ព័ត៌មាន

រាជរដ្ធាភិបាលសម្រេចឲ្យយានយន្តឯកជន ជ្រកក្រោមផ្លាកលេខរដ្ឋ, ខ.ម និង ន.ប មកបង់ពន្ធផ្លូវប្រចាំឆ្នាំតាមច្បាប់…

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចយល់ព្រម លើសំណើរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំណត់ឲ្យយានយន្តឯកជនជ្រកក្រោមផ្លាកលេខរដ្ឋ ផ្លាកលេខ ខ.ម និង ន.ប ដែលមានចង្កូតឆ្វេង និងពុំមានចុះបញ្ជីទ្រព្យរបស់រដ្ឋ ត្រូវបង់ពន្ធលើមធ្យោយបាយ ដឹកជញ្ជូនប្រចាំឆ្នាំ និងបង់ពន្ធនាំចូលតាមច្បាប់ជាធរមាន។ នេះបើតាមលិខិតរបស់ក្រសួងសេដ្ឋកិច្ច ដែលបណ្តាញព័ត៌មាន ទទួលបាននៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១នេះ។

លិខិតរបស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានស្នើសុំការសម្រេចរបស់សម្តេចតេជោ ហ៊ុន សែន ហើយត្រូវបានសម្តេចចារយល់ព្រម លើការស្នើទាំង៥ចំណុចរួមមាន៖

១៖ ចំពោះយានយន្តឯកជន ក្រោមផ្លាកលេខរដ្ឋ ផ្លាកលេខ ខ.ម និង ន.ប ដែលមានចង្កូតឆ្វេង និងពុំមានក្នុងបញ្ជីទ្រព្យសម្បត្តិរដ្ឋ របស់អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អនុគ្រោះតែមួយលើកចុងក្រោយ ដោយបន្តអនុញ្ញាតឲ្យបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ ឆ្នាំ២០២១ ដោយប្រើប្រាស់ថវិកាផ្ទាល់ខ្លួន តាមការដាក់ពាក្យស្នើសុំរបស់ម្ចាស់យានយន្តមួយឆ្នាំទៀតប៉ុណ្ណោះ។ ការបង់ពន្ធនេះ ពុំមែនមានន័យថា ម្ចាស់យានយន្តបានរួចផុតពី កាតព្វកិច្ចបង់ពន្ធ និងអាករនាំចូលយានយន្តតាមច្បាប់ និងបទប្បញ្ញត្តិជាធរមានឡើយ។

២៖ អគ្គនាយកដ្ឋានពន្ធដារ រៀបចំបញ្ជីលម្អិតយានយន្តឯកជនជ្រកក្រោមផ្លាកលេខរដ្ឋ លេខ ខ.ម និង ន.ប អំពីភិនភាគសម្គាល់យានយន្ត និងអំពីម្ចាស់យានយន្ត ជូនដល់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដើម្បីចាត់វិធានការបន្តខាងផ្នែកពន្ធ និងអាករនាំចូល។

៣៖ អាជ្ញាធរដែនដី និងកងកម្លាំងប្រដាប់អាវុធ ត្រូវគាំទ្រកម្លាំងរបស់គយ ក្នុងការទប់ស្កាត់ និងបង្ក្រាបការរត់ពន្ធរថយន្តចង្កូតស្តាំចូលមកកម្ពុជា។

៤៖ គ្រប់ក្រសួង និងស្ថាប័នត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់នូវច្បាប់ និងគោលនយោបាយហាមឃាត់ការនាំចូល និងប្រើប្រាស់រថយន្តចង្កូតស្តាំ (លើកលែងតែមានការ អនុញ្ញាតពីរាជរដ្ឋាភិបាល ជាលក្ខណៈពិសេសដូចជា រថយន្តអគ្គិភ័យ រថយន្តដឹកសំរាម ជាដើម) ដោយមិនត្រូវពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលក្នុងទម្រង់ណាមួយ ក្នុងការ «ទទួលស្គាល់» រថយន្តចង្កូតស្តាំ ដែលជាប្រភេទរថយន្តខុសច្បាប់។ ក្នុងករណីរកឃើញបុគ្គលដែលមានការពាក់ព័ន្ធខាងលើត្រង់ចំណុចនេះ បុគ្គលនោះត្រូវទទួលរងទោសទណ្ឌតាមច្បាប់ជាធរមាន។

៥៖ អនុញ្ញាតឲ្យបង់ពន្ធ និងអាករនាំចូលចំពោះរថយន្តចង្កូតស្តាំមានស្រាប់ក្នុងស្រុក ជាលើកចុងក្រោយ តែត្រូវកែចង្កូតពីស្តាំមកឆ្វេង ដើម្បីឲ្យស្របច្បាប់ចរាចរណ៍ផ្លូវគោករបស់កម្ពុជា។ ការអនុញ្ញាតនេះ មានឱសានវាទត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២២ ។ បន្ទាប់ពីនោះ រថយន្តចង្កូតស្តាំដែលត្រូវបង្ក្រាបបាននឹងតម្រូវឲ្យដោះបំបែកជាគ្រឿងបន្លាស់ ឬកំទេចចោល។

ក្រសួងសេដ្ឋកិច្ចបានឲ្យដឹងថា យានយន្តនាំចូលជាប្រភពចំណូលយ៉ាងសំខាន់សម្រាប់ថវិកាជាតិ។ ក្នុងឆ្នាំ២០១៩ ចំណូលពីក្រុមទំនិញនេះ ដើរតួនាទីជាងពាក់កណ្តាល (៥៣%) នៃចំណូលសរុបដែលប្រមូលបានដោយអគ្គនាយកដ្ឋានគយ, ឆ្នាំ២០២០ តួលេខនេះបានធ្លាក់ចុះមកត្រឹម ៤៣% ដោយសារទីផ្សារយានយន្ត រងផលប៉ះពាល់ដោយសារកូវីដ១៩៕

adm

Leave a Reply

Your email address will not be published. Required fields are marked *