(ខេត្តបន្ទាយមានជ័យ) :ថ្ងៃព្រហស្បតិ៍ ៤ រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២១ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំកសាងផែនការសកម្មភាព ដើម្បីត្រៀមបង្ការទប់ស្កាត់ បទល្មើសផ្សេងៗនារដូវប្រាំងនេះ។
កិច្ចប្រជុំនេះធ្វើឡើងនៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ មានការអញ្ជើញចូលរួមពី លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ស្នងការរង លោក លោកស្រី នាយ ការិយាល័យជំនាញចំណុះទាំង ៣១រូប ។
លោកឧត្តមសេនីយ៍ទោ ស្នងការបានដាក់នូវផែនការសកម្មភាពសម្រាប់អនុវត្ត ៖
១-ប្រជុំរៀបចំកម្លាំង ការពារ សន្តិសុខ សណ្តាប់ធ្នាប់ ប្អូនៗ ប្រឡងសញ្ញបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២០-២០២១ នាថ្ងៃទី២៧-២៨ ខែធ្នូ ខាងមុខនេះ ។
២-កសាងផែនការរៀបចំ ការពារ សន្តិសុខ សណ្តាប់ ក្នុងថ្ងៃបុណ្យ ៧ មករា ឆ្នាំ ២០២២ខាងមុខ និង ក្តាប់ពីសភាពការណ៍ដែល បង្ករឱ្យមានអសន្តិសុខ សណ្តាប់ធ្នាប់ក្នុងសង្គម ។
៣-កសាងផែនការដើម្បីបង្ការ ទប់ស្កាត់ និងទ្រោលសភាពការណ៍បទល្មើសព្រហ្មទណ្ឌ ផ្សេងៗ និង អគ្គីភ័យ នារដូវប្រាំង។
៤-រៀនរៀបចំបញ្ជីស្នាម គ្រប់គ្រងអាវុធ វែង ខ្លី ដើម្បីបង្ការ ទប់ស្កាត់ ជនខិលខូច យកប្រើប្រាស់ខុសនឹងច្បាប់ ។
៥-គ្រប់គ្រង ស្ថិតិប្រជាពលរដ្ឋ និងបង្កើនល្បឿន នៃការផលិតអត្តសញ្ញាណប័ណ្ណ ដើម្បីជូនទៅបងប្អូនប្រជាពលរដ្ឋ ប្រើប្រាស់ និងបានមុនការបោះឆ្នោតខាងមុខ ។
៦-ការកសាងអង្គភាពនៅតែមានបន្តបន្ទាប់ ដើម្បី កន្លែងស្អាត បរិស្ថាន នាំមកនូវសុខភាពល្អ និងជាភាពថ្លៃថ្នូរ របស់នគរបាលជាតិ ។
៧-ពិគ្រោះយោបល់ លើកម្មវិធី ពិសារបាយសាមគ្គី ដើម្បីបង្កើតភាពស្និតស្នាលក្នុងអង្គភាព និងជាមួយថ្នាក់នាំក្នុងខេត្ត ។
៨-ត្រូវការមានសាមគ្គីភាព ឯកភាពផ្ទៃក្នុង ធ្វើអង្គភាពមានការរីកចម្រើន ។
ជាចុងបញ្ចប់ លោកឧត្ដមសេនីយ៍ទោ ស្នងការ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងគ្រប់អង្គភាពរយៈពេលកន្លងមកទទួលបានលទ្ធផលល្អប្រសើរ និងបានដាស់ តឿន ឲ្យមន្ត្រីនគរបាលទាំងអស់ត្រូវពង្រឹងសមត្ថភាពជំនាញ ការអនុវត្តន៍តួនាទី ភារកិច្ច របស់ខ្លួនឲ្យបានល្អ និយាយស្តីត្រូវមានសីលធម៌ ត្រូវមានសាមគ្គីភាពផ្ទៃក្នុង ត្រូវមានគណនេយ្យភាព និងការគោរពវិន័យ០០៦ របស់នគរបាលជាតិ ៕