ភ្នំពេញៈ លោកកុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានឲ្យដឹងនៅយប់ថ្ងៃទី២១ ខែកក្កដានេះថា ក្នុងរយៈពេល ៣សប្ដាហ៍ ខែកក្កដានេះ ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ីបានសហការជាមួយអង្គការក្នុងស្រុក សប្បុរសន ម៉ាឡេស៊ី និងភ្នាក់ងារស្ម័គ្រចិត្ត បានបន្តចុះចែកស្បៀងអាហារដល់ប្រជាជន និងពលករខ្មែរ ដែលកំពុងជួបការលំបាកខ្លាំង នៅក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ-១៩ ធ្ងន់ធ្ងរនៅតាមបណ្តាររដ្ឋមួយចំនួនជិត ១០០គ្រួសារ។
លោកកុយ គួង បានបន្តថា ការបន្តចុះចែកស្បៀងអាហារដល់ប្រជាជន និងពលករខ្មែរ ដែលកំពុងជួបការលំបាកខ្លាំងនៅក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ-១៩ ធ្ងន់ធ្ងរនៅតាមបណ្តាររដ្ឋមួយរួមមាន:
* ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ បានសហការជាមួយអង្គការ Elshaddai Center នាំយកជំនួយជាស្បៀងអាហារជូនប្រជាជនខ្មែរកំពុងជួបការលំបាក ចំនួន១០គ្រួសារ នៅ Kuala Terrenganu រដ្ឋ Terrenganu។
* ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ បានសហការជាមួយអង្គការ Makan4Migrants យកជំនួយជាស្បៀងអាហារជូនប្រជាជនខ្មែរកំពុងជួបការលំបាកចំនួន ០៤គ្រួសារ នៅ Rawang រដ្ឋ Selangor។
* ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ បានសហការជាមួយអង្គការ Youth With A Mission Malaysia យកជំនួយជាស្បៀងអាហារជូនប្រជាជនខ្មែរកំពុងជួបការលំបាក ចំនួន១០គ្រួសារ នៅ Ipoh រដ្ឋPerak។
* ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ បានសហការជាមួយក្រុមសប្បុរសជនម៉ាឡេស៊ីយកជំនួយជាស្បៀងអាហារជូនប្រជាជនខ្មែរកំពុងជួបការលំបាក ចំនួន៤៤គ្រួសារ នៅ Sungai Tiram និង Kota Tinggi រដ្ឋ Johor។
* ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ បានសហការជាមួយក្រុមសប្បុរសជនម៉ាឡេស៊ីយកជំនួយជាស្បៀងអាហារជូនប្រជាជនខ្មែរកំពុងជួបការលំបាក ចំនួន១១គ្រួសារ នៅរដ្ឋ Penang។
* ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ ស្ថានទូតបាននាំយកជំនួយជាស្បៀងអាហារជូនប្រជាជនខ្មែរកំពុងជួបការលំបាក ចំនួន១០គ្រួសារ នៅ Kampong Pandan ទីក្រុងគូឡាឡាំពួរ។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ថា ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី នឹងបន្តជួយដោះស្រាយការលំបាកទាំងនេះ ជាបន្តទៀតរហូតដល់ស្ថានភាពកូវីដ-១៩ មានការធូរស្រាលឡើងវិញ៕