សិស្សមន្ត្រីជាន់ខ្ពស់ជាង៦០នាក់ បានប្រឡងជាប់លើវិញ្ញាសាសរសេរជាលើកទី២ និងសិស្សមន្ត្រីក្រមការសរុបជាង១០០នាក់ប្រឡងជាប់ជាស្ថាពរ។ បេក្ខភាពដែលប្រឡងជាប់ ត្រូវទទួលបានការបណ្ដុះបណ្ដាលនៅសាលាភូមិន្ទរដ្ឋបាល មុននឹងទៅបំពេញការងារនៅស្ថាប័នរដ្ឋ។
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង កាលពីរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញចុះហត្ថលេខាលើប្រកាសលទ្ធផលនៃការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់ ជំនាន់ទី១៣ (វិញ្ញាសាសរសេរលើកទី២) និងសិស្សមន្ត្រីក្រមការ ជំនាន់ទី១១ ឱ្យចូលរៀននៅសាលាភូមិន្ទរដ្ឋបាល។
ជាលទ្ធផលនៃការប្រឡងសិស្សមន្ត្រីជាន់ខ្ពស់ប្រឡងជាប់វិញ្ញាសា សរសេរលើកទី២ ចំនួន៦៨នាក់ ក្នុងនោះស្រីចំនួន២៣នាក់។ បន្ទាប់មកសិស្សមន្រ្តីជាន់ខ្ពស់នឹងត្រូវប្រឡងលើវិញ្ញាសាសួរផ្ទាល់មាត់ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២០ខែធ្នូឆ្នាំ២០២៤ នៅសាលាភូមិន្ទរដ្ឋបាល រាជធានីភ្នំពេញ។ រីឯសិស្សមន្រ្តីក្រមការជាប់ជាស្ថាពរចំនួន១៨០ នាក់ ក្នុងនោះស្រី៥៤នាក់ និងបេក្ខជនជាប់បម្រុងចំនួន១២៤នាក់ ក្នុងនោះស្រីចំនួន២៩នាក់។ ក្រោយពេលប្រឡងជាប់ជាស្ថាពរសិស្សមន្ត្រីជាន់ខ្ពស់ត្រូវសិក្សានៅសាលាភូមិន្ទរដ្ឋបាលចំនួន ២ឆ្នាំ និងសិស្សមន្ត្រីក្រមការត្រូវសិក្សានៅសាលាភូមិន្ទរដ្ឋបាលរយៈពេល ១ឆ្នាំ មុនចេញទៅបំពេញការងារនៅស្ថាប័នរដ្ឋ។
គួរបញ្ជាក់ដែរថា ការប្រឡងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់ និងសិស្សមន្ត្រីក្រមកា ធ្វើឡើងដោយឈរលើគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព៕