នាព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Philip Witherington ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Manulife ប្រចាំអាស៊ី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅសៀមរាប-អង្គរ។
ក្នុងឱកាសនៃជំនួប លោកប្រធានក្រុមហ៊ុនបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចបវរធិបតីដែលបានចូលរួមព្រឹត្តិការណ៍អង្គរវត្តពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិ លើកទី ២៩ ហេីយក្រុមហ៊ុនManulife បានចូលរួមឧបត្ថម្ភព្រឹត្តិការណ៍នេះ ដេីម្បីរ៉ៃអង្គាសថវិកាជូនមន្ទីរពេទ្យកុមារអង្គរ។
លោកប្រធានក្រុមហ៊ុនបានគោរពជម្រាបជូនសម្ដេចបវរធិបតី អំពីដំណើរការនៃប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន នៅជុំវិញពិភពលោក ជាពិសេសនៅតំបន់អាស៊ី និងដែលមានមូលដ្ឋានធំនៅប្រទេសកាណាដា។ ក្រុមហ៊ុនបានផ្ដល់សេវាធានារ៉ាប់រងជីវិតមុនដំបូងគេ នៅកម្ពុជា ចាប់តាំងពីឆ្នាំ២០១២ ក្នុងគោលដៅជួយគាំទ្រដល់ក្រុមគ្រួសារ និងធានាបាននូវសន្ដិសុខហិរញ្ញវត្ថុសម្រាប់គ្រួសារនៃប្រជាជនកម្ពុជា។ ជាមួយគ្នានោះ លោកប្រធានក្រុមហ៊ុនបានបង្ហាញពីការប្ដេជ្ញាចិត្តពង្រីកប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុនឱ្យកាន់តែរីកចម្រើនថែមទៀត និងបន្តចូលរួមចណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាក៏ដូចជាការគាំទ្រ និងធានាដល់សន្តិសុខហិរញ្ញវត្ថុដល់គ្រួសាររបស់ប្រជាជនកម្ពុជា សម្រាប់រយៈពេលវែង។
ជាការឆ្លើយតប សម្ដេចបវរធិបតីបានកោតសរសើរ និងថ្លែងអំណរគុណក្រុមហ៊ុនដែលចូលរួមឧបត្ថម្ភគាំទ្រព្រឹត្តិការណ៍រត់ម៉ារ៉ាតុងនាពេលកន្លងមក ហេីយឆ្នាំនេះ មានអ្នកចូលរួមច្រើនកុះករជាង១៤,០០០នាក់ ដែលចំនួននេះកើនលើសឆ្នាំកន្លងទៅ។ ព្រឹត្តិការណ៍នេះ មិនត្រឹមតែបានចូលរួមចំណែកដល់សកម្មភាពមនុស្សធម៌ នៅមន្ទីរពេទ្យកុមារអង្គរ និងជួយជនរងគ្រោះដោយសារគ្រាប់មីនប៉ុណ្ណោះទេ ប៉ុន្តែក៏បានបង្ហាញពីស្ថានភាពជាក់ស្ដែងរបស់កម្ពុជា ដែលជាប្រទេសមួយមានសុខសន្ដិភាព ស្ថិរភាព សុវត្ថិភាពពេញបរិបូរណ៍។
ទន្ទឹមនឹងនោះ សម្ដេចបវរធិបតីបាន បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយគាំពារសង្គម ដើម្បីជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតាមរយៈការផ្ដល់ជូននូវសេវាធានារ៉ាប់រ៉ងផ្នែកថែទាំសុខភាព សម្រាប់មន្ត្រីរាជការ និងក្រុមគ្រួសារក្រីក្រ និងងាយរងគ្រោះ និងបានដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស។ សម្ដេចបវរធិបតី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តពង្រឹង និងពង្រីកការវិនិយោគ និងបង្កើតផលិតផលថ្មីៗបន្ថែមទៀត ដើម្បីជាជម្រើសសម្រាប់សេវាធានារ៉ាប់រងជូនប្រជាជនកម្ពុជា។
—————