ព័ត៌មាន

អំណោយម៉ាសជាង២លាន និងបរិក្ខារពេទ្យរបស់កម្ពុជា ត្រូវបានដឹកជញ្ជូនចេញពីកម្ពុជា ទៅកាន់ប្រទេសនេប៉ាល់ហើយ

លោកស្រី យក់ សម្បត្ដិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងបន្ដថា «នេះជាលើកទី៤ ដែលកម្ពុជាយើង បានចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ នៅបណ្ដាប្រទេសជាមិត្ដ ដោយកាលពីពេលថ្មីៗនេះ គឺបានផ្តល់ម៉ាសចំនួនជាង២លាន និងសម្ភារពេទ្យមួយចំនួនដល់ប្រទេសឡាវ, ផ្តល់ម៉ាសចំនួនជាង២លាន និងសម្ភារពេទ្យមួយចំនួនទៀត ដល់ប្រទេសមីយ៉ាន់ម៉ា, ផ្តល់ជំនួយម៉ាស១លាន និងសម្ភារមួយចំនួនទៀត ដល់ប្រទេសទីម័រឡេស្ត និងនៅប្រទេសនេប៉ាល់ ដែលយើងបានរៀបចំរួចរាល់ដាក់ចូលយន្ដហោះនេះ ត្រៀមដឹកតាមយន្ដហោះ ដើម្បីប្រគល់ជូននៅថ្ងៃទី៤ មករាខាងមុខនេះ»។

លោកស្រី យក់ សម្បត្ដិ បានថ្លែងបន្ដថា អំណោយសប្បុរសធម៌របស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជូនរដ្ឋាភិបាលនៃប្រទេសនេប៉ាល់រួមមាន៖ ម៉ាសចំនួន២លាន, ម៉ាសក្រណាត់១០ម៉ឺន, ម៉ាស N95 ចំនួន២ម៉ឺន, វែនតាសុវត្ថិភាព ចំនួន២ម៉ឺន, សំលៀកបំពាក់សុវត្ថិភាព សម្រាប់មន្ត្រីសុខាភិបាល (ជាឈុត) ចំនួន២ម៉ឺនឈុត, ម៉ាស៊ីនវាស់កំដៅ ចំនួន៥០០, របាំងមុខចំនួន២ម៉ឺន, ឧបករណ៍ជំនួយការដកដង្ហើម សម្រាប់ប្រយោធនកម្ម ចំនួន២០, ទូរទស្សន៍តាមដានសុខភាពអ្នកជំងឺ និងសម្ភារបន្ទាប់បន្សំម៉ូឌែល Vista 120 ចំនួន២០, ម្សៅថ្នាំបាញ់សម្លាប់មេរោគ ២៥គីឡូក្រាមក្នុង១ធុង (ក្លរ៉ាមីនប្រភេទB) ៥០០កេស, ស្បែកជើងក៏វែងសុវត្ថិភាព១ពាន់គូ និងសាប៊ូលាងដៃ ២ពាន់គូ។

លោកស្រីបានគូសបញ្ជាក់ថា ដោយបច្ចុប្បន្ននេះ ប្រទេសនេប៉ាល់ កំពុងតែប្រឈមមុខខ្ពស់នូវការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ដូច្នេះសម្ភារបរិក្ខាររបស់កម្ពុជាយើង នឹងចូលរួចចំណែកក្នុងការទប់ស្កាត់បានមួយចំណែកផងដែរ។

លោកស្រីបានបន្ដថា សម្រាប់កម្ពុជា ក្រោមការគ្រប់គ្រងដោយផ្ទាល់របស់សម្ដេចតេជោ ប្រទេសយើងបានគ្រប់គ្រងបានយ៉ាងទាន់ពេលវេលា ក្នុងការទប់ការស្កាត់រីករាលដាលទ្រង់ទ្រាធំ ក៏ប៉ុន្ដែក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋយើង បន្ដគោរពឱ្យបានខ្ជាប់ខ្ជួន នូវវិធានការពារនានារបស់ក្រសួងសុខាភិបាល ខណៈដែលប្រទេសថៃ កំពុងតែមានការករណីឆ្លងថ្មីកាន់តែច្រើន។

សូមរំលឹកថា នេប៉ាល់ ជាប្រទេសទី៤ហើយ ដែលកម្ពុជាបានផ្តល់ជំនួយម៉ាស់ និងបរិក្ខារសម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។ ឆ្នាំ២០២០ រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់នូវអំណោយជាម៉ាស និងបរិក្ខារពេទ្យជូនដល់បណ្តាប្រទេសចំនួន ៣ផងដែរ។ រួមមានរដ្ឋាភិបាលឡាវ បានផ្តល់ម៉ាស់ចំនួន ២លាន និងបរិក្ខារពេទ្យមួយចំនួន, រដ្ឋាភិបាលមីយ៉ាន់ម៉ា ម៉ាសចំនួន ២លាន និងសម្ភារវេជ្ជសាស្ត្រមួយចំនួន និង រដ្ឋាភិបាលទីម័រឡេស្ត ម៉ាសចំនួន ១លាន ៥ម៉ឺន និងបរិក្ខារពេទ្យមួយចំនួន។

ជំនួយសម្ភារបរិក្ខារពេទ្យសម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដែលរាជរដ្ឋាភិបាលកម្ពុជា ផ្តល់ជូនដល់បណ្តាប្រទេសជាមិត្ត ជាការបង្ហាញឱ្យឃើញនូវកាយវិការមនុស្សធម៌របស់កម្ពុជា និងជាស្មារតីចូលរួមដ៏មុតមាំមួយរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩៕

adm

Leave a Reply

Your email address will not be published. Required fields are marked *