ខេត្តពោធិ៍សាត់ ៖ លោកឧត្តមសេនីយ៍ត្រី ឆាយ សុភ័ក្រ្ត ស្នងការរងផែនការងារធនធានមនុស្ស តំណាងខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្ត បានដឹកនាំមន្ត្រីចំណុះផែនការងារធនធានមនុស្ស នាំយកថវិកាឧបត្ថម្ភ គោលនយោបាយ (ប្រាក់សម្រាប់បូជាឬបញ្ចុះសព និងឧបត្ថម្ភប្រាក់មួយលើកដំបូង) សរុបចំនួន៨៣,២៦៧,៥០០រៀល បើកផ្តល់ជូនក្រុមគ្រួសារមន្រ្តីនគរបាលមរណ:ភាពកាលពីពេលកន្លងទៅចំនួន ០៤គ្រួសារ ៖ ១- លោកស្រី ថ្លាង សុផល ត្រូវជាភរិយាសពលោក ចាយ រតនា ២- អ្នកស្រី ញ៉ែម ម៉ូលីកា ត្រូវជាកូនសពលោក រស់ ប៊ុនណាន ៣-លោកស្រី ហ៊ឹម យ៉េន ត្រូវជាភរិយាសពលោក ឈ ឡុងសារ៉េនដេត ៤-លោកស្រី អ៊ុក គុណ ត្រូវជាប្រពន្ធសពលោក ឈន រ៉ា នារសៀល ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ។
ក្នុងឱកាសនេះដែរ លោកឧត្តមសេនីយ៍ស្នងការរង ឆាយ សុភ័ក្រ្ត បានសំណេះសំណាលជាមួយនឹងបងប្អូនក្រុមគ្រួសារសពមន្រ្តីនគរបាល និង បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម នាយ ឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលឯកឧត្តមតែងតែគិតគូរអំពីសុខទុក្ខ និងការលំបាករបស់កងកម្លាំងនគរបាលជាតិទូទាំងប្រទេសក្នុងគោលបំណងជួយបង្កលក្ខណៈ និងជួយសម្រួលដល់ជីវភាពក្រុមគ្រួសារសពមន្ត្រីនគរបាលទាំងអស់សម្រាប់ទុកធ្វើជាទុនប្រកបមុខរបររកស៊ីស្របច្បាប់ ។
លោកឧត្តមសេនីយ៍ស្នងការរង បានមានប្រសាសន៍បន្តថា ថវិកាដែលក្រុមគ្រួសារ នៃសពបានទទួលនាពេលនេះ ត្រូវយកទៅចាត់ចែងតាមសេចក្តីត្រូវការក្នុងក្រុមគ្រួសាររបស់ខ្លួនឲ្យចំគោលដៅដែលខ្លួនត្រូវការ ។ ចំពោះការបាត់បង់សពលោកទាំង៤នាក់ ដែលជាស្វាមី និងជាឪពុកដ៏ល្អ នៃក្រុមគ្រួសារសព គឺជាការសោកស្តាយ ជាទីបំផុតដែលកន្លងមកលោកទាំង៤នាក់បានចូលរួមចំណែកក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ជូនជាតិមាតុភូមិ និងប្រជាពលរដ្ឋបានល្អប្រសើរ ៕