ស្វាយរៀង៖ យ៉ាងហោចណាស់មានកម្មករ កម្មការិនីរោងចក្រ១៨នាក់ បានរងរបួសធ្ងន់ និងស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្ត កាលពីវេលាម៉ោង៧៖២០នាទីយប់ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ នៅស្ថិតក្នុងភូមិត្រពាំងកំពិស ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។
បើតាមលោក ហែម សមុត អធិការនគរបាលស្រុកកំពង់រោទិ៍ បានប្រាប់ភ្នាក់ងារ សារពត៌ានឱ្យដឹងថា នៅមុនពេលកើតហេតុមានរថយន្តម៉ាក Hyundai ចំណុះ៥តោន ពណ៌ស ពាក់ស្លាកលេខស្វាយរៀង 3A-2458 ដឹកកម្មករ កម្មការិនីរោងចក្រចំនួន ៦៨នាក់ ធ្វើដំណើរពីទិសដៅពីកើតទៅលិចតាមផ្លូវជាតិលេខ៣៣៤ ដើម្បីដាក់ក្រុមកម្មករ កម្មការិនីនៅតាមផ្ទះរៀងៗខ្លួន។
លោកបានឱ្យដឹងទៀតថា លុះមកដលចំណុចកើតហេតុខាងលើរថយន្តដឹកកម្មករ កម្មការិនីរោងចក្រ បានវ៉ាជែងរថយន្តមួយគ្រឿងទៀត ក្នុងស្ថានភាពគ្រោះថ្នាក់បណ្ដាលឱ្យរថយន្តផ្អៀងធ្លាក់ចិញ្ចើមថ្នល់ខាងត្បូងបណ្តាល ឱ្យមានអ្នករបួសធ្ងន់ ស្រាលសរុប១៨នាក់ (ប្រុស១នាក់ របួសធ្ងន់ ២នាក់ស្រី) ត្រូវបានសមត្ថកិច្ចហៅរថយន្តសង្គ្រោះដឹកជញ្ជូន អ្នករងរបួសទៅកាន់មន្ទីរពេទ្យស្រុកស្វាយទាបដើម្បីសង្គ្រោះ។
លោកអធិការស្រុកបានបញ្ជាក់ថា អ្នកបើកបររថយន្តមានឈ្មោះ ម៉ឹក រតនា ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិបន្ទាយក្រាំង ឃុំបន្ទាយក្រាំង ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង មុខរបរអ្នកបើកបររថយន្តដឹកកម្មករ គ្មានរបួសក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍រួចមក អ្នកបើកបររថយន្តរត់គេចខ្លួនបាត់ ពីកន្លែងកើតហេតុ។
បច្ចុប្បន្នវត្ថុតាងរថយន្ត ត្រូវបានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលខ្សែត្រ ដើម្បីរង់ចាំម្ចាស់រថយន្តចូលខ្លួនដោះស្រាយ។ ចំណែកអ្នករបួសធ្ងន់ចំនួន ២នាក់ នៅសម្រាកព្យាបាលមន្ទីរពេទ្យបង្អែកស្រុកស្វាយទាប ហើយអ្នករងរបួសស្រាល បានវិលត្រឡប់មកផ្ទះវិញអស់ហើយ៕