធិបតេយ្យផងដែរ។ សម្តេចធិបតីបានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោកជំទាវ និងគណៈប្រតិភូនាឱកាសនេះកបានបង្ហាញអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរទាំងនៅក្នុងក្របខ័ណ្ឌនីតិប្រតិបត្តិ និងនីតិប្បញ្ញត្តិ ហើយសម្តេចធិបតីសង្ឃឹមថាទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនេះ នឹងបន្តការពង្រឹង និងពង្រីកបន្ថែមទៀត។

 

ឆ្លើយតនឹងបំណងរបស់លោកជំទាវក្នុងការជំរុញការពង្រីកកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអាល្លឺម៉ង់ លើវិស័យអប់រំ និងការណ្តុះបណ្តាលធនធានមនុស្ស ក៏ដូចជាវិស័យសុខាភិបាល សម្តេចធិបតីបានស្វាគមន៍ និងបានគូសបញ្ជាក់ថា គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា គឺផ្តោតលើការជំរុញកំណើនសេដ្ឋកិច្ច ដោយផ្អែកលើធនធានមនុស្ស ព្រមជាមួយគ្នានេះ រាជរដ្ឋាភិបាល ក៏បានយកចិត្តខ្លាំងក្នុងការពង្រឹងវិស័យសុខាភិបាល និងការបណ្ដុះបណ្ដាលធនធានមនុស្ស និងជំនាញវិជ្ជាជីវៈទៅដល់ប្រជាពលរដ្ឋកម្ពុជា ព្រោះវាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ សម្តេចធិបតីក៏បានលើកទឹកចិត្តឱ្យស្ថាប័នជំនាញពាក់ព័ន្ធ នៃប្រទេសទាំងពីរបន្តពិភាក្សា និងសហការគ្នា ក្នុងការរៀបចំជាយន្តការ និងផែនការ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យទាំងពីរ។

 

ជាទីបញ្ចប់ សម្តេចធិបតី បានជូនពរ លោកជំទាវ Martina Stamm-Fibich ប្រធានគណៈកម្មាធិការសម្របសម្រួលញត្តិនៃសហព័ន្ធអាល្លឺម៉ង់ និងគណៈប្រតិភូ ឱ្យទទួលបានជោគជ័យនៅក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា និងធ្វើមាតុភូមិនិវត្តន៍ប្រកបដោយសុខសុវត្ថិភាព៕

 

adm

Leave a Reply

Your email address will not be published. Required fields are marked *