ព័ត៌មាន

ទំហំនៃការវិនិយោគក្នុងវិស័យសុខាភិបាលអាចច្រើន តែផលដែលទទួលបានពីការវិនិយោគ គឺមានទំហំមហាសាលសម្រាប់សុខុមាលភាពប្រជាជន ហើយរាជរដ្ឋាភិបាលចាត់ទុកមូលធនមនុស្សជាទ្រព្យសកម្មដ៏ធំ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធី “បញ្ចុះបឋមសីលាបើកការដ្ឋានសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នៅទីតាំងទី៣ នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល” ថា ទំហំនៃការវិនិយោគនៃការសាងសង់មន្ទីរពេទ្យ និងសាកលវិទ្យាល័យពេលនេះអាចមានទំហំថវិកាច្រើន តែរាជរដ្ឋាភិបាលបានតម្កល់ផលប្រយោជន៍ដែលទទួលពីការវិនិយោគនេះ មានទំហំមហាសាលសម្រាប់បម្រើដល់សុខមាលភាពប្រជាជន ជាពិសេសរាជរដ្ឋាភិបាលបានចាត់ទុកមូលធនមនុស្ស គឺជាទ្រព្យសកម្មដ៏ធំរបស់សង្គមជាតិ។

 

សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ផងដែរថា គោលដៅរបស់រាជរដ្ឋាភិបាលគ្រប់អាណត្តិ ចាប់ពីថ្ងៃរំដោះ ៧ មករា ១៩៧៩ រហូតបច្ចុប្បន្ន គឺបង្កើតទ្រព្យសកម្ម ជាជាងបន្ទុក ដោយឈរលើកត្តា ៣៖ ១/ ពង្រឹងវិស័យសុខាភិបាល ដោយផ្តោតលើការពង្រឹងសមត្ថភាពផ្តល់សេវានៅមណ្ឌលសុខភាព និងមន្ទីរពេទ្យ, ២/ អភិវឌ្ឍសមត្ថភាពស្ថាប័នសុខាភិបាលគ្រប់លំដាប់ថ្នាក់ នៅក្នុងការគ្រប់គ្រងធនធានមនុស្ស និងហិរញ្ញវត្ថុ, ការងារនិយ័តកម្ម, ការឆ្លើយតបនឹងការគំរាមកំហែងសុខភាពសាធារណៈ និងគ្រោះអាសន្នសុខភាព ព្រមទាំងការលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចដំណើរការមុខងារស្ថាប័ន និង៣/ កសាងភាពជាដៃគូរឹងមាំរវាងវិស័យសុខាភិបាលសាធារណៈ និងឯកជនដើម្បីធានាឱ្យប្រជាជនទទួលបានសេវាថែទាំសុខភាពមានគុណភាព, សុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់។

 

ជាមួយគ្នានេះ, សម្តេចបវរធិបតីនាយករដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ថា ត្រូវរក្សាគោលការណ៍បច្ចេកទេស ឈរលើគុណភាព, សុខភាព និងការទទួលខុសត្រូវ។ ក្នុងន័យនេះ ត្រូវមានស្វ័យត្រួតពិនិត្យ ដោយខ្លួនឯង ហើយរាជរដ្ឋាភិបាលនឹងលើកទឹកចិត្ត។ ផ្ទុយទៅវិញ, ក្នុងករណីរកឃើញថាមានបញ្ហា ដែលនឹងនាំឱ្យប៉ះពាល់ដល់សុខភាពសាធារណៈ, រាជរដ្ឋាភិបាលត្រូវតែអនុវត្តច្បាប់ ដែលក្នុងនោះ រាប់ទាំងការបិទអាជីវកម្មផងដែរ។

 

ជាមួយគ្នានេះ, សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានលើកបន្ថែមអំពីកត្តាធំៗដែលត្រូវយកចិត្តទុកដាក់ក្នុងការពង្រឹងវិស័យសុខាភិបាល និងលើកកម្ពស់គុណភាព និងសុខភាព៖ ១/ ពង្រឹងហេរដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត, ២/ បំពាក់ឧបករណ៍ សម្ភារឱ្យកាន់តែទំនើប, ៣/ ថ្នាំសង្កូវ និង៤/ មនុស្សទាំងបរិមាណ និងគុណភាព។ ក្នុងរយៈពេលជាង ១ឆ្នាំនៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា, យើងបានសម្ពោធនូវសមិទ្ធផលជាច្រើន ហើយបន្តកសាងបន្ថែម, ទំនើបកម្មសម្ភារ, បង្កើនក្រុមសីលធម៌ និងវិជ្ជាជីវៈ, ពង្រឹងភាពជាដៃគូ និងជំរុញការពង្រីកសេវា និងពង្រឹងគុណភាពសេវាជូនប្រជាពលរដ្ឋ។

 

មុននឹងបញ្ចប់, សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានដាក់ចេញអនុសាសន៍ដល់ក្រសួងសុខាភិបាល, សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល, គ្រឹះស្ថានបណ្តុះបណ្តាលវិទ្យាសាស្ត្រសុខាភិបាលទាំងរដ្ឋ និងឯកជនដូចជា៖ ១/ ត្រូវបន្តធ្វើការកែទម្រង់ប្រព័ន្ធសិក្សាឱ្យកាន់តែល្អប្រសើរ តាមរយៈការបន្តអភិវឌ្ឍ និងធ្វើបច្ចុប្បន្នភាពកម្មវិធីសិក្សាដោយឈរលើសមត្ថភាពស្នូលជាគោល, ២/ ត្រូវបន្តពង្រឹងកម្មវិធីសិក្សា និងបំផុសឱ្យនិស្សិត និងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលឱ្យអភិវឌ្ឍចំណេះដឹងជាប់ជាប្រចាំ, ៣/ ត្រូវបន្តពង្រឹងការអនុវត្តយន្តការតាមដាន និងការកែលម្អគុណភាពសេវានៅមូលដ្ឋាន សុខាភិបាលគ្រប់កម្រិត រួមទាំងការតាមដាននិន្នាការនៃការពេញចិត្តចំពោះសេវាសុខាភិបាលរបស់អ្នកជំងឺ ឬអតិថិជន, ៤/ ត្រូវបន្តដើរតួនាទីនាំមុខ ជាមគ្គុទ្ទេសក៍ ជាទីប្រឹក្សា, ជាអ្នកស្រាវជ្រាវ និងជាអ្នកបណ្តុះនូវនវានុវត្តន៍ដែលត្រូវខិតខំអភិវឌ្ឍសមត្ថភាពជាប់ជាប្រចាំទាំងចំណេះដឹង, វិធីសាស្ត្របង្រៀន និងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន, ៥/ គណៈវិជ្ជាជីវៈសុខាភិបាលទាំងអស់ ត្រូវយកចិត្ត ទុកដាក់បន្ថែមទៀតលើការពង្រឹងការអនុវត្តច្បាប់ ពិសេសច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវ:ក្នុងវិស័យសុខាភិបាល និងលិខតបទដ្ឋានគតិយុត្តជាធរមាន ព្រមទាំងពិនិត្យកែសម្រួល ឬបង្កើតថ្មីនូវលិខិតបទដ្ឋានគតិយុត្តឱ្យស្របតាមបច្ចុប្បន្នភាពនៃសភាពការសង្គម និងឌីជីថលភាវូបនីយកម្ម, ៦/ អ្នកប្រកបវិជ្ជាជីវៈសុខាភិបាលទាំងអស់ ត្រូវចុះបញ្ចិកាក្នុងគណៈវិជ្ជាជីវៈសុខាភិបាល និងមានអាជ្ញាប័ណ្ណប្រកបវិជ្ជាជីវៈសុខាភិបាលដែលមានសុពលភាព គោរពក្រមសីលធម៌, ៦/ គ្រូពេទ្យ និងបុគ្គលិកសុខាភិបាល ត្រូវរក្សាកិត្តិយស និងសេចក្តីថ្លៃថ្នូរដោយប្រកាន់ខ្ជាប់គ្រប់ពេលវេលានូវក្រមសីលធម៌វិជ្ជាជីវៈក្នុងការបម្រើសេវាថែទាំសុខភាពជូនប្រជាជន ដោយភាពស្មោះត្រង់ និង៨/ អង្គភាពសុខាភិបាលគ្រប់លំដាប់ថ្នាក់ ត្រូវលើកកម្ពស់ប្រសិទ្ធភាពនៃការបម្រើសេវាថែទាំសុខភាព ជូនគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ និងក្រុមគោលដៅផ្សេងៗទៀត៕

 

#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

adm

Leave a Reply

Your email address will not be published. Required fields are marked *