មន្រ្តីនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថា ជំនន់ទឹកភ្លៀងបានកើតឡើងមានឡើងក្នុងខេត្តចំនួន៩ របស់ប្រទេសកម្ពុជា ដែលបានបង្កឱ្យមានការប៉ះពាល់ទៅលើប្រជាពលរដ្ឋ ហេដ្ឋារចនាសម្ព័ន្ធ ស្រូវ និងដំណាំរួមផ្សំផ្សេងៗមួយចំនួន ប៉ុន្តែមិនធ្វើឱ្យមានបញ្ហាធ្ងន់ធ្ងរនោះឡើយ។
ខេត្ត៩ ដែលរងផលប៉ះពាល់នេះ រួមមាន៖ ខេត្តកំពង់ស្ពឺ មណ្ឌលគិរី កោះកុង ព្រះវិហារ កែប កំពត ព្រះសីហនុ សៀមរាប និងខេត្តរតនគិរី ដោយសារមានភ្លៀងធ្លាក់ជាប់ៗគ្នាក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមក។
អ្នកនាំពាក្យនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក សុទ្ធ គឹមកុលមុន្នី នៅថ្ងៃទី២ ខែសីហា បានប្រាប់ឱ្យដឹងថា ៖ «សរុបផលប៉ះពាល់នៅក្នុងខេត្តទាំង ៩ នេះ មានប៉ះពាល់ជិត ២០ ក្រុងស្រុក ក្នុងនោះមានប្រជាពលរដ្ឋប៉ះពាល់ជាង ៧ ពាន់គ្រួសារ ស្មើនឹង ផ្ទះជិត ៧ ពាន់ខ្នងផ្ទះ និងដំណាំស្រូវមានជាង ១ ម៉ឺនហិកតា។ ក្នុងនោះ យើងក៏ធ្វើការជម្លៀសប្រជាពលរដ្ឋមួយចំនួនផងដែរ»។