ភ្នំពេញ៖ បើតាមរបាយការណ៍អគ្គស្នងការដ្ឋាននគរបាលជាតិបានអោយដឹងថា នៅថ្ងៃទី០១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ សភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ មានភាពល្អប្រសើរ ដែលមានប្រជាពលរដ្ឋមកចូលរួមកម្សាន្ត សប្បាយ យ៉ាងច្រើនកុះករ ប្រមាណ ១ ២០០ ០០០នាក់។
ក្នុងព្រះរាជពិធីបុណ្យអុំទូក កម្លាំងសមត្ថកិច្ចចម្រុះប្រមាណជាង ១៦,០០០នាក់ ត្រូវបានដាក់ពង្រាយតាមគោលដៅសំខាន់ៗ ដើម្បីការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣។