ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងស្តីពីវឌ្ឍនភាពនៃការដោះស្រាយវិវាទការងាររួមនៅក្រុមហ៊ុន ណាហ្គាវើលដ៍ ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២។
បើតាមសេចក្តីជូនដំណឹង , ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឱ្យបានជ្រាបថា ក្រសួងបានបន្ដ សម្របសម្រួលវិវាទការងាររួមនៅក្រុមហ៊ុន ណាហ្គាវើលដ៍ ស្របតាមតួនាទីដែលមានចែងក្នុងច្បាប់ជាធរមាន ក៏ដូចជាស្របតាមស្មារតី ចង់បានរបស់តំណាងភាគីកម្មករនិយោជិត ដែលចង់ជួបចរចាជាមួយក្រុមហ៊ុនផ្ទាល់។ នៅរសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ នេះ ក្រសួងបានបន្តអញ្ជើញគូភាគីវិវាទមកជួបប្រជុំដោះស្រាយ ជាលើកទី១៣ ក្រោមអធិបតីភាពរបស់ឯកឧត្តម ទេស រុក្ខាផល អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ក.ប. ដោយមានតំណាងភាគីកម្មករនិយោជិត រួមមាន លោកស្រី ឈឹម ស៊ីថរ, លោកស្រី ឈឹម សុខន, លោកសី រី សុវណ្ណឌី, លោកស្រី សុន ស្រីពេជ្រ និងលោកស្រី ហៃ សុភាព និងតំណាងភាគីនិយោជក រួមមាន លោក ហាយ វលាភ, លោកស្រី ឌី សីហា និងលោកស្រី រស់ ប៊ុនឡេង ដោយភាគីទាំងពីរបានលើកឡើងនូវមតិយោបល់ដូចខាងក្រោម៖
មតិរបស់សហជីព និងតំណាងភាគីកម្មករនិយោជិត៖ ដោយសារមូលហេតុកូវីដ-១៩ បានធូរស្រាល អ្នកដែលមានបំណងបន្តការងារមានត ១៧៥នាក់ទេ តាម ការលើកឡើងរបស់តំណាងក្រុមហ៊ុន ហើយចំនួននេះលែងជាបន្ទុកធ្ងន់ធ្ងរសម្រាប់ក្រុមហ៊ុនទៀតហើយ ដូចនេះ តំណាងកម្មករនៅតែទទូចឱ្យទទួលយកអ្នកនៅសេសសល់ដែលជាតំណាងសហជីព និងសមាជិកចូលធ្វើការវិញ ព្រោះនេះគឺជាដំណោះស្រាយពិតប្រាកដ ចំណែកកម្មករនិយោជិតដែលនៅបន្តធ្វើកូដកម្ម សុំទុកសិទ្ធិឱ្យពួកគាត់ សម្រេចធ្វើកូដកម្ម ឬចូលធ្វើការវិញ។ ភាគីសហជីព និងតំណាងភាគីកម្មករនិយោជិតនៅតែសំណូមពរ ដូចខាង ក្រោម៖
១. ស្នើឱ្យកម្មករនិយោជិត ២០០នាក់ ដែលបានបញ្ឈប់ពីការងារឱ្យចូលធ្វើការងារវិញ ដោយធ្វើការ ដោះដូរជាមួយកម្មករនិយោជិតដែលកំពុងបម្រើការងារហើយស្ម័គ្រចិត្តលាឈប់ជំនួសប្រហែល ៣០០នាក់ និង ធ្វើការខែទី១ ចំនួន៥០%, ខែទី២ ចំនួន៧០% រហូតដល់មានវេនធ្វើការពេញវិញ។
២. ស្នើក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ផ្តល់លិខិតរបស់អធិការការងារស្ដីពីការឯកភាពលើ ការបញ្ឈប់ពីការងាររួមរបស់កម្មករនិយោជិត ១ ៣២៩នាក់ ក្នុងនោះ មានថ្នាក់ដឹកនាំសហជីព ប្រតិភូបុគ្គលិក សកម្មជន និងសមាជិកសហជីព នាពេលកន្លងមក។
៣. ស្នើសុំបើកការិយាល័យសហជីពដែលស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញឡើងវិញ ដើម្បីធ្វើការទំនាក់ទំនងការងារវិញ ដោយសារម្ចាស់ផ្ទះនៅតែបន្តទាមទារប្រាក់ជួលផ្ទះ ដែលមានម៉ូតូនិងសម្ភារផ្សេងៗនៅក្នុងនោះ។
៤. ស្នើសុំទម្លាក់រាល់បទចោទទាំងអស់ដល់ថ្នាក់ដឹកនាំ និងសមាជិកដែលត្រូវបានចោទប្រកាន់។
៥. ស្នើក្រុមហ៊ុនបញ្ឈប់ការរើសអើងអ្នកធ្វើកូដកម្ម តាមរយៈការផ្អាកបង់វិភាគទាន ប.ស.ស. និងមិន ផ្តល់អត្ថប្រយោជន៍សម្រាប់ស្ត្រីសម្រាកលំហែមាតុភាព បើផ្អែកតាមគោលការណ៍មនុស្សធម៌ កូដករដែលអត់ ចំណូលរាប់ខែហើយមិនទទួលបានថវិកាពេលសម្រាលកូន និងមិនអាចប្រើសេវា ប.ស.ស. បានពេលមានជំងឺ ជារឿងមិនគួរកើតមានទេ។ នេះមិនមែនជាការអវត្តមានគ្មានច្បាប់ពីការងារទេ ប៉ុន្តែជាការអនុវត្តសិទ្ធិដែលមាន ចែងក្នុងច្បាប់ ហើយក៏មិនមានច្បាប់ស្តីពី ប.ស.ស. ដែលចែងថានិយោជកអាចផ្អាកបង់វិភាគទាន ប.ស.ស. នៅពេលដែលកម្មករនិយោជិតធ្វើកូដកម្មដូចគ្នា។
មតិរបស់តំណាងក្រុមហ៊ុន ណាហ្គាវើលដ៍៖
១. ការទាមទារកន្លងមករបស់តំណាងកម្មករនិយោជិត គឺសុំឱ្យក្រុមហ៊ុនទទួលយកបុគ្គលិកដែលបាន បញ្ឈប់ពីការងាររួមដែលនៅសេសសល់ឱ្យចូលធ្វើការវិញ ឬស្នើសុំធ្វើការដោះដូររវាងកម្មករនិយោជិតដែលបាន បញ្ឈប់ពីការងាររួម និងកម្មករដែលស្ម័គ្រចិត្តលាឈប់ពីការងារ គឺក្រុមហ៊ុនមិនអាចធ្វើទៅបានទេ។ ប៉ុន្តែក្រុមហ៊ុន ទទូចឱ្យកម្មករនិយោជិតដែលនៅសល់ប្រមាណ ១៧៥នាក់ ទៅទទួលយកកញ្ចប់បញ្ចប់កិច្ចសន្យាដោយការ ព្រមព្រៀង ដែលធ្វើបែបនេះ ពួកគាត់នឹងទទួលបានថវិកាបន្ថែម។ ទន្ទឹមនឹងនោះពួកគាត់នឹងមានឱកាសការងារ នៅកន្លែងផ្សេង។ ដោយឡែកកម្មករនិយោជិតដែលអវត្តមានដោយគ្មានច្បាប់អស់រយៈពេល ៦ខែកន្លងមក គួរត ត្រឡប់ចូលធ្វើការវិញ ដើម្បីទទួលបានចំណូលឡើងវិញ ជាជាងការបន្តធ្វើបែបនេះ។
២. ជាធម្មតា ការបង់វិភាគទានជូន ប.ស.ស. ត្រូវផ្អែកលើចំណូលជាក់ស្តែងរបស់បុគ្គលិកម្នាក់ៗ បើ បុគ្គលិកមិនបានធ្វើការ ហើយគ្មានចំណូល ក្រុមហ៊ុនមិនអាចបង់វិភាគទាន ប.ស.ស. សម្រាប់បុគ្គលិកនោះ ទេ។ ដូច្នេះ មិនមានការរើសអើងចំពោះអ្នកធ្វើកូដកម្ម ដូចការលើកឡើងនោះទេ។
បន្ទាប់ពីស្តាប់មតិយោបល់របស់ភាគីទាំងពីរ អធិការការងារបានពន្យល់អំពីគោលការណ៍ និងខ្លឹមសារនៃមាត្រា៩៥ នៃច្បាប់ស្តីពីការងារ ជូនភាគីទាំងពីរជាថ្មីម្តងទៀតផងដែរ។
ក្រោយពីការពិភាក្សាគ្នាយ៉ាងផុសផុល ភាគីទាំងពីរបានឯកភាព ដូចខាងក្រោម៖ ១. ភាគីទាំងពីរ នៅមិនទាន់ឈានដល់ចំណុចព្រមព្រៀងគ្នានៅឡើយទេ។
២. កំណត់កាលបរិច្ឆេទប្រជុំបន្ទាប់ នៅថ្ងៃពុធ ទី២២ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ១៤:៣០នាទី ដើម្បីឱ្យភាគីទាំងពីរមានឱកាសពិចារណាឡើងវិញ អំពីលទ្ធភាពនៃការសម្បទានគ្នាទៅវិញទៅមកដែលអាច ឈានទៅបញ្ចប់វិវាទនេះ។
ឆ្លៀតក្នុងឱកាសនេះ ក្រសួងសូមបញ្ជាក់ផងដែរថា បើទោះបីជាមិនទាន់មានការឯកភាពគ្នា ក៏ក្រសួងនឹង បន្តខិតខំធ្វើការសម្របសម្រួល និងកំណត់កាលបរិច្ឆេទប្រជុំបន្តបន្ទាប់ទៀត ស្របតាមតួនាទីដែលកំណត់ ដោយច្បាប់ ក៏ដូចជាការទាមទាររបស់គូភាគី។
ជាថ្មីម្តងទៀត ក្រសួងស្នើឱ្យភាគីទាំងពីរមានការយោគយល់គ្នាខ្ពស់ក្នុងការចូលរួមដោះស្រាយបញ្ចប់វិវាទ ការងារនេះ, បន្តសហការជិតស្និទ្ធជាមួយអាជ្ញាធរមានសមត្ថកិច្ច និងភាគីពាក់ព័ន្ធដោយសន្តិវិធី, និងថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ។ យោងតាមនីតិវិធីច្បាប់ ប្រសិនបើវិវាទការងារនេះមិនអាចស្វែងរកដំណោះស្រាយ បានដោយការផ្សះផ្សា នីតិវិធីបន្ទាប់គឺអាចបញ្ចូនទៅតុលាការ ដើម្បីរកដំណោះស្រាយចុងក្រោយ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី