(រដ្ឋបាលខេត្តកំពង់ធំ) ៖ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងក្រុមការងារ ទទួលពលករមកពីប្រទេសថៃប្រមាណជាង ៦០០នាក់ ដែលចេញតាមច្រកក្នុងខេត្តបាត់ដំបង ខេត្តឧត្ដរមានជ័យ ព្រំប្រទល់កម្ពុជា-ថៃ និងពលករ ដែលធ្វើចត្តាឡីស័កខេត្តបន្ទាយមានជ័យ ត្រូវបានអាជ្ញាធរខេត្ត បញ្ជូនមកកាន់ខេត្តកំពង់ធំ ដើម្បីធ្វើចត្តាឡីស័កបន្តទៀត នាល្ងាចថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ និងការរីករាលដាលមេរោគកូវីដ១៩។
ជាមួយគ្នានោះដែរឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ មានប្រសាសន៍លើកឡើងថា ពលករប្រុសស្រី ប្រមាណជាង ៦០០នាក់ ដែលមានស្រុកកំណើតនៅក្នុងខេត្តកំពង់ធំ ដែលបានវិលត្រឡប់មកស្រុកកំណើតនៅពេលនេះ គឺដើម្បីយកមកធ្វើចត្តាឡីស័កបន្តទៀត អោយបានគ្រប់ចំនួន១៤ថ្ងៃ ទើបអនុញ្ញាតិឲ្យពួកគាត់វិលត្រឡប់ទៅកាន់លំនៅដ្ឋានរៀងៗខ្លួន។
ឯកឧត្តម សុខ លូ បន្តថា ពលករទាំងអស់នេះ គឺយើងបានបែងចែកអោយទៅតាមក្រុងស្រុកនីមួយៗ មិនទុកឲ្យនៅក្នុងមណ្ឌលចត្តាឡីស័ក វិទ្យាល័យកំពង់ធំទាំងអស់ទេ គឺឲ្យពួកគាត់ទៅធ្វើចត្តាឡីស័កតាមស្រុករបស់ពួកគាត់ គឺមានន័យថា តាមមណ្ឌលចត្តាឡីស័ករបស់ស្រុកនិមួយៗ។
ទម្ទឹមនោះដែរឯកឧត្តមអភិបាលខេត្តកំពង់ធំបានអំពាវនាដល់ពលករគ្រប់រូប សូមកុំគេចវេសពីការធ្វើចត្តាឡីស័កឲ្យសោះ។ បើមិនស្រឡាញ់ខ្លួនឯងទេ សូមកុំបំផ្លាញក្ដីសុខអ្នកដទៃអោយសោះ។
ឯកឧត្តមបានបញ្ជាក់ទៀតថា បងប្អូនពលករបានមកធ្វើចត្តាឡីស័កនាពេលនេះ មានក្រុមគ្រូពេទ្យជំនាញ អាជ្ញាធរ មន្ទីរគ្រប់ស្ថាប័ន សមត្ថកិច្ចទាំង៣ គឺ កម្លាំងនគរបាលខេត្ត កម្លាំងអាវុធហត្ថខេត្ត កម្លាំងយោធា បានរង់ចាំទទួល ការពារសន្តិសុខជូនបងប្អូនពលករគ្រប់រូប និងចែកបាយ ចែកទឹកដល់ពួកគាត់ផងដែរ៕
ប្រភព៖ រដ្ឋបាលខេត្តកំពង់ធំ