រាជធានីភ្នំពេញ ៖ កំណាត់ផ្លូវមួយខ្សែនៅក្នុងភូមិព្រៃសាលា សង្កាត់កាកាប២ ខណ្ឌពោធិ៍សែន ជ័យ ត្រូវបានរថយន្តដឹកដី និងក្រឡុកស៊ីម៉ង់តិ៍ បំផ្លាញ ហើយបានកាត់ផ្តាច់ចរាចរណ៍ទាំងស្រុង ធ្វើដំណើរឆ្លងកាត់លែងរួចហើយ សូមអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ជួយអន្តរាគមន៍ ឬណែនាំដល់ម្ចាស់បុរី បំផ្លាញផ្លូវ ចាក់ថ្ម ជួលជុលឡើងវិញផង។
តាមព័ត៌មានអោយដឹងទៀតថា ផ្លូវនេះ មានប្រវែងប្រមាណជាង២០០ម៉ែត្រ មានសារៈសំខាន់ណាស់សម្រាប់រំដោះចរាចរណ៍ ពីផ្លូវបេតុង ស្របតាមផ្លូវរថភ្លើង មកផ្លូវបេតុង ស្ថិតនៅក្នុងភូមិឆ្ពោះព្រៃទា ។ បន្ទាប់ពីបុរីដ៏ធំមួយ ចាប់ផ្តើមដំណើរការនៅខាងត្បូង កំណាត់ផ្លូវនេះបានទ្រុឌ ទ្រោមដោយទ្រាំនឹងរថយន្តដឹកដី, ដឹកថ្ម និងរថយន្តក្រឡុកស៊ីម៉ង់តិ៍ រាប់រយគ្រឿងជារៀងរាល់ថ្ងៃមិនបាន ក៏រងការខូចខាតធ្ងន់ធ្ងរតែម្តង។ ទន្ទឹមនឹងនោះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ហាក់ដូចជាពុំបានយកចិត្តទុកដាក់មើលផ្លូវ ឡើយ ទុកអោយប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់យ៉ាងវេទនា។
បើតាមប្រជាពលរដ្ឋរស់នៅក្បែរខាងបានអោយដឹងទៀតថា រយៈពេលប្រមាណជាង១ខែមកហើយ ដែលកំណាត់ផ្លូវនេះ រងការខូចខាតធ្ងន់ធ្ងរ មានជង្ហុកធំៗ និងមានទឹកដកពេលភ្លៀងស្ទើរក្លាយជាកូនអូរទៅហើយ ជាហេតុធ្វើអោយប្រជាពលរដ្ឋដែលធ្វើដំណើរតាមម៉ូតូ និងរថយន្តតូចៗ ធ្វើដំណើរលែងរួច មានតែជិះវាង។ ចំណែករថយន្តធំៗមួយចំនួន ក៏បានជាប់ផុងផងដែរ ។
ជាក់ស្តែង នៅព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២នេះ រថយន្តឃ្លុបដឹកទំនិញមួយគ្រឿង បានជាប់ផុងទៅមុខលែងរួចអស់មួយព្រឹក ហើយត្រូវបានម្ចាស់ហៅរថយន្តមកអូសចេញ។
ប្រជាពលរដ្ឋក៏បានសំណូមពរ ដល់រដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជារដ្ឋបាលខណ្ឌពោធិ៍សែនជ័យ មេត្តាជួយមើលផ្លូវ ជួសជុលផង ។ បើថា វាអត់លុយ គួរជំរុញអោយម្ចាស់ បុរី ក៏មានឥទ្ធិពលជួយជួសជុលក៏បានដែរ ធ្វើយ៉ាងណាអោយកំណាត់ផ្លូវដ៏មានសារៈសំខាន់នេះចរាចរណ៍ឡើងវិញ ៕