ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម

ផ្ទះប្រជាពលរដ្ឋត្រូវអគ្គិភ័យឆេះអស់៣ខ្នងនៅក្នុងខណ្ឌច្បារអំពៅ

ភ្នំពេញ ៖ មានករណីឆ្លងចរន្តអគ្គិសនីមួយបានធ្វើឱ្យឆាបឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ សរុបអស់ផ្ទះ៣ខ្នងទាំងស្រុង  ដែលហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧ និង០៥នាទីព្រឹក ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅចំណុចផ្ទះលេខ៤៩៥ ផ្លូវលេខ៣៦៩ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

     សមត្ថកិច្ចបានឱ្យដឹងថា ម្ចាស់ផ្ទះកើតហេតុឈ្មោះ ថោង សុផល ភេទ​ប្រុស អាយុ៤៩ឆ្នាំ  មុខរបរជាជាងភ្លើង។

    បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញអណ្ដាតភ្លើងឆាបឆេះនិងមានផ្សែងហុយយ៉ាងខ្មួលខ្មាញ់ចេញផ្ទះប្រជាពលរដ្ឋអ្នករស់នៅក្បែរខាង ទើបបង្កឱ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋរត់ចេញក្រៅផ្ទះស្រែកឆោឡោឱ្យគេជួយយកទឹកមកជះពន្លត់ តែស្ថានការណ៍មិនអាចគ្រប់គ្រង់បានឡើយ រួចក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះមកដល់ទីតាំងកើតហេតុភ្លាមៗតែម្តង។ សមត្ថកិច្ចបានចុះមកដល់ រួចធ្វើការទាក់ទងទៅខាងការិយាល័យជំនាញបង្ការ និងពន្លត់អគ្គិភ័យចេញរថយន្តពន្លត់អគ្គិភ័យគ្រប់គោលដៅដើម្បីចុះមកជួយបាញ់ទឹកពន្លត់។

    មន្ត្រីការិយាល័យបង្ការនិងពន្លត់អគ្គិភ័យបានឱ្យដឹងថា ក្នុងគ្រោះអគ្គិភ័យនេះបានឆេះផ្ទះពលរដ្ឋជាប្រភេទសំណង់ ឈើប្រក់ស័ង្កសីទំហំ៤ម៉ែត្រគុណ ៦ម៉ែត្រ) ចំនួន៣ខ្នងផ្ទះ បណ្តាលឱ្យខូចខាតសម្ភារៈនិងឆេះផ្ទះអស់ចំនួន៣ខ្នង រួមទាំងសម្ភារអស់២ខ្នង និង១ខ្នងយកសម្ភារៈចេញទាន់ ហើយសំណាងល្អដែរដែលក្នុងករណីគ្រោះអគ្គិភ័យនេះមិនបណ្ដាលឱ្យមានមនុស្សរងរបួស។

    នៅក្នុងប្រតិបត្តិការជួយសង្រ្គោះនេះ សមត្ថកិច្ចជំនាញបានប្រើប្រាស់រថយន្តការិយាល័យ​បង្ការនិងពន្លត់អគ្គិភ័យ​ចំនួន​ ៥គ្រឿង ប្រេីប្រាស់ទឹកអស់៤ឡានស្មើនឹង ១៦ម៉ែត្រគូប, រថយន្តជំនួយអន្តរាគមន៍របស់ក្រសួងមហាផ្ទៃចំនួន​២គ្រឿងប្រេីប្រាស់ទឹកអស់២ឡាន ស្មើនឹង ១២ម៉ែត្រគូប, រថយន្តសាលាខណ្ឌច្បារអំពៅចំនួន​១គ្រឿង ប្រេីប្រាស់ទឹកអស់១ឡាន ស្មើនឹង៤ម៉ែត្រគូប, រថយន្តក្រុមហ៊ុន OCIC ទីក្រុងកោះពេជ្រចំនួន ៣គ្រឿង ប្រើប្រាស់អស់ចំនួន៣ឡាន ស្មើនឹង១២ម៉ែត្រគូប និងរថយន្តបុរីប៉េងហួតចំនួន៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៣ឡានស្មើនឹង១២ម៉ែត្រគូប ដោយប្រើរយៈពេល៣០នាទី ទើបបាញ់ទឹកពន្លត់ឱ្យរលត់ទៅវិញជាស្ថាពរ៕

           

adm

Leave a Reply

Your email address will not be published. Required fields are marked *