- (ភ្នំពេញ)៖ ក្នុងថ្ងៃសែនចូលឆ្នាំចិន ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារតាមរយៈ Facebook ផ្លូវការរបស់សម្តេចជូនបងប្អូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំចិន។
ទទ្ទឹមនឹងការជូនពរឆ្នាំថ្មីនេះ សម្តេចនាយករដ្ឋមន្ត្រីក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវប្រុងយ័ត្នខ្ពស់កុំឲ្យមានគ្រោះអគ្គិភ័យកើតឡើង និងត្រូវបន្តចូលរួមទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ ដោយគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល។
ជាមួយគ្នានេះ ចំពោះការធ្វើដំណើរកម្សាន្តជិតឆ្ងាយនានា សម្តេចប្រមុខរាជរដ្ឋាភិបាលបានអំពាវនាវ សូមបើកបរគោរពច្បាប់ចរាចរណ៍ កុំបើកប្រជែងយកលឿនតែខ្លួនឯង កុំផឹកគ្រឿងស្រវឹងក្នុងពេលបើកបរ ត្រូវមានការយោគយល់គ្នា និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច។
សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុង Facebook របស់សម្តេចយ៉ាងដូច្នេះថា «ជូនពរថ្ងៃចូលឆ្នាំចិន Gong Xi Fa Cai 2021 ! ខ្ញុំ និងភរិយា សូមចូលរួមអបអរសាទរ ក្នុងថ្ងៃសែនចូលឆ្នាំចិនថ្ងៃនេះ។ សូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការចម្អិនម្ហូបអាហារ ដុតក្រដាស់សែន ធូប និងទៀន…។ ដើម្បីចៀសវាងកុំឲ្យមានអគ្គីភ័យកើតឡើង ដោយការធ្វេសប្រហែសណាមួយ ដែលធ្វើឲ្យរំខានក្នុងថ្ងៃចូលឆ្នាំ។
សូមចូលរួមទប់ស្កាត់ការពារការចម្លងជម្ងឺកូវីដ១៩ ទាំងអស់គ្នាតាមរយៈការអនុវត្តតាមការណែនាំ របស់ក្រសូងសុខាភិបាល។
ក្នុងថ្ងៃនេះ ក៏មានបងប្អូនមួយចំនួនធ្វើដំណើរទៅកាន់បណ្តាខេត្តផ្សេងៗផងដែរ។ សូមបើកបរគោរពច្បាប់ចរាចរណ៍ កុំបើកប្រជែងយកលឿនតែខ្លួនឯង កុំផឹកគ្រឿងស្រវឹងក្នុងពេលបើកបរ ត្រូវមានការយោគយល់គ្នា និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ទោះបីបើកបរជិតឬឆ្ងាយ ដើម្បីសុវត្ថិភាពក្នុងថ្ងៃចូលឆ្នាំទាំងអស់គ្នា។
ខ្ញុំ និងភរិយា សូមជូនពរបងប្អូនជនរួមជាតិជួបតែសំណាងល្អ ជោគជ័យ និងហេងហេងគ្រប់ៗគ្នាចាប់ពីក្នុងថ្ងៃចូលឆ្នាំចិន ២០២១ នេះតទៅ។ អរគុណសន្តិភាព»៕