ខុសពីអ្វីដែលគេធ្លាប់ឃើញនៅក្នុងវិស័យធានារ៉ាប់រង ដែលផ្ដល់ត្រឹមតែសេវាធានារ៉ាប់រងលើអាយុជីវិត លើអចលនវត្ថុ ដែលផ្ដល់ផលប្រយោជន៍ជាបុគ្គលដល់ក្រុមហ៊ុន បរិបថថ្មីនេះ ក្រុមហ៊ុនធានារ៉ាប់រង បានផ្ដល់ការរួមចំណែកដល់សេដ្ឋកិច្ចជាតិ តាមរយៈការជួយកសិករ។
សម្រាប់បច្ចុប្បន្ន វិស័យនេះចាប់ផ្ដើមបញ្ចូលមុខងារថ្មីៗដើម្បីបម្រើដល់ផលប្រយោជន៍សង្គមឱ្យ បានកាន់តែច្រើន។ ម្យ៉ាងដោយសារតែ កម្ពុជាជាប្រទេសកសិកម្មស្រាប់ ការជួយកសិករជារឿង ដែលចាំបាច់មួយ។
លោក យក់ ចំរើនឫទ្ធិ ប្រធានប្រតិបត្តិជាន់ខ្ពស់នៃសម្ព័ន្ធក្រុមហ៊ុនធានារ៉ាប់រង Forte បានមានប្រសាសន៍ថា នៅឆ្នាំ២០៣០ វិស័យធានារ៉ាប់រងនឹងចូលរួមបានកាន់តែច្រើននៅក្នុងការបង្កើនសេដ្ឋកិច្ចជាតិ។
បើតាមការបញ្ជាក់របស់លោក យក់ ចំរើនឫទ្ធិ រហូតមកដល់ពេលនេះ ក្រុមហ៊ុនមានការសាកល្បងសេវាកម្មចំនួន២ សម្រាប់វិស័យកសិកម្ម។ ទី១គឺការធានារ៉ាប់រងលើបម្រែបម្រួលអាកាសធាតុ ដែលមានន័យថា ប្រសិនបើកសិករមិនបានទទួលទឹកភ្លៀងគ្រប់គ្រាន់ ដែលនាំឱ្យប៉ះពាល់ដល់ដំណាំរបស់ពួកគេ ក្រុមហ៊ុននឹងផ្ដល់សំណងទៅតាមទំហំទឹកដែលពួកគេត្រូវការបូម។