ព័ត៌មាន

រដ្ឋមន្ត្រីទេសចរណ៍ រដ្ឋមន្ត្រីកសិកម្ម និងរដ្ឋមន្ត្រីបរិស្ថាន ជំរុញគាំទ្រឱ្យវិស័យឯកជនបង្កើនការរៀបចំ កញ្ចប់ទស្សនកិច្ចទៅកាន់តំបន់សហគមន៍

(សៀមរាប)៖ ក្រុមការងារអន្តរក្រសួងគ្រប់គ្រង និងអភិវឌ្ឍន៍សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ដែលសមាសភាពមកពីក្រសួងទេសចរណ៍ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន ព្រមទាំងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត បានជំរុញលើកទឹកចិត្ត និងគាំទ្រដល់វិស័យឯកជន ពិសេសទីភ្នាក់ងារទេសចរណ៍កម្ពុជា ត្រូវបង្កើនការរៀបចំកញ្ចប់ទស្សនកិច្ចឱ្យបានច្រើនទៅកាន់តំបន់សហគមន៍នានានៅកម្ពុជា ដើម្បីចូលរួមជួយដោះស្រាយជីវភាពប្រជាពលរដ្ឋមូលដ្ឋាន ក្នុងដំណាក់កាលវិបត្តិជំងឺកូវីដ-១៩ និងក្រោយវិបត្តិនេះ។

ការជំរុញឱ្យមានសកម្មភាពទេសចរណ៍នៅតាមសហគមន៍នេះ ត្រូវបានធ្វើឡើងក្នុងឱកាសបើកវេទិកាជាតិអេកូទេសចរណ៍លើកទី២ នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ នៅសណ្ឋាគារសុខាអង្គរ ខេត្តសៀមរាប ក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារអន្តរក្រសួងគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ក្នុងនាមតំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ព្រមទាំងលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន។

លោករដ្ឋមន្ត្រី ថោង ខុន បានលើកឡើងថា កម្ពុជាសម្បូរទៅដោយសក្តានុពលធម្មជាតិ និងអេកូទេសចរណ៍នៅទូទាំងប្រទេស រាប់ចាប់ពីតំបន់ឆ្នេរសមុទ្រដែលជាសមាជិក «ក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក» តំបន់ជួរភ្នំក្រវាញ រួមបញ្ចូលទាំងតំបន់អារ៉ែង តំបន់បឹងទន្លេសាប និងតំបន់ភូមិភាគឦសានដែលមានសត្វផ្សោតដ៏កម្រជាដើម។ ក្នុងន័យនេះ ការអភិវឌ្ឍជាសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ពិតជាបានរួមចំណែកសំខាន់ក្នុងការអភិវឌ្ឍនៅតាមមូលដ្ឋាន ជាពិសេសជំរុញការចូលរួមរបស់ប្រជាពលរដ្ឋក្នុងដំណើរការនៃការអភិវឌ្ឍប្រទេសជាតិ តាមរយៈការផ្តល់សិទ្ធិអំណាចជូនពួកគាត់ក្នុងការរៀបចំចាត់ចែង និងអភិវឌ្ឍន៍សហគមន៍របស់ខ្លួនដោយផ្ទាល់ (Local Empowerment)។

ក្នុងដំណាក់កាលវិបត្តិជំងឺកូវីដ-១៩ ចលនាទេសចរណ៍ផ្ទៃក្នុងទៅកាន់តំបន់អេកូទេសចរណ៍ សហគមន៍ទេសចរណ៍ និងតំបន់ទេសចរណ៍ផ្សងព្រេង កាន់តែមានសន្ទុះកើនឡើងខ្លាំង បង្កើតបានជាប្រាក់ចំណូលដោយផ្ទាល់ជូនប្រជាពលរដ្ឋក្នុងសហគមន៍ និងបានធ្វើឲ្យវិស័យអេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍មានភាពធន់នឹងវិបត្តិ (Resilient) រួមចំណែកទ្រទ្រង់ដល់វិស័យទេសចរណ៍ជារួម ពិសេសកាត់បន្ថយផលប៉ះពាល់នៃការធ្លាក់ចុះចំនួនភ្ញៀវទេសចរអន្តរជាតិ។ តំបន់អេកូទេសចរណ៍សំខាន់ៗ ដូចជា តំបន់ខ្នងផ្សារ ភ្នំឱរ៉ាល់ គិរីរម្យ តំបន់ជីផាត អារ៉ែង ពាមក្រសោប ស្រែអំបិល វាលធំ សំឡូត ភ្នំត្បែង សមុទ្រឈើ តំបន់រាមសារ បឹងទន្លេសាប ភ្នំគូលែន និងតំបន់អេកូទេសចរណ៍ផ្សេងទៀតជាច្រើន សុទ្ធតែទទួលបានកំណើនភ្ញៀវទេសចរផ្ទៃក្នុងគួរឲ្យកត់សម្គាល់ក្នុងដំណាក់វិបត្តិកូវីដ-១៩ ក្នុងឆ្នាំ២០២០ កន្លងមក។

ទន្ទឹមនឹងនោះ អង្គការទេសចរណ៍ពិភពលោកក៏បានចាត់ទុកថាអេកូទេសចរណ៍ និងទេសចរណ៍សហគមន៍ រួមទាំងទេសចរណ៍ជនបទផងដែរ គឺជាអនុវិស័យនៃទេសចរណ៍ពិភពលោក ដែលនៅតែមានសកម្មភាព និងដំណើរការទោះក្នុងដំណាក់កាលវិបត្តិកូវីដ-១៩ ពិសេសទ្រទ្រង់ដល់សកម្មភាពទេសចរណ៍ផ្ទៃក្នុង និងជាឧបករណ៍ដ៏មានប្រសិទ្ធភាពក្នុងការជំរុញការអភិវឌ្ឍនៅមូលដ្ឋាន ដូចបានគូសបញ្ជាក់ក្នុងខ្លឹមសារនៃទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២០ (WTD 2020)។

ស្របពេលដែលប្រជាពលរដ្ឋកម្ពុជាកំពុងសម្របខ្លួនទៅនឹងគន្លងថ្មីនៃការរស់នៅ លោករដ្ឋមន្ត្រី ថោង ខុន បានស្នើអង្គវេទិកាបន្តយកចិត្តទុកដាក់ពិភាក្សាអំពីការបញ្ចូលសកម្មភាពទេសចរណ៍ និងអេកូទេសចរណ៍ទៅក្នុងសហគមន៍ដែលមានសក្តានុពល ទោះបីស្ថិតក្រោមដែនសមត្ថកិច្ចរបស់ក្រសួង ស្ថាប័នណាក៏ដោយ ពិសេសរិះរកនូវគំរូជោគជ័យដែលមានលក្ខណៈសត្យានុម័តក្នុងការអភិវឌ្ឍសហគមន៍ ទាំងនៅថ្នាក់ជាតិ ក៏ដូចជានៅថ្នាក់មូលដ្ឋាន ស្របពេលដែលក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ពិសេសក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឯកភាពជាគោលការណ៍ និងគោលនយោបាយក្នុងការបញ្ចូលសកម្មភាពទេសចរណ៍ និងអេកូទេសចរណ៍ទៅគ្រប់សហគមន៍ដែលមានសក្តានុពល។

ខណៈដែលអេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍មានលក្ខណៈប្រទាក់ក្រឡាអន្តរវិស័យ និងអន្តរស្ថាប័ន លោករដ្ឋមន្ត្រីបានស្នើឲ្យក្រសួង-ស្ថាប័នពាក់ព័ន្ធពិភាក្សាគ្នារកដំណោះស្រាយទៅលើបញ្ហាសំខាន់ៗ ដូចជា ការស្ថាបនាផ្លូវតភ្ជាប់ទៅតំបន់សហគមន៍ ការផ្គត់ផ្គង់អគ្គិសនី ការផ្គត់ផ្គង់ទឹកស្អាត ការតភ្ជាប់ប្រព័ន្ធទូរស័ព្ទ និងប្រព័ន្ធអ៉ីនធើណេត ការគ្រប់គ្រងសំរាម ការដោះមីន និងគ្រាប់មិនទាន់ផ្ទុះ ការព្យាបាលជំងឺគ្រុនចាញ់ និងបញ្ហាផ្សេងៗរបស់សហគមន៍ ពិសេសឆ្លើយតបតាមតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋមូលដ្ឋាន។

លោករដ្ឋមន្ត្រី វេង សាខុន និងលោករដ្ឋមន្ត្រី សាយ សំអាល់ បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះការជំរុញលើកទឹកចិត្ត និងគាំទ្រដល់វិស័យឯកជន ពិសេសទីភ្នាក់ងារទេសចរណ៍កម្ពុជា បង្កើនការរៀបចំកញ្ចប់ទស្សនកិច្ចឱ្យបានច្រើនទៅកាន់តំបន់សហគមន៍នានានៅកម្ពុជា ដើម្បីចូលរួមជួយដោះស្រាយជីវភាពប្រជាពលរដ្ឋមូលដ្ឋាន ក្នុងដំណាក់កាលវិបត្តិជំងឹកូវីដ-១៩ និងដំណាក់កាលក្រោយវិបត្តិនេះ។

រដ្ឋមន្ត្រីក្រសួងជំនាញទាំងបីក៏បានស្នើឲ្យវិស័យឯកជនបង្កើនការគាំទ្រជួយដល់សហគមន៍ «ពិសេសការជំរុញការរៀបចំកញ្ចប់ទស្សនកិច្ចទៅកាន់តំបន់សហគមន៍ និងត្រូវប្រើប្រាស់សេវារបស់សហគមន៍ឲ្យបានច្រើន ដែលជាការលើកទឹកចិត្តដល់ការចូលរួមរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ឲ្យបន្តលើកកម្ពស់គុណភាពសេវាកម្មក្នុងសហគមន៍របស់ខ្លួន»

ទន្ទឹមនឹងនេះ គួរជំរុញឲ្យមានការរៀបចំនូវព្រឹត្តិការណ៍ដែលពាក់ព័ន្ធនឹងសហគមន៍ ដូចជា ពិធីបុណ្យអេកូទេសចរណ៍ និងព្រឹត្តិការណ៍កីឡាទេសចរណ៍នៅតាមតំបន់អេកូទេសចរណ៍សំខាន់ៗនៅទូទាំងប្រទេស ដែលអាចឱ្យប្រជាសហគមន៍បានទទួលផលប្រយោជន៍សេដ្ឋកិច្ច ហើយឈប់ប្រកបមុខរបរខុសច្បាប់ ឬអាជីវកម្មដែលបំផ្លាញធនធានធម្មជាតិដោយឈប់បរបាញ់សត្វ កាប់បំផ្លាញព្រៃឈើ និងងាកមកធ្វើជាមគ្គុទ្ទេសក៍នាំភ្ញៀវ លក់ដូរម្ហូបអាហារ វត្ថុអនុស្សាវរីយ៍ រត់ម៉ូតូដឹកភ្ញៀវ បើកផ្ទះស្នាក់ និងចូលរួមសកម្មភាពផ្សេងៗទៀត ដែលបម្រើដល់ការអភិវឌ្ឍអេកូទេសចរណ៍ ព្រមទាំងចូលរួមធ្វើជាអ្នកល្បាតការពារ (Rangers) សម្បត្តិដ៏មានតម្លៃទាំងនេះថែមទៀតផង ដើម្បីធានាឱ្យមានការអភិវឌ្ឍយូរអង្វែង។

ជាមួយគ្នានោះ លោករដ្ឋមន្ត្រី ថោង ខុន បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលប្រកាន់ខ្ជាប់នូវអប្បមាទខ្ពស់ក្នុងការគ្រប់គ្រង និងដោះស្រាយហានិភ័យ និងបញ្ហាប្រឈមនានា ដូចជាករណីវិបត្តិជំងឺកូវីដ-១៩ និងវិបត្តិសាកលនានា ដើម្បីជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ ពិសេសវិស័យសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ក៏ដូចជាធានាប្រសិទ្ធភាព និងសក្តិសិទ្ធិភាពក្នុងការអនុវត្តគោលនយោបាយជាតិអេកូទេសចរណ៍ (២០១៩-២០៣០) ពិសេសសម្រេចឲ្យបានតាមចក្ខុវិស័យដែលបានកំណត់ ទាំងលើទិដ្ឋភាពបរិមាណ និងគុណភាព ដោយឈរលើភាពបត់បែន និងអភិក្រមបុរេសកម្ម៕

 

adm

Leave a Reply

Your email address will not be published. Required fields are marked *