អូតាវ៉ា៖ មន្ត្រីនៅភាគខាងលិចនៃរដ្ឋ ប៊្រីដធីស ខូឡុំប៊ី ប្រទេសកាណាដា នៅថ្ងៃទី១៩ ខែសីហានេះ បានអង្វរអ្នកស្រុករាប់ម៉ឺននាក់ឱ្យស្តាប់ការព្រមាន និងជម្លៀសខ្លួនចេញទៅកាន់តំបន់មានសុវត្ថិភាព ខណៈដែលភ្លើងឆេះព្រៃដ៏ខ្លាំងក្លាកំពុងគំរាមកំហែងទីតាំងនៅតាមជ្រលងភ្នំអូកាណាហ្គេន រួមទាំងទីក្រុងខេឡូណា ផងដែរ។
រដ្ឋមន្ត្រីគ្រប់គ្រងគ្រាអាសន្នរដ្ឋ ប៊្រីដធីស ខូឡុំប៊ី លោកស្រី បូវីន ម៉ា បាននិយាយថា មនុស្សប្រហែល ៣០,០០០នាក់ស្ថិតនៅក្រោមការបញ្ជាឱ្យជម្លៀសខ្លួនជាបន្ទាន់ ខណៈដែលមនុស្ស ៣៦,០០០នាក់ទៀតស្ថិតនៅក្រោមការប្រុងប្រយ័ត្ន ដើម្បីត្រៀមភៀសខ្លួន។
នាយករដ្ឋមន្ត្រីកាណាដា លោក ចាស្ទីន ទ្រូដូ បាននិយាយថា លោកបាននិយាយជាមួយអភិបាលរដ្ឋ ប៊្រីដធីស ខូឡុំប៊ី លោក ដេវីដ អ៊ីបាយ អំពីការវិវឌ្ឍន៍យ៉ាងឆាប់រហ័ស និងស្ថានភាពភ្លើងឆេះព្រៃដ៏គួរឱ្យភ្ញាក់ផ្អើល ហើយបានសន្យាថា នឹងផ្តល់ធនធានសហព័ន្ធ ក្នុងការឆ្លើយតបទៅនឹងគ្រោះមហន្តរាយដ៏អាក្រក់នេះ៕