ខេត្តមណ្ឌលគិរី ៖ កាលពីវេលាថ្ងៃត្រង់ថ្ងៃទី០៩ វិច្ឆិកាឆ្នាំ២០២១ នេះ ស្ថិតក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា បុរស ម្នាក់ ខឹងសុំលុយប្អូនទិញម៉ាស៊ីនកាត់ស្មៅអត់បាន បុរសម្នាក់នេះហ៊ានគិតខ្លីចាក់សាំងស្រោចបំណងដុតសម្លា.ប់ខ្លួន ដែលហេតុការណ៍បានបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច និងគ្រូពេទ្យជួយអន្តរាគមន៍ ។
សេចក្តីរាយការណ៍បានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះខាងលើ ឈ្មោះហម វណ្ណា អាយុ៤៣ឆ្នាំ បានប្រាប់ទៅបុរសម្នាក់ទៀតថា ខ្លួនចង់ស៊ីឈ្នួលកាត់ស្មៅឲ្យគេ ដើម្បីបានកម្រៃចិញ្ចឹមជីវិត។ បន្ទាប់ពីនិយាយរួច ជនរងគ្រោះបានត្រឡប់ទៅផ្ទះប្អូនស្រីឈ្មោះ ហម ដាវី បំណងសុំលុយទិញម៉ាស៊ីនកាត់ស្មៅ ប៉ុន្តែប្អូនប្រាប់ថា អត់មានលុយទេ ចាំប្តីមកវិញ ចាំទិញម៉ាស៊ីនកាត់ស្មៅឲ្យ។
ប្រភពបន្តថា ដោយមិនអាចសុំលុយពីប្អូនស្រីបង្កើតទិញម៉ាស៊ីនកាត់តាមចិត្តចង់បាន បន្តិចក្រោយមក បុរសរងគ្រោះខាងលើក៏ដើរទៅប្រាប់ប្អូនជីដូនមួយម្នាក់ទៀតថា
បន្តិចទៀតអញដុតផ្ទះចោលហើយ រួចក៏ដើរទៅទិញសាំងនិងត្រឡប់ចូលក្នុងផ្ទះ ក៏ចាក់សាំងដុតខ្លួនឯង បណ្តាលឲ្យឆេះខ្លោចពេញខ្លួន។
ទោះយ៉ាងណាករណីនេះ មិនបានបណ្តាលឲ្យមានអ្នករងគ្រោះផ្សេងទៀតក្រៅពីជនបង្កនោះទេ តែមានការខូចខាតសម្ភារៈមួយចំនួនប៉ុណ្ណោះ ៕