សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានផ្តាំផ្ញើទៅកាន់មន្ត្រីស្ថាប័នពាក់ព័ន្ធ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវខិតខំបំពេញការងារនិងឆ្លើយតបឱ្យបានទាន់ពេលវេលា ចំពោះព័ត៌មាន ក្លែងក្លាយដែលមួលបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះកម្ពុជា។
ក្នុងពិធីអបអរសាទរ ខួបលើកទី១៨ ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្រោមប្រធានបទ៖ «កម្ពុជាប្រឆាំងដាច់ខាតអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងគ្រប់មធ្យោបាយក្នុងយុគសម័យឌីជីថល» នៅព្រឹកថ្ងៃ ទី១២ ខែធ្នូ នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានរម្លឹកជាថ្មីម្តងទៀត អំពីការដែលមានជនបរទេសមួយចំនួន បានបង្កើតមាតិកា ប្រឌិតធ្វើជារឿងផ្សេងៗ ដូចជាប្រឌិតរឿងចាប់ជំរិតមនុស្ស និងប្រឌិតរឿងផ្សេងៗជាច្រើន ទៀត ដើម្បីតែទទួលបានការចាប់អារម្មណ៍ និងទទួលបាននូវផលប្រយោជន៍អំពីវីដេអូរបស់ខ្លួន ។
ក្នុងន័យនេះ សម្តេចធិបតី បានណែនាំឱ្យមន្ត្រីគ្រប់ស្ថាប័នទាំងអស់ត្រូវខិតខំរួមគ្នាធ្វើការ និងឆ្លើយតបទៅ នឹងព័ត៌មានមិនពិតឱ្យបានទាន់ពេលវេលា ដើម្បីរក្សាកិត្តិយសកម្ពុជា ។
ការប្រារព្ធ «ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស»នេះ មានគោលបំណងបង្ហាញពីឆន្ទៈមោះមុត របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រ ដែលនៅតែបន្តឥតឈប់ឈរ ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ្រប់ទម្រង់ តាមគ្រប់មធ្យោបាយ និងផ្សព្វផ្សាយដល់សាធារណជន អង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ វិស័យឯកជន មន្រ្តីរាជការគ្រប់ឋានានុក្រម នៅគ្រប់ក្រសួង-ស្ថាប័ន កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រមទាំង បុព្វជិតគ្រប់និកាយសាសនា ប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជាឱ្យមានការយល់ដឹង ដើម្បីសហការចូលរួមបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសថ្មីៗ លើគ្រប់រូបភាពដែលពាក់ព័ន្ធទៅនឹងអំពើជួញដូរមនុស្សនៅកម្ពុជា ៕