ព័ត៌មាន

ដើមឆ្នាំ២០២៤ ក្រុមហ៊ុន Vingroup របស់វៀតណាម ដាក់ឱ្យដំណើរការសេវាកម្មរថយន្តតាក់ស៊ីដើរដោយថាមពលអគ្គិសនី ២,៥០០គ្រឿង នៅភ្នំពេញ

(ហាណូយ, វៀតណាម)៖ ក្រុមហ៊ុន Vingroup របស់វៀតណាម នឹងដាក់ឱ្យដំណើរការងារសេវាកម្មរថយន្តតាក់ស៊ីដើរដោយថាមពលអគ្គិសនីប្រមាណ ២,៥០០គ្រឿងនៅកម្ពុជា ក្នុងខែមីនា ឆ្នាំ២០២៤ខាងមុខនេះ។ ក្រុមហ៊ុននឹងដាក់ឱ្យដំណើរការដំបូងក្នុងរាជធានីភ្នំពេញ បន្ទាប់មកនៅខេត្តសៀមរាប និងព្រះសីហនុ។

 

ការបញ្ជាក់នេះ ត្រូវបានធ្វើឡើងក្នុងឱកាសដែលលោក ង្វៀន វៀតក្វាង (Nguyen Viet Quang) អនុប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកក្រុមហ៊ុន Vingroup ចូលជួបសម្តែងការគួរសមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងដំណើរទស្សនកិច្ចនៅវៀតណាម កាលពីរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣។

 

លោក ង្វៀន វៀតក្វាង បានថ្លែងអំណរគុណសម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម។ លោក ក៏បានសម្តែងការអបអរសាទរជូនចំពោះ សម្តេចធិបតី ដែលត្រូវបានអង្គសន្និបាតគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា លើកទី៤៤ អាណត្តិទី៥ បោះឆ្នោតជ្រើសតាំងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា។

 

លោកអគ្គនាយកក្រុមហ៊ុន Vingroup បានជម្រាបសម្តេចធិបតី អំពីដំណើរការអាជីវកម្មរបស់ក្រុមហ៊ុន ជាពិសេសគម្រោងវិនិយោគរបស់ខ្លួននៅកម្ពុជា ក្នុងវិស័យសេវាកម្មរថយន្តតាក់ស៊ីដើរដោយថាមពលអគ្គិសនីចំនួន ២,៥០០គ្រឿង។ លោកបានបញ្ជាក់ថា សេវាកម្មនេះ នឹងដំណើរការជាផ្លូវការនៅក្នុងខែមីនា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ និងជាបន្តបន្ទាប់ទៀត នៅក្នុងខេត្តសៀមរាប និងខេត្តព្រះសីហនុ។

 

សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះការវិនិយោគរបស់ក្រុមហ៊ុន Vingroup ផ្តល់សេវាកម្មរថយន្តតាក់ស៊ីដើរដោយថាមពលអគ្គិសនីនៅកម្ពុជា ស្របពេលរាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញគោលនយោបាយក្នុងការប្រើប្រាស់នូវថាមពលស្អាត ដែលរួមចំណែកដល់កិច្ចគាំពារ និងថែរក្សាបរិស្ថាន។

 

សម្តេចធិបតី ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពវិនិយោគលើការផលិតគ្រឿងបង្គំ និងគ្រឿងបន្លាស់រថយន្តនៅកម្ពុជា សម្រាប់ការប្រើប្រាស់ក្នុងខ្សែច្រវាក់ផលិតកម្មរថយន្តនៅប្រទេសវៀតណាម ផងដែរ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *