ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន លើកឡើងថាមេដឹកនាំវៀតណាមចង់ជួបលោកនាជំនួបកំពូលG20 ខែកញ្ញា នៅឥណ្ឌា ដើម្បីជជែករឿងដំឡើងកម្រិតទំនាក់ទំនងរវាងប្រទេសទាំងពីរ។ យ៉ាងណាមិញ រដ្ឋាភិបាលវៀតណាមហាក់មានភាពប្រយ័ត្នប្រយែងចំពោះរឿងនេះ ខណៈបារម្ភធ្វើឱ្យចិនខឹង ដ្បិតថាក្រុងប៉េកាំងជាប្រទេសក្បែរខាងដ៏ធំ ហើយក៏ជាដៃគូពាណិជ្ជកម្មដ៏សំខាន់មួយដែរ។
មន្ត្រីអាមេរិកមិនបានបកស្រាយលម្អិតថាការដំឡើងកម្រិតទំនាក់ទំនងនេះមានន័យបែបណាទេ តែអ្នកជំនាញយល់ឃើញថាវាអាចរាប់បញ្ចូលកិច្ចសហប្រតិបត្តិការយោធា ជាពិសេសការផ្គត់ផ្គង់សព្វាវុធពីអាមេរិកកាន់តែខ្លាំង។
ស្ថានទូតវៀតណាមប្រចាំនៅទីក្រុងវ៉ាស៊ីនតោន មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយលើការលើកឡើងរបស់លោក Biden នោះទេ។