ដូចជាយើងបានដឹងស្រាប់ហើយថា អ្វីដែលគួរឱ្យព្រួយបារម្ភជាងគេពីកូវីដ គឺប្រភេទបម្លែងថ្មី ដែលតា (Delta)។ នេះក៏ព្រោះតែវាមានសមត្ថភាពក្នុងឆ្លងរហ័ស ធ្វើឱ្យមានអត្រាស្លាប់ខ្ពស់ និង អាចឆ្លងទៅលើអ្នកដែលចាក់វ៉ាក់សាំងរួច។ ថ្ងៃនេះ អ្នកនឹងបានស្គាល់ពីមូលហេតុទាក់ទងនឹងចំណុចទាំងនេះ ដោយយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Washington Post។
១. ហេតុអ្វីបានជាវាអាក្រក់ជាប្រភេទបម្លែងខ្លួនផ្សេងៗទៀត?
វាជាប្រភេទកូវីដបម្លែងថ្មី ដែលឆ្លងលឿនបំផុត។ វាងាយឆ្លងជាងប្រភេទ Alpha ដល់ទៅ ៥៥% ហើយអាចឆ្លងលឿនទ្វេដង បើប្រៀបនឹងប្រភេទផ្សេងៗទៀត។ អង្គការសុខភាពពិភពលោករំពឹងថា កូវីដប្រភេទ Delta នឹងមានវត្តមានលើសប្រភេទផ្សេងៗទាំងអស់ ហើយនឹងក្លាយទៅជាវីរុសស៊ីដាច់គេលើប្រភេទផ្សេងៗទៀតនៅប៉ុន្មានខែខាងមុខនេះ។
២. តើអ្វីដែលធ្វើឱ្យវាអាចចម្លងបានងាយបែបនេះ?
វាមិនច្បាស់ទាំងស្រុងនោះទេ។ ប៉ុន្តែវាត្រូវបានគេសន្មត់ថា មកពីវាអាចកើតកូនចៅ (Replicate) បានលឿនខ្លាំងនៅក្នុងរាងកាយរបស់អ្នកផ្ទុក ហើយអាចចេញមកក្រៅក្នុងបរិមាណច្រើន។ ម្យ៉ាងវិញទៀត វាក៏អាចឆ្លងនៅលើបុគ្គលវ័យក្មេងៗ ដែលមានសុខភាពល្អស្រាប់ផងដែរ។ នេះគឺធ្វើឱ្យកាន់តែងាយឆ្លងទៅអ្នកផ្សេងទៀត ព្រោះមនុស្សនៅវ័យនេះចូលចិត្តដើរហើរច្រើន ហើយបើក្មេងៗវិញ គឺភាគច្រើនមិនទាន់បានចាក់វ៉ាក់សាំង។
៣. តើវាអាចចម្លងទៅលើអ្នកដែលចាក់វ៉ាក់សាំងហើយឬទេ?
វីរុសបម្លែងថ្មីនេះ ហាក់ដូចជាមានសមត្ថភាពខ្ពស់ក្នុងការចម្លងទៅអ្នកដែលបានចាក់វ៉ាក់សាំងរួច និង អ្នកដែលបានកើតកូវីដរួច។ ការព្យាបាលដោយចាក់អង់ទីករកូវីដទៅក្នុងរាងកាយអ្នកកំពុងឈឺ ក៏មិនសូវមានប្រសិទ្ធភាពសម្រាប់ប្រភេទ Delta ដែរ។ វ៉ាក់សាំងកូវីដផលិតដោយ Pfizer Inc និងដៃគូរបស់វា BioNTech SE ហាក់ដូចជាមានប្រសិទ្ធភាពជាងក្រុមហ៊ុន AstraZeneca Plc នៅក្នុងការសិក្សាមួយពីប្រទេសអង់គ្លេសដែលបានចុះផ្សាយក្នុងទស្សនាវដ្តីវេជ្ជសាស្ត្រ New England កាលពីខែកក្កដា។ ទោះបីជាចាក់ហើយ អាចនៅឆ្លងក៏ដោយ ក៏វ៉ាក់សាំងភាគច្រើនផ្តល់នូវការការពារមិនឱ្យស្លាប់ និង ឈឺធ្ងន់ធ្ងរ នៅពេលកើតជម្ងឺកូវីដដែរ៕