ភ្នំពេញ ៖ បុរសជាអ្នកដើររើសអេតចាយម្នាក់បានស្លាប់នៅក្នុងបន្ទប់ទឹក បន្ទាប់ពីគាត់ហូបបាយនិងផឹកស្រាជួបជុំក្រុមគ្រួសាររួច។ ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង ១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវលំ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឱ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ជិត សារុំ អាយុ៣៤ឆ្នាំ មុខរបររើសអេតចាយ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលជាប់កន្លែងកើតហេតុ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ និងមានស្រុកកំណើតនៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
បើតាមការបញ្ជាក់ពីបុរសត្រូវជាបងថ្លៃរបស់ជនរងគ្រោះបានឱ្យដឹងថា មុនពេលកើតហេតុរូបគាត់ និងជនរងគ្រោះបានហូបបាយ និងផឹកស្រាបៀរជាមួយគ្នា អស់ពី៣ទៅ៤កំប៉ុងនៅក្នុងបន្ទប់ជួល។ ក្រោយមកបុរសរងគ្រោះក៏បានចេញពីកន្លែងផឹកស៊ី រួចឡើងទៅបន្ទប់របស់ខ្លួនវិញ ដោយបានចូលទៅក្នុងបន្ទប់ទឹកដើម្បីងូតទឹក។ លុះមួយសន្ទុះក្រោយមកប្រពន្ធចេះតែឆ្ងល់ ព្រោះឃើញបើកទឹកបង្ហូរចោល។ ដោយឆ្ងល់ខ្លាំងពេកប្រពន្ធក៏ឡើងទៅមើល រួចហៅបុរសជាប្តីតែមិនឮឆ្លើយតប ក៏បើកទ្វារមើលទៅឃើញបុរសជាប្តីបានដួលនៅក្នុងបន្ទប់ទឹក ហើយក៏ស្រែកឆោឡោហៅអ្នកជិតខាងឱ្យជួយហៅរថយន្តសាមុយដើម្បីមកជួយសង្រ្គោះ។ ពេលរថយន្តសាមុយនៃមន្ទីរពេទ្យឯកជនមួយកន្លែងបានចុះទៅដល់កន្លែងកើតហេតុហើយពិនិត្យទៅលើបុរសរងគ្រោះឃើញថាគាត់បានស្លាប់បាត់ទៅហើយ ក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឱ្យចុះមកពិនិត្យភ្លាមៗ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចបានចុះទៅដល់ធ្វើការពិនិត្យ រួចធ្វើកំណត់ហតុប្រគល់សពទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕