នៅលើផឹកហ្វេសប៊ុករបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានសរសេរថា “កាលពីថ្ងៃទី ២៨ កញ្ញា ២០១៩ នៅទីក្រុងឡុងប៊ិចលោកសមរង្ស៊ីធ្លាប់បាននិយាយមើលងាយថាសញ្ញាប័ត្ររបស់ខ្ញុំពីសាលាបណ្ឌិតសភាយោធាអាមេរិក (United States Military Academy ឬហៅកាត់ថា West Point) ជាសញ្ញាបត្រកម្រិត២ ដែលផ្ដល់ឱ្យជាកិត្តិយសម្រាប់និស្សិតនាយទាហានបរទេសដែលរៀនក្រោមស្តង់ដា។ ដើម្បីការពារនូវកិត្តិយសនិងសេចក្តីថ្លៃថ្នូរបស់ខ្ញុំ ក៏ដូចជារបស់និស្សិតនាយទាហានខ្មែរជាច្រើនរូបដែលកំពុងសិក្សានិងដែលបានបញ្ចប់ការសិក្សានៅសាលា West Point និងសាលាបណ្ឌិតសភាផ្សេងទៀតរបស់សហរដ្ឋអាមេរិក និងនៅតាមប្រទេសនានាលើសកលលោក ខ្ញុំបានទាមទាអោយលោក សម រង្ស៊ី ធ្វើការបង្ហាញនូវភស្តុតាងដើម្បីការពារនូវពាក្យសំដីក្នុងចេតនាមាក់ងាយរបស់គាត់ តាមរយៈការភ្នាល់គ្នា”។
ឯកឧត្តមបានបន្តថា÷ ជាការឆ្លើយតបនៅពេលនោះលោក សម រង្ស៊ី មិនត្រឹមតែមិនហ៊ានធ្វើការភ្នាល់នោះទេ ប៉ុន្តែបែរជាបង្វែរប្រធានបទ ហើយព្រមទាំងលើកឡើងថា “មិនចាំបាច់ទៅស្បថស្បែ ឬភ្នាល់គ្នាដូចកូនក្មេងទេ”។
អ្វីដែលខ្ញុំស្មានមិនដល់ គឺអ្នកនយោបាយចាស់វស្សាម្នាក់នេះ មិនត្រឹមតែខ្វះភាពក្លាហានដើម្បីការពារអំណះអំណាងរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែបែរជាគាត់ នៅតែបន្តវាយប្រហាខ្ញុំរឿងសញ្ញាប័ត្រ “ប្រភេទ២” ឬ “សញ្ញាប័ត្រយោគយល់” ដដែលៗ ហើយព្រមទាំងវាយប្រហារ មាក់ងាយ ទៅលើនិស្សិតខ្មែរជាច្រើននាក់ទៀតដែលរៀននៅក្រៅប្រទេស ដោយថាសាកលវិទ្យាល័យបរទេសផ្ដល់សញ្ញាបត្រក្លែងក្លាយ ឬសញ្ញាប័ត្រយោគយល់ អោយនិស្សិតទាំងនោះ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា÷ ប្រហែលជាបងប្អូននិស្សិតខ្មែរដែលធ្លាប់បានសិក្សា ឬកំពុងសិក្សានៅក្រៅប្រទេសទាំងអស់យល់ច្បាស់ហើយថា តើបងប្អូនត្រូវខិតខំប្រឹងប្រែងយ៉ាងណាខ្លះ ទម្រាំបានទទួលសញ្ញាបត្របញ្ចប់ការសិក្សាពីបណ្តាសាលានៅក្រៅប្រទេស។
ជាថ្មីម្ដងទៀតដើម្បីជាការការពារកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ខ្ញុំក្នុងនាមជានិស្សិតម្នាក់ដែលបានបញ្ចប់ការសិក្សានៅក្រៅប្រទេស (និងដើម្បីជាតំណាងអោយនិស្សិតខ្មែរទាំងអស់ដែលរៀននៅក្រៅប្រទេសដែលត្រូវលោកសម រង្សី មើលងាយ) ខ្ញុំសូមបបួលលោក សម រង្ស៊ី ធ្វើការភ្នាល់គ្នាម្ដងទៀត ហើយសង្ឃឹមថាលោក សម រង្ស៊ី នឹងមិនប្រើយុទ្ធសាស្ត្រមាន់ត្រចៀកសម្ដងទៀតទេ (មាន់ត្រចៀកស គឺវាយគេពីក្រោយខ្នង ដល់គេបកមកវាយតបវិញ រត់គេចបាត់។ ដល់ពេលគេដើរចេញ គឺវាចាប់ផ្តើមដេញវាយគេពីក្រោយខ្នងទៀត)។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបញ្ជាក់លក្ខណ្ឌនៃការភ្នាល់ថា÷
ខ្ញុំបានរៀននៅបណ្ឌិតសភាយោធាអាមេរិក (West Point) ថ្នាក់បរិញ្ញាបត្រ, នៅសាកលវិទ្យាល័យញូវយ៉ក (New York University) ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ច និង នៅសាកលវិទ្យាល័យប្រ៊ីសស្តុល (Bristol University) នៅចក្រភពអង់គ្លេស ថ្នាក់បណ្ឌិតផ្នែកសេដ្ឋកិច្ច។
បើសិនជាលោក សម រង្ស៊ី អាចអោយសាលាទាំងបីនេះបញ្ជាក់ថា ហ៊ុន ម៉ាណែត កាលនៅរៀនទីនោះគឺគ្មានសមត្ថភាព ឬរៀនក្រោមស្តង់ដារបស់សាលា ហើយសាលាបានផ្ដល់សញ្ញាបត្រឱ្យ ហ៊ុន ម៉ាណែត ដែលជាសញ្ញាបត្រប្រភេទ២ ឬសញ្ញាបត្រយោគយល់ ខ្ញុំនឹងលាលែងពីបេក្ខភាពជានាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជន។ ផ្ទុយទៅវិញបើលោក សម រង្ស៊ី មិនអាចឲ្យសាលាបញ្ជាក់ជាផ្លូវការថា សញ្ញាប័ត្រដែលសាលាទាំងនោះផ្តល់អោយ ហ៊ុន ម៉ាណែត ជាសញ្ញាបត្រប្រភេទ២ ឬសញ្ញាបត្រយោគយល់ទេនោះ សូមលោក សម រង្ស៊ី លាឈប់ពីឆាកនយោបាយចាប់ពីពេលនេះតទៅ។
ករណីលោក សម រង្ស៊ី ឯកភាព ដើម្បីអោយមានតម្លាភាពក្នុងការបញ្ជាក់នេះ យើងអាចរៀបចំក្រុមការងារចម្រុះមួយ ដែលរួមមានភាគីខាងលោក សម រង្ស៊ី និងភាគីខាងខ្ញុំ ដើម្បីទំនាក់ទំនងសុំការបំភ្លឺពីសាលាទាំងបីដែលខ្ញុំធ្លាប់រៀន។ បន្ថែមលើនេះ យើងក៏អាចអោយក្រុមការងាររបស់វិទ្យុអាស៊ីសេរី, VOA, RFI,…,។ល។ ទៅយកពត៌មានផ្ទាល់តែម្តង កុំអោយលោកបារម្ភថារាជរដ្ឋាភិបាលកម្ពុជាដាក់សម្ពាធទៅលើសាលាទាំងបីនោះមិនអោយបញ្ជាក់ការពិត។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា តើលោក សម រង្ស៊ី ហ៊ានភ្នាល់ជាមួយខ្ញុំទេ?
ខ្ញុំសង្ឃឹមថាលោក សម រង្សី នឹងមិនចេញសារដូចលើកមុន ដែលសុំមិនចាំបាច់ទៅស្បថស្បែ ឬភ្នាល់គ្នាដូចកូនក្មេង។ ព្រោះកូនក្មេងម្នាក់នេះលែងជឿអ្នកនយោបាយចាស់វស្សាដែលនិយាយបាតដៃខ្នងដៃ ឬប្រើយុទ្ធសាស្ត្រមាន់ត្រចៀកសទៀតហើយ។
ខ្ញុំសង្ឃឹមថាអ្នកនយោបាយចាស់វស្សាដូចលោក សម រង្ស៊ី ប្រាកដជាមានភាពហានក្លា ក្នុងការការពារនូវអំណះអំណាងរបស់ខ្លួន ដែលបានលើកឡើងជាសាធារណៈម្តងហើយ ម្តងទៀត ដើម្បីវាយប្រហារក្មេងជំនាន់ក្រោយដូចជារូបខ្ញុំ។
លោក សម រង្ស៊ី បានវាយប្រហារឪពុករបស់ខ្ញុំជាច្រើនទស្សវត្សហើយ ប៉ុន្តែទៅមុខមិនរួច។ ឥឡូវបែរមកវាយប្រហារលើខ្ញុំដែលជាក្មេងជំនាន់ក្រោយទៅវិញ។ បើលោកជ្រុលជាធ្វើអញ្ចឹងទៅហើយ សូមលោកបង្ហាញភាពក្លាហានផងទៅ កុំអោយក្មេងមើលស្រាលថាមនុស្សចាស់វស្សាតែគ្មានភាពហានក្លាក្នុងការទទួលខុសត្រូវចំពោះអ្វីដែលខ្លួនបាននិយាយឬធ្វើ។ ណាមួយលោកមានអាយុច្រើនជាងឪពុកខ្ញុំផង គួរកុំអោយខូចឈ្មោះ នៅចំពោះមុខក្មេងជំនាន់ក្រោយ។
ជាសីលធម៌និងគុណធម៌ក្នុងការរស់នៅ ខ្ញុំតែងតែគោរពមនុស្សចាស់ទុំ។ ប៉ុន្តែបើមនុស្សដែលមានវ័យចំណាស់ អាងតែមានអាយុច្រើនហើយ ធ្វើការងារគ្មានការទទួលខុសត្រូវ ជាពិសេសធ្វើការវាយប្រហារដោយគ្មានមូលដ្ឋានមកលើរូបខ្ញុំ នោះខ្ញុំគ្មានជម្រើសអ្វីក្រៅពីការការពារកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ខ្ញុំទេ។ សូមកុំចោទថាខ្ញុំមិនស្គាល់ចាស់ទុំ។