ព័ត៌មាន

រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីសម្រេចណែនាំថ្មីមួយលើកលែងកាតព្វកិច្ចបង្ហាញបណ្ណចាក់វ៉ាក់សាំង ចំពោះកុមារ និងយុវវ័យអាយុក្រោម១៨ឆ្នាំ រាល់ពេលចេញចូលសាលារៀន…!

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១នេះ បានចេញសេចក្តីណែនាំបន្ថែមថ្មីមួយ ដោយសម្រេចលើកលែកកាតព្វកិច្ច បង្ហាញបណ្ណចាក់វ៉ាក់សាំង ចំពោះកុមារ និងយុវវ័យអាយុក្រោម១៨ឆ្នាំ រាល់ពេលចេញចូលសាលារៀន។ សេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា តាមរយៈការតាមដានត្រួតពិនិត្យ និងវាយតម្លៃជាប់ជាប្រចាំ រដ្ឋបាលរាជធានីភ្នំពេញ សង្កេតឃើញថា កុមារ និងយុវវ័យមានអាយុក្រោម១៨ឆ្នាំ មិនមែនជាក្រុមហានិភ័យដែលមានការចម្លងសកម្ម ប៉ុន្តែ គឺជាក្រុមដែលងាយរងគ្រោះពីការចម្លងជំងឺកូវីដ-១៩។

ឈរលើមូលដ្ឋាននេះ រដ្ឋបាលរាជធានីភ្នំពេញ សម្រេចដាក់ចេញនូវសេចក្តីណែនាំបន្ថែមដល់ គណៈនាយក ឬ គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន សិស្ស-និស្សិត មាតាបិតា-អាណាព្យាបាល និងសាធារណជនទាំងអស់ នូវគោលការណ៍ដូចខាងក្រោម ៖

១៖ ចំពោះកុមារ និងយុវវ័យដែលមានអាយុចាប់ពី៦ឆ្នាំ ដល់ក្រោម១៨ឆ្នាំ និងកុមារដែលមានអាយុក្រោម ៦ឆ្នាំ មិនមានកាតព្វកិច្ចបង្ហាញបណ្ណចាក់វ៉ាក់សាំងនោះទេ រាល់ពេលចេញ-ចូលសិក្សានៅតាមទីតាំងគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ក៏ដូចជាបណ្ណាល័យ បណ្ណាគារ អាហារដ្ឋានតូបអាហារ និងតូបភេសជ្ជៈ ដែលមានទីតាំងស្ថិតក្នុងគ្រឹះស្ថានសិក្សានីមួយៗ។

២៖ គណៈនាយក ឬគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនទាំងអស់ ក្នុងរាជធានីភ្នំពេញ ត្រូវរៀបចំយន្តការ ដើម្បីត្រួតពិនិត្យបចាក់វ៉ាក់សាំងរបស់សាស្ត្រាចារ្យ លោកគ្រូ-អ្នកគ្រូ បុគ្គលិកអប់រំ មាតាបិតា-អាណាព្យាបាល និងភ្ញៀវដែលចេញ-ចូលមកទំនាក់ទំនងការងារផ្សេងៗ ឱ្យបានត្រឹមត្រូវមុននឹងអនុញ្ញាតឱ្យចូលក្នុងគ្រឹះស្ថានសិក្សា។ ដោយឡែក ចំពោះកុមារ និងយុវវ័យដែលមានអាយុក្រោម១៨ឆ្នាំ ក៏ត្រូវបានលើកលែងកាតព្វកិច្ច បង្ហាញបណ្ណចាក់វ៉ាក់សាំងផងដែរ រាល់ពេលចេញ-ចូល ទៅទំនាក់ទំនងសាកសួរព័ត៌មានផ្សេងៗ នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនទាំងអស់ ក្នុងរាជធានីភ្នំពេញ។

៣៖ បន្ថែមលើវិធានការត្រួតពិនិត្យបណ្ណចាក់វ៉ាក់សាំង តាមគោលការណ៍ណែនាំខាងលើនេះ គណៈនាយក ឬគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនទាំងអស់ ក្នុងរាជធានីភ្នំពេញ ត្រូវបន្តយកចិត្តទុកដាក់អនុវត្តវិធានការ សុវត្ថិភាពផ្នែកសុខាភិបាល ឱ្យបានម៉ឺងម៉ាត់ ជាអាទិ៍ កាតព្វកិច្ចពាក់ម៉ាស កាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ការធ្វើអនាម័យដើម្បីសម្លាប់មេរោគ ការវាស់កម្តៅ និងការស្កេន QR Code ។ល។

adm

Leave a Reply

Your email address will not be published. Required fields are marked *