ក្រសួងអប់រំយុវជន និង កីឡានៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២៣ បានបញ្ជាក់ដល់បេក្ខជនដែលនឹងត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬ ហៅរត់មាត់ថា បាក់ឌុប នៅថ្ងៃទី ០៦ ខែ វិច្ឆិកា ២០២៣ ខាងមុខពីសកម្មភាពកម្រិតថ្នាក់ទី២ ដែលត្រូវទទួលវិន័យ។
សម្រាប់ទោសវិន័យកម្រិតថ្នាក់ទី២នេះ គឺការធ្វើឱ្យខូចសណ្តាប់ធ្នាប់ របៀបរៀបរយនៃការប្រឡង និងប៉ះពាល់កិត្តិយសគណៈមេប្រយោគ។
ក្រសួងអប់រំបានបញ្ជាក់ថា “បេក្ខជនដែលបានប្រព្រឹត្តិសកម្មភាពកម្រិតថ្នាក់ទី២ នឹងត្រូវកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ និង ផ្អាកមិនឱ្យប្រឡងមួយឆ្នាំបន្ទាប់ទៀតផង”។
បើតាមការកំណត់របស់ក្រសួងអប់រំកន្លងមកចំពោះការប្រព្រឹត្តិសកម្មភាព វិន័យថ្នាក់ទី ១គឺជាការប្រព្រឹត្តសកម្មភាពមិនត្រឹមត្រូវក្នុងដំណើរការទូទៅក្នុងការប្រឡង ដូចជាការបង្កើតបណ្ដាញស្វែងរកផលកម្រៃជាដើម។ចំណែកវិន័យថ្នាក់ទី ២គឺ មានទម្ងន់ធ្ងន់ ដូចជាការធ្វើឱ្យមានការប៉ះពាល់ខ្លាំងដល់ការប្រឡង ,ការលើកទឹកចិត្តឱ្យសិស្សចម្លងគ្នា និងជាការប្រាប់ចម្លើយដល់សិស្សជាដើម។