ភ្នំពេញ: កាលពីវេលាម៉ោង៩នឹង៣០នាទីព្រេក ព្រឹកថ្ងៃទី៥ ខែធ្នូឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ២១៧សង្កាត់ដង្កោ ខណ្ឌដង្កោ
បុរសវ័យចំណាស់ម្នាក់ ជិះកង់ត្រូវរថយន្តដឹកដីបើកបុកពីក្រោយ និងកិនជាប់ក្រោមរថយន្ត បណ្ដាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ។
សេចក្តីរាយការណ៍ពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសវ័យចំណាស់ម្នាក់ ជិះកង់ដឹកទុយោធ្វើដំណើរតាមបណ្តោយផ្លូវ២១៧ ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ត្រង់ចំណុចកើតហេតុ ស្របពេលក៏មានរថយន្តបែនមួយគ្រឿងម៉ាក NISSAN ពណ៌ខៀវ ពាក់ស្លាកលេខ ចង្កូតស្ដាំ PP-1288 បើកបរដោយបុរសម្នាក់ធ្វើដំណើរស្របគ្នាល្បឿនលឿនម កពីក្រោយជ្រុលទៅបុកជាមួយនឹងកង់ជិះដោយជនរងគ្រោះពេញទំហឹង បណ្ដាលឲ្យជនរងគ្រោះស្លាប់ភ្លាមៗមួយរំពេច នៅនឹងកន្លែងកើតហេតុ ចំណែកកង់គៀបជាប់ក្រោមរថយន្តអូសប្រហែលជា៥០ម៉ែត្រ ទើបឈប់ អ្នកបើកបរបើកទ្វាររថយន្តចុះរត់គេចត្រូវបានបងប្អូនប្រជាពលរដ្ឋឃើញហេតុការណ៍ ចាប់បានប្រគល់ឱ្យសមត្ថកិច្ចនាំយកទៅប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ។
សពជនរងគ្រោះឈ្មោះ ម៉ៅ ទីន អាយុ៦២ឆ្នាំ មុខរបរយាមឃ្លាំង ស្នាក់នៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកន្លែងកើតហេតុ ធ្វើការទំនាក់ទំនងទៅសមត្ថកិច្ចជំនាញការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ចុះមកធ្វើការវាស់វែងយករថយន្តនិងកង់ព្រមទាំងអ្នកបើកបរយកទៅជំនាញការិយាល័យចរាចរណ៍ ដើម្បីកសាងសុំណុំរឿងចាត់ការទៅតាមនីតិវិធី ចំណែកសព្វសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕