រាជធានីភ្នំពេញ ៖ ក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ បានបើកសវនាការសាកសួរដេញដោលបន្តលើសំណុំរឿងក្បត់ជាតិរបស់ក្រុមទណ្ឌិត សម រង្ស៊ី និងអតីតសកម្មជនគណបក្សសង្គ្រោះជាតិដែលមានជនជាប់ចោទសរុបចំនួន៤២នាក់ ទាំងនៅក្នុងឃុំ និងនៅក្រៅឃុំ រួមទាំងកញ្ញាចាស់ម្នាក់ផងដែរជំនាញខាង«ឌឺ» ដាក់តុលាការ ។
នេះជាសវនាការលើកទី១១ ដែលបានចាប់ផ្តើមតាំងថ្ងៃទី៧ ថ្ងៃទី១៤ ថ្ងៃទី២១ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ ថ្ងៃទី៤ ខែមករា ថ្ងៃទី១៥ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ ថ្ងៃទី១០ ថ្ងៃទី១៥ ខែមីនា និងថ្ងៃទី២១ ឆ្នាំ២០២២កន្លងមកនេះយូរពេកស៊ីមិនដាច់ល្មមឱ្យកញ្ញាចាស់វស្សា «ឌឺ» មែន ។ សំណុំរឿងមានជនជាប់ចោទដែលនៅក្នុងឃុំមានចំនួនតែ៣នាក់ទេ និងនៅក្រៅឃុំ៣៩នាក់ រួមទាំងអតីតមេបក្ស និងសកម្មជនគណបក្សសង្គ្រោះជាតិដែលភៀសខ្លួនទៅនៅក្រៅប្រទេសនោះផងដែរ ។
ជនត្រូវចោទស្ថិតនៅក្នុងឃុំ៣នាក់រួមមាន៖
១-ឈ្មោះ ទុំ ប៊ុនថន ហៅសុខ ភេទប្រុស អាយុ៤៣ឆ្នាំ ។
២-ឈ្មោះ កាក់ កុម្ភារ ភេទប្រុស ។
៣-ឈ្មោះ ហេង ចាន់សុទ្ធី ភេទប្រុស ។
ចំណែកអ្នកនៅក្រៅឃុំចំនួន៣៩នាក់រួមមាន៖
១-ទណ្ឌិតសម រង្ស៊ី
២-កញ្ញា ឈ្មោះ សេង ធារី ខ្មែរមានសញ្ជាតិអាមេរិក បច្ចុប្បន្នកំពុងស្នាក់នៅក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល ។
៣-ឈ្មោះ យក់ នាង ភេទស្រី ។
៤-ឈ្មោះ ស្រី ច័ន្ចតារា ។
៥-ឈ្មោះ អ៊ូ គឹមហ៊ត ហៅឈុត សារិត ។
៦-ឈ្មោះ ហង្ស ផារី ។
៧-ឈ្មោះ នីវ ចំរើន ។
៨-ឈ្មោះ អូន ពៅ ភេទស្រី ។
៩-ឈ្មោះ ឯក ចេស្តា ។
១០-ឈ្មោះ ឈុន ប៊ុនហ៊ា ។
១១-ឈ្មោះ សុត វ៉ាន់ឌី
១២-ឈ្មោះ ហ៊ីង ទាក់ ហៅធា ។
និង២៧នាក់ទៀតមិនស្គាល់ឈ្មោះ ។
ជនជាប់ចោទទាំងនៅក្នុងឃុំ និងនៅក្រៅឃុំ៤២នាក់ ត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ធ្វើការចោទប្រកាន់ក្នុងសំណុំរឿងឧបឃាតដោយចោទពីបទក្បត់ជាតិ បទរួមគំនិតក្បត់ បទញុះញង់ឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងបទញុះញង់កុំឲ្យយោធិនស្តាប់បង្គាប់ ដែលបទល្មើសទាំងអស់នេះមានចែងក្នុងបទបញ្ញតិ មាត្រា ២០៣.មាត្រា ២០៤ និង មាត្រា ២០៥ នៃក្រមព្រហ្មទណ្ឌព្រះរាជាណាចក្រកម្ពុជា ។ សវនាការនេះជាសាធារណៈដោយមានអ្នកតាមដានតិចតួចពី ក្រុមអង្គការសង្គមស៊ីវិល ។
នាព្រឹកនេះដែរ គេបានសង្កេតឃើញស្ត្រីឈ្មោះ សាត ថា ហៅ សាត ផា មានមាឌម៉ាប់ទ្រលុកទ្រលន់ឈ្មោះ ង៉ែត ឃុន ហៅ យាយម៉ាំមី ដែលជាស្ត្រីចាស់មានស្បែកដណ្តប់ឆ្អឹងទៅហើយ និងកញ្ញាវ័យចំណាស់ចាស់វស្សាដែលល្បីសង្ស័យឆេះអ៊ីសេឈ្មោះ សេង ធារី ដើរបង្ហាញខ្លួនតាមដងផ្លូវឲ្យគេថតមុនពេលចូលបន្ទប់សវនាការព្រោះសម្តែងរាងប្លែកខុសគេ ។
កញ្ញាវ័យចំណាស់ សេង ធារី លើកនេះស្លៀកសម្លៀកបំពាក់បែបជាការឌឺដងដាក់តុលាការ ដោយព្រឹកនេះស្លៀកសំពត់ហូលផ្កាគោម ពណ៌ខ្លាញ់ក្តាម មានខ្សែក្រវាត់ចង្កេះ ពីលើអាវប៉ាក់ពណ៌សដៃខ្លី ពាក់មួកដោយយកកន្សែងក្របពីលើក្បាលត្រងោល ។ សម្លៀកបំពាក់នេះជាសម្លៀកបំពាក់អ្នកទៅវត្តកាន់ធម៌ ទៅសុំសីលទាន ឬបុណ្យប្រពៃណីខ្មែរផ្សេងៗ មិនមែនស្លៀកពាក់សម្រាប់ចូលរួមសវនាការនោះទេ ។ ដូច្នេះសម្លៀកបំពាក់បែបនេះ បានជាគេចាត់ទុកកញ្ញា សេង ធារី នៅតែមានភាព«ឌឺដង»ដាក់តុលាការដដែលនោះ ។ ប៉ុន្តែទោះជាយ៉ាងណាក្តី នៅពេលចូលបន្ទប់សវនាការ មិនត្រូវបានអនុញ្ញាតឲ្យ សេង ធារី ចូលតាមអំពើចិត្តដែលគាត់តុបតែងខ្លួននោះទេ គឺតម្រូវឲ្យដោះមួកចេញនៅតែក្បាលត្រងោលមិនទាន់ដុះសក់តែប៉ុណ្ណោះ ដែលសន្តិសុខយាមមុខសាលាដំបូងនិយាយថា «មុខមើលមិនបាន» ទេ ខ្មែរ-អាមេរិកម្នាក់នេះ…ហេ ហេ !
សវនាការបានសាកសួរដេញដោល លើជនត្រូវចោទ និងបង្ហាញភស្តុតាងពាក់ព័ន្ធបទល្មើស ដែលមិនខុសពីសវនាការ ចំនួន១០លើករួចមកហើយនោះដែរ ហើយការសួរដេញដោលបានបញ្ចប់នៅត្រឹមម៉ោង១១និង៣០ព្រឹក ទើបប្រធានក្រុមប្រឹក្សាជំនុំជម្រះប្រកាសលើកសវនាការទៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២ ខាងមុខនេះទៀត ។ ទំនងដាច់ឆ្នាំនេះទៀតបែបមិនទាន់បញ្ចប់ទេមើលទៅ ទុកពេលឱ្យកញ្ញា សេង ធារី «ឌឺ» បានយូរថែមទៀត ៕