ពូជនេះត្រូវបានអ្នកជំនាញនៅវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) នៃក្រសួងកសិកម្ម អភិវឌ្ឍឡើងនៅក្នុងឆ្នាំ២០១៣ តាមរយៈការបង្កាត់ពូជស្រូវរំដួល ជាប្រភេទកណ្តាលដែលប្រកាន់រដូវ ជាមួយនឹងស្រឡាយស្រូវCNI 9024 ជាស្រឡាយស្រូវស្រាល និងមិនប្រកាន់រដូវ។ តាមផែនការ វិទ្យាស្ថាន CARDI គ្រោងប្រមូលផលពូជស្រូវ “ចំប៉ីស៧០” ឱ្យបាន ៦០០តោន ក្នុងឆ្នាំ២០២៤ ដើម្បីចែកបន្តនៅតាមមន្ទីរកសិកម្ម និងសហគមន៍កសិករនៅទូទាំងប្រទេស រួមទាំងក្រុមហ៊ុនឯកជនមួយចំនួន។
សមិទ្ធផលនេះ គឺជាផ្នែកមួយដ៏សំខាន់នៃក្របខណ្ឌការគិតគូររយៈពេល ៥ឆ្នាំដំបូង ក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាល នីតិកាលទី៧ ដោយការលើកស្ទួយកសិកម្ម និងការអភិវឌ្ឍជនបទ គឺជាកិច្ចការអាទិភាពទី៣ នៅក្នុងបញ្ចកោណទី៤។