ក្នុងឱកាសនៃការប្រារព្ធទិវាអន្ដរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ ធ្នូ ឆ្នាំ២០២០ ដែលកម្មវិធីអ្នកស្ម័គ្រចិត្ត របស់អង្គការសហប្រជាជាតិប្រារព្ធធ្វើឡើងក្រោមប្រធានបទ«ស្ម័គ្រចិត្តរួមគ្នា យើងអាចធ្វើបាន»ក្នុងនាមកាកបាទក្រហមកម្ពុជា ដែលជាសមាជិកទី៨៥ របស់សហព័ន្ធអន្ដរជាតិនៃសមាគមកាកបាទក្រហម និងអឌ្ឍចន្ទក្រហម និងជាសមាគមជាតិមានអ្នកស្ម័គ្រចិត្តនៅក្នុងជួរគណៈកិត្តិយសសាខា-អនុសាខា គណៈកម្មាធិការសាខា-អនុសាខា មានយុវជនតាមគ្រឹះស្ថានសិក្សា និងអ្នកស្ម័គ្រចិត្តនៅជួរមុខក្នុងសហគមន៍ សារុបប្រមាណ ៥ម៉ឺននាក់ ខ្ញុំសូមចូលរួមអបអរសាទរ និងគាំទ្រយ៉ាងមោះមុត ចំពោះប្រធានបទ«ស្ម័គ្រចិត្តរួមគ្នា យើងអាចធ្វើបាន»ដែលមានគោលបំណងអំពាវនាវ និងលើកទឹកចិត្តប្រជាពលរដ្ឋទូទៅនៅលើសកលលោកចូលរួមដោយស្ម័គ្រចិត្ត ចងកម្លាំងសាមគ្គីភាព ចែករំលែកក្ដីស្រលាញ់ និងស្នាមញញឹមក្នុងកិច្ចសហការជាមួយគ្នាយ៉ាងជិតស្និទ្ធប្រមូលផ្ដុំការឆ្លើយតបជារួម និងជាសកលពីសហគមន៍ជាតិ-អន្ដរជាតិ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងដោះស្រាយបញ្ហាប្រឈមជាសកលមួយចំនួនទៀត។
ក្នុងបរិបទកូវីដ-១៩ អ្នកស្ម័គ្រចិត្តរបស់ចលនាអន្ដរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ដែលជាអ្នកមានបទពិសោធន៍ជ្រៅជ្រះក្នុងការងារគ្រោះមហន្ដរាយ គឺពុំបាននឿយណាយឡើយក្នុងការបន្ដស្ម័គ្រចិត្តចូលរួមក្នុងការប្រយុទ្ធជំងឺកូវីដ-១៩ ពោលគឺអ្នកស្ម័គ្រចិត្តបាននិងកំពុងខិតខំប្រឹងប្រែងជួយដល់សហគមន៍ងាយរងគ្រោះទាំងឡាយ ក្នុងការជម្នះឱ្យបានវិបត្តិភ័យនៃជំងឺរាតត្បាត ជាសកលដ៏កាចសាហាវមួយនេះ។ នៅគ្រប់ទីកន្លែង អ្នកស្ម័គ្រចិត្តបាននិងកំពុងបំពេញការងាររបស់ខ្លួនដោយក្ដីមេត្តា ករុណា មុទិតា ឧបេក្ខានិងប្រកបដោយក្ដីក្លាហានដើម្បីជម្នះបានរាល់ផលប៉ះពាល់ដល់ជីវិតផ្ទាល់ខ្លួនផង ដល់ក្រុមគ្រួសារផង ដល់សហគមន៍ផង។
ជាក់ស្ដែងនៅព្រះរាជាណាចក្រកម្ពុជាយើង ទន្ទឹមនឹងសេចក្ដីសម្រេចជាយុទ្ធសាស្ដ្ររបស់ រាជរដ្ឋាភិបាលរួមជាមួយវិធានការជាក់លាក់ និងម៉ឺងម៉ាត់ជាបន្ដបន្ទាប់ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ក៏ដូចជាក្នុងការឆ្លើយតបទឹកជំនន់ថ្មីៗនេះ យើងបានឃើញសន្ទុះនៃការចូលរួមដោយស្ម័គ្រចិត្ត នៅក្នុងគ្រប់ស្រទាប់នៃកងកម្លាំងរបស់រដ្ឋបាលថ្នាក់ជាតិ- ថ្នាក់ក្រោមជាតិ ប្រជាពលរដ្ឋ សប្បុរសជន វិស័យឯកជន មន្ដ្រីរាជការ ចលនាយុវជន។ល។ ចងជាកម្លាំងសាមគ្គីភាព ខ្មែរជួយខ្មែរ ខ្មែរកាន់តែរឹងមាំជួយសម្រាលបន្ទុកដ៏ធ្ងន់របស់រាជរដ្ឋាភិបាល។ ក្នុងនោះកម្លាំងស្ម័គ្រចិត្តរបស់កាកបាទក្រហមកម្ពុជា គ្រប់ស្រទាប់តាំងពីគណៈកិត្តិយសសាខា-អនុសាខា គណៈកម្មាធិការសាខា-អនុសាខា មន្ដ្រី យុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា បាននិងកំពុងធ្វើសកម្មភាពដូចភ្លៀងរលឹម ក្នុងកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋានចូលរួមអនុវត្ត វិធានការនានារបស់ក្រសួងសុខាភិបាល ជួយសម្រាលជីវភាពបង-ប្អូនប្រជាពលរដ្ឋងាយរងគ្រោះ ដោយការទទួលខុសត្រូវខ្ពស់។ ជាការពិតណាស់ ដោយសារស្មារតីសាមគ្គីភាព និងឆន្ទៈខ្ពស់ក្នុងការស្ម័គ្រចិត្តរបស់បង-ប្អូនរួមជាតិនេះហើយ ទើបព្រះរាជាណាចក្រកម្ពុជាយើងសម្រេចបានជោគជ័យក្នុងគ្រោះមហន្ដរាយទឹកជំនន់កន្លងមក និងក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ពុំមានអ្នកស្លាប់ដោយជំងឺកូវីដ-១៩ និងបញ្ចប់បានព្រឹត្តិការណ៍ ៣ វិច្ឆិកា បានដោយជោគជ័យធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា ជាប្រទេសលេខ១ នៅអាស៊ី ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩។ ជាមួយនឹងជោគជ័យនេះ ខ្ញុំសូមថ្លែងការកោតសរសើរ និងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវីរៈគ្រូពេទ្យកម្ពុជា បុគ្គលិកសុខាភិបាល ក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងឡាយដែលជាទ័ពជួរមុខដ៏សកម្មមិនខ្លាចនឿយហត់ និងគ្រោះថ្នាក់សោះឡើយដើម្បីកម្ពុជា កងកម្លាំងគ្រប់ប្រភេទ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងកម្លាំងស្ម័គ្រចិត្តទាំងអស់ រួមទាំងគណៈកិត្តិយសសាខា-អនុសាខា គណៈកម្មាធិការ សាខា-អនុសាខា យុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ចំពោះការចូលរួមយ៉ាងសកម្មដើម្បីសុខុមាលភាពសង្គម និងសុខភាពសាធារណៈ ទប់ស្កាត់បានមិនឱ្យកូវីដ-១៩ កើតមានក្នុងសហគមន៍។
ថ្វីត្បិតយើងសម្រេចបានជោគជ័យគួរជាទីមោទក តែយើងមិនត្រូវស្កប់ស្កល់នឹងជ័យជម្នះនេះឡើយ«យើងអាចភ្លេចកូវីដ-១៩ តែកូវីដ-១៩ពុំទៅណាឆ្ងាយពីយើងឡើយ»។ ពេលបច្ចុប្បន្ននេះ ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា បាននិងកំពុងតែស្រែកអំពាវនាវដោយទទូច និងអង្វរករសុំឱ្យបង-ប្អូនរួមជាតិបន្ដយកចិត្តទុកដាក់លើកកម្ពស់អនាម័យ អនុវត្តវិធានការជាបន្ដបន្ទាប់របស់ក្រសួងសុខាភិបាល ជាពិសេសរក្សាបានភាពនឹងនរ មិនតក់ស្លុត ភ័យស្លន់ស្លោ ឆោឡោរហូតបាត់បង់ម្ចាស់ការគ្រប់គ្រង ត្រូវបង្កើនការយកចិត្តទុកដាក់ កែប្រែទម្លាប់ផ្ទាល់ខ្លួន និងគ្រួសារមក«រស់នៅធម្មតា តាមបែបគន្លងថ្មី»។ អាស្រ័យហេតុនេះ ក្នុងឱកាសទិវាអន្ដរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ ធ្នូ២០២០ ក្រោមប្រធានបទ«ស្ម័គ្រចិត្តរួមគ្នា យើងអាចធ្វើបាន»ខ្ញុំសូមចូលរួមជាមួយរាជរដ្ឋាភិបាលអំពាវនាវដូចតទៅ៖
១-សូមគណៈកិត្តិយសសាខា-អនុសាខា គណៈកម្មាធិការសាខា-អនុសាខា មន្ដ្រី បុគ្គលិក យុវជន អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា បន្ដពង្រឹង ពង្រីកការអប់រំផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយថែមទៀត អំពីហានិភ័យនៃការឆ្លងជំងឺកូវីដ-១៩ ជាពិសេសវិធានការនានារបស់ក្រសួងសុខាភិបាលក្នុងការទប់ស្កាត់មិនឱ្យកើតមានក្នុងសហគមន៍
២-សូមបង-ប្អូនរួមជាតិ ដែលប៉ះពាល់ផ្ទាល់នឹងអ្នកវិជ្ជមានកូវីដ-១៩ សូមទៅធ្វើតេស្ដជាបន្ទាន់ និងស្ម័គ្រចិត្តធ្វើចត្តាឡីស័កឱ្យបានគត់មត់ និងត្រឹមត្រូវ ដើម្បីបង្ការការចម្លងទៅបង-ប្អូន ក្រុមគ្រួសារខ្លួន និងអ្នកដទៃទៀត
៣-សូមបង-ប្អូន ដែលមានពាក់ព័ន្ធដោយប្រយោល ស្ម័គ្រចិត្តក្នុងការធ្វើចត្តាឡីស័កឱ្យបាន ត្រឹមត្រូវនិងគត់មត់ បង-ប្អូនដែលខ្វះលទ្ធភាពសូមទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីទទួលការជួយឧបត្ថម្ភពីរាជរដ្ឋាភិបាល
៤-សូមបង-ប្អូនរួមជាតិទូទាំងប្រទេស រួមកម្លាំងសាមគ្គីភាពស្ម័គ្រចិត្តរួមគ្នាឈានទៅបញ្ចប់ព្រឹត្តិការណ៍ ២៨ វិច្ឆិកា និងបន្ដសកម្មភាពប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដើម្បីធានាបានលំនឹងសេដ្ឋកិច្ច សុវត្ថិភាពសង្គម និងការអភិវឌ្ឍក្នុងប្រទេសយើងក្រោមម្លប់សន្ដិភាព
តាមរយៈសារលិខិតមួយនេះ ខ្ញុំមានសង្ឃឹមយ៉ាងមុតមាំថា បង-ប្អូនគឺជាកម្លាំងចលករស្ម័គ្រចិត្តទាំងអស់ ពិតជាយល់ច្បាស់ និងបន្តផ្សព្វផ្សាយទៅកាន់សមាជិកគ្រួសារ បងប្អូន មិត្តភ័ក្តិ និងសហគមន៍ឱ្យបានកាន់តែទូលំទូលាយថែមទៀត។
ជាទីបញ្ចប់ ខ្ញុំសូមជូនពរជ័យ សិរីមង្គលមហាប្រសើរ ជូនចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ ជនរួមជាតិ អ្នកស្ម័គ្រចិត្ត យុវជន យុវនារីទាំងអស់ សូមប្រកបតែនឹងសេចក្តីសុខចម្រើន និងបន្ដរួមគ្នាស្ម័គ្រចិត្ត យើងអាចធ្វើឱ្យសហគមន៍សុខសាន្តរីកចម្រើនលើគ្រប់វិស័យ៕
****************************