កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នៅថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០២២នេះ បានផ្តល់អំណោយមនុស្សធម៌ជូនដល់ ចាស់ឥតទីពឹង ជនមានពិការភាព ស្ត្រីមេម៉ាយមានកូនច្រេីន និងកុមារកំព្រាចំនួន ៣០៥គ្រួសារ រស់នៅក្នុងភូមិចំនួន២០ ឃុំចំនួន៤ នៃស្រុកកំពង់លែង និងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ ដេីម្បីកុំឱ្យប្រជាពលរដ្ឋពិបាកក្នុងការធ្វេីដំណេីរឆ្ងាយមកប្រមូលផ្តុំគ្នា, ពិធីសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌នេះ បានរៀបចំនៅទីតាំងចំនួន ៣កន្លែងផ្សេងគ្នា និងបានចុះដល់ខ្នងផ្ទះមួយចំនួនទៀតផង។
ក្នុងឱកាសជួបសំណេះសំណាលនោះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានសម្តែងនូវក្តីសោមនស្សរីករាយ និងពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញេីសួរសុខទុក្ខ ក្តីអាណិតស្រឡាញ់ ការគិតគូរពីសុខទុក្ខ និងជីវភាពរស់នៅប្រចាំថ្ងៃ ជាពិសេសផ្ញេីនូវក្តីនឹករលឹកចំពោះលោកយាយលោកតា បងប្អូនប្រជាពលរដ្ឋងាយរងគ្រោះទាំងអស់ ដែលរស់នៅតំបន់នេះ ព្រោះថាតំបន់នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ធ្លាប់បានអញ្ជេីញចុះមកសួរសុខទុក្ខនិងចែកអំណោយជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់កាលពីពេលកន្លងទៅ។
លោកជំទាវ បានថ្លែងថា «ថ្វីបេីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានធុរៈនិងកិច្ចការងារជាច្រេីនដែលមិនអាចអញ្ជេីញមកជួបលោកយាយលោកតា បងប្អូនប្រជាពលរដ្ឋដោយផ្ទាល់ក៏ដោយ ក៏សម្តេចតែងតែផ្តល់អនុសាសន៍ឱ្យមន្ត្រីក្រោមឱវាទចុះពិនិត្យស្ថានភាពជាក់ស្តែងពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត ដែលជាមុខសញ្ញាអាទិភាពរបស់កាកបាទក្រហមកម្ពុជា ដេីម្បីដោះស្រាយជួយសម្រាលការលំបាកជូនដល់អ្នកដែលត្រូវការឱ្យជួយជាចាំបាច់ទាំងនោះឱ្យបានទាន់ពេលវេលា ដោយមិនទុកនរណាម្នាក់ចោលឡេីយ»។
ក្នុងឱកាសនោះ លោកជំទាវ បានលេីកឡេីងថា «យុទ្ធសាស្ត្រផ្ការីកចាក់ស្រោចវ៉ាក់សាំងដេីម្បីបង្កេីនភាពស៊ាំជូនដល់ប្រជាពលរដ្ឋទូទាំងប្រទេសរបស់សម្តេចតេជោ បានធ្វេីឱ្យប្រទេសកម្ពុជាយេីងទទួលបានជោគជ័យក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលក្នុងរយៈពេល៤ថ្ងៃចុងក្រោយនេះយេីងមិនមានការឆ្លងមេរោគកូវីដ-១៩ថ្មីឡេីយ ហេីយដែលនេះជាសញ្ញាបង្ហាញឱ្យឃេីញពីឱកាសក្នុងការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ តាមរយៈការបេីកវិស័យទេសចរណ៍ និងទាក់ទាញការវិនិយោគទុនក្នុងប្រទេសជាដេីម។ បេីទោះជាយ៉ាងនេះក្តី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅតែអំពាវនាវសូមប្រជាពលរដ្ឋបន្តចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ ដោយត្រូវចូលរួមចាក់វ៉ាក់សាំងដូសទី៣ ឬដូសទី៤ ឱ្យបានគ្រប់ៗគ្នាផងដែរ។»
ជាមួយគ្នានេះ លោកជំទាវ ក៏បានគូសបញ្ជាក់ពី វិនាសកម្មនៃសង្គ្រាមដែលធ្វើឱ្យបាត់បង់អ្វីៗគ្រប់បែបយ៉ាង និងសូមថ្លែងអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានប្តេជ្ញាចិត្តក្នុងការចូលរួមពង្រឹង ថែរក្សា និងការពារសុខសន្តិភាពនៅក្នុងប្រទេសយើងដើម្បីការអភិវឌ្ឍបន្តទៅមុខទៀតផងដែរ។
ថ្លែងក្នុងឱកាសនោះដែរ លោកជំទាវអគ្គលេខាធិការរងទី១ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលបានបរិច្ចាគធនធានថវិកាប្រកបដោយទឹកចិត្តជ្រះថ្លាជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ជាពិសេសព្រះរាជូបត្ថម្ភដ៏ឧត្តុង្គឧត្តមរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ជាអម្ចាស់ជីវិតលេីត្បូង និងហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គទាំងទ្វេបានប្រោសប្រទានព្រះរាជទ្រព្យជារៀងរាល់ខែ រៀលរាល់ត្រីមាស និងក្នុងឱកាសផ្សេងៗជាបន្តបន្ទាប់ ដេីម្បីឱ្យកាកបាទក្រហមកម្ពុជា អាចចុះបំពេញប្រតិបត្តិការមនុស្សធម៌បានដូចជា ការផ្តល់ថវិកា ១លានដុល្លារអាមេរិក ជូនមន្ទីរពេទ្យគន្ធបុប្ផាជារៀងរាល់ឆ្នាំ ការសាងសង់ផ្ទះជូនប្រជាពលរដ្ឋ និងគ្រួសារអតីតយុទ្ធជន ការផ្តល់ប្រាក់កម្ចីខ្នាតតូចគ្មានការប្រាក់ដេីម្បីលេីកស្ទួយជីវភាពប្រជាពលរដ្ឋដែលរងគ្រោះថ្នាក់ដោយសារមីន ក៏ដូចជាការផ្តល់អំណោយជួយសម្រាលការលំបាកជូនប្រជាពលរដ្ឋដូចនាពេលនេះជាដេីម។
បន្ថែមពីនេះ លោកជំទាវ ក៏បានពាំនាំនូវសារអំពាវនាវពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមថែទាំសុខភាពផ្ទាល់ខ្លួនឱ្យបានល្អ ពិសាទឹកដាំឆ្អិនល្អ មានអនាម័យក្នុងការរស់នៅ និងសូមប្រុងប្រយ័ត្នចំពោះការប្រែប្រួលអាកាសធាតុ ដែលបង្កឱ្យកើនឡើងកំដៅខ្លាំង ធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់យើង ជាពិសេសសុខភាពមនុស្សចាស់ដែលងាយនឹងរងគ្រោះថ្នាក់ដោយការស្ទះសរសៃឈាមបេះដូង ហើយការប្រែប្រួលអាកាសធាតុនេះក៏បង្កឡើងជាគ្រោះធម្មជាតិ ខ្យល់ព្យុះ ខ្យល់កន្ត្រាក់ រន្ទះបាញ់ជាដើមផងដែរ។ ជាមួយគ្នានេះ សូមអំពាវដល់ស្ត្រីជាមាតា ស្ត្រីុផ្ទៃពោះទាំងអស់អញ្ជេីញទៅពិនិត្យផ្ទៃពោះឱ្យបានទៀងទាត់ យ៉ាងតិចឱ្យបាន៤ដង ដេីម្បីដឹងពីស្ថានភាពសុខភាពទាំងម្តាយនិងទារក និងទប់ស្កាត់ការចម្លងជំងឺនានាពីម្តាយទៅទារកផងដែរ។ ទន្ទឹមនឹងការអភិវឌ្ឍផ្លូវថ្នល់បានស្អាតល្អស្ទេីរគ្រប់ទីកន្លែងនោះ លោកជំទាវ ក៏បានអំពាវនាវសូមបងប្អូនប្រជាពលរដ្ឋមានស្មារតីប្រុងប្រយ័ត្ន គិតគូរពីសុវត្ថិភាពចរាចរណ៍គ្រប់ពេលវេលា ហេីយក៏សូមចូលរួមអនុវត្តភូមិឃុំមានសុវត្ថិភាព ជៀសវាងគ្រឿងញៀន គ្រឿងស្រវឹង អំពេីហិង្សា និងចេះស្រឡាញ់ សាមគ្គីគ្នា ជួយយកអាសាគ្នាទៅវិញទៅមក ដេីម្បីភាពសុខដុមរមនាក្នុងក្រុមគ្រួសារ ជាតិសាសន៍ ជំនឿសាសនា ក្រោមម្លប់នៃសន្តិភាព។
ជំនួសមុខឱ្យប្រជាពលរដ្ឋទទួលផលទាំងអស់ និងក្នុងនាមសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការសាខា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខ ចំពោះប្រជាពលរដ្ឋទាំងអស់ដោយមិនប្រកាន់វណ្ណៈ ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយអ្វីឡេីយ។
សូមបញ្ជាក់ថា អំណោយដែលកាកបាទក្រហមកម្ពុជា បានទទួលពីសប្បុរសជនក្នុងឱកាសទិវា ៨ ឧសភា ត្រូវបានផ្តល់ជូនដល់គ្រួសារនីមួយៗនូវ ៖ អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកស៊ីអ៊ីវ ១យួរ, ជែលលាងដៃ ១ដប, ឃីត (មុង ភួយ សារុង ក្រមា អាវយឺត) ១កញ្ចប់, នំប៉័ង ១ដេីម និងទឹកសុទ្ធ ១ដប។ ដោយឡែក ចំពោះចាស់ឥតទីពឹង ស្ត្រីមេម៉ាយមានកូនច្រេីន និងជនមានពិការភាព ទទួលបានថវិកាបន្ថែម ២ម៉ឺនរៀល៕