ព័ត៌មាន ព័ត៌មានអន្តរជាតិ

ខ្លោចចិត្ត! សាច់ញាតិ​អ្នកដំណើរ ១៣២នាក់ លើ​យន្តហោះ​ធ្លាក់ យំ​ស្ទើរ​សន្លប់​នៅ​ព្រលា​ន រំពឹង​ថា អ​ភ្លូត​ហេតុ​នឹង​កើត​មាន

កាលពីរសៀលថ្ងៃទី២១ ខែមីនា យន្តហោះ Boeing 737 ដឹកមនុស្ស១៣២នាក់ របស់ក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines ដែលមានលេខហោះហើរ MU5735 បានធ្លាក់នៅតំបន់ Dang ទីក្រុង Wuzhou តំបន់ស្វយ័ត Zhuang ក្នុងខេត្ត Quang។

តាមរយៈវីដេអូកាមេរ៉ាសុវត្ថិភាព យន្តហោះ Boeing នេះបានធ្លាក់ 90 ដឺក្រេត្រង់ចុះពីលើភ្នំក្នុងរយៈពេលត្រឹមតែ ៥ វិនាទីប៉ុណ្ណោះ។ យោងតាមទិន្នន័យហោះហើរ ពុំមានព័ត៌មានណាមួយដែលថា អ្នកបើកយន្តហោះបានទាក់ទងជាមួយផ្ទៃដី មុនពេលធ្លាក់នោះទេ។ ហើយនៅល្ងាចថ្ងៃទី២១ ខែមីនា ដដែល​ក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines បានប្រកាសថា មូលហេតុនៃឧប្បត្តិហេតុនេះកំពុងស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ ហើយអាចបញ្ជាក់បានបន្ទាប់ពីរកឃើញប្រអប់ខ្មៅ។

អ្នកស្រុកជាច្រើនដែលបានឃើញឧបទ្ទវហេតុនេះ បាននិយាយថា យន្តហោះនេះត្រូវបាន «ខ្ទេចទាំងស្រុង» បន្ទាប់ពីឧបទ្ទវហេតុដ៏អាក្រក់ដែលបានដុតបំផ្លាញព្រៃឈើទាំងមូល។ បច្ចុប្បន្ន​មានសញ្ញា​តិចតួចបំផុត​នៃ​អ្នកនៅ​រស់រានមានជីវិត បើ​ទោះ​ជា​ចំនួនអ្នកស្លាប់​និងរបួសមិន​ត្រូវបានគេ​ប្រកាស។

បំណែក​នៃ​យន្តហោះ ត្រូវបានគេ​ប្រទះ​ឃើញរាយប៉ាយគ្រប់ទីកន្លែង។ សាក្សីនៅកន្លែងកើតហេតុដែលបានចូលរួមក្នុងការជួយសង្គ្រោះបាននិយាយថា ពួកគេមិនបានឃើញជនរងគ្រោះណាម្នាក់ទេ ដោយសារតែយន្តហោះ “បានបាក់ជាបំណែកៗ” បន្ទាប់ពីវាបានធ្លាក់។ ទោះបីជាយ៉ាងណាក៏ដោយ វត្ថុមួយចំនួន និងបំណែកសម្លៀកបំពាក់ដែលគេជឿថាជារបស់អ្នកដំណើរនៅលើយន្តហោះដែលជួបគ្រោះថ្នាក់នោះ ត្រូវបានរកឃើញ។

ឧបទ្ទវហេតុធ្លាក់យន្តហោះ​ដ៏សោកនាដកម្ម​កំពុងធ្វើ​ឲ្យប្រជាជនចិន និងពិភពលោក​រន្ធត់ចិត្តដោយបួងសួងដល់ជនរងគ្រោះ។ នៅអាកាសយានដ្ឋានអន្តរជាតិ Baiyun ខេត្ត Guangzhou តំបន់ពិសេសមួយត្រូវបានបង្កើតឡើង ដើម្បីទទួល និងជួយដល់គ្រួសារដែលមនុស្សជាទីស្រលាញ់មាននៅក្នុងបញ្ជីមនុស្សចំនួន ១៣២ នាក់នៅលើយន្តហោះ Boeing 737 ។

រូបភាពពីអាកាសយានដ្ឋាន​បានបង្ហាញពីទិដ្ឋភាពដ៏សោកសង្រេង ដែលក្រុមគ្រួសារសាច់ញាតិជនរងគ្រោះទាំងអស់គ្នា​ឈឺចាប់ ព្រួយបារម្ភយ៉ាងខ្លាំង​ចំពោះ​សុវត្ថិភាពមនុស្សជា​ទីស្រឡាញ់របស់ពួកគេ ដោយរំពឹងថា នឹងមានអព្ភូតហេតុកើតឡើង។

ជាមួយគ្នានោះផងដែរវីដេអូឃ្លីបមួយដែលថតបាននូវទិដ្ឋភាពបុរសវ័យកណ្តាលម្នាក់បានយំសឹងសន្លប់​នៅលើកៅអីរង់ចាំ បានទាក់ទាញការអាណិតអាសូរយ៉ាងខ្លាំងពីសាធារណជន។ គាត់បានយំ​ខណៈ​ពេលផ្តល់អេក្រង់ទូរស័ព្ទ​ទៅ​បុគ្គលិកអាកាសយានដ្ឋាន​ដើម្បីសាកសួរពីស្ថានភាព។

សូមបញ្ជាក់ថា ជើងហោះហើរ MU5735 បានចាកចេញពីអាកាសយានដ្ឋានអន្តរជាតិ Kunming Changshui ទីក្រុង Kunming ខេត្ត Yunnan ហើយគ្រោងនឹងចុះចតនៅទីក្រុង Guangzhou ខេត្ត Guangdong ។ ទោះ​ជា​យ៉ាងណា វា​មិនទាន់បានទៅ​ដល់គោលដៅផង​ក៏បានធ្លាក់ចុះ​ពីភ្នំតែម្តង​នៅ​វេលា​ម៉ោង​២ ​និង​២១​នាទី​រសៀលថ្ងៃ​ទី​២១ ខែ​មីនា៕

 

adm

Leave a Reply

Your email address will not be published. Required fields are marked *