ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្អង់ខ្ពស់បើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ បញ្ជាក់ថា ទោះបីជាកម្ពុជាទទួលបានសន្ដិភាពពេញលេញតាំងពីឆ្នាំ ១៩៩៨ ប៉ុន្ដែប្រជាជនកម្ពុជានៅប្រឈមជាមួយស្រមោលគ្រាប់មីននៅឡើយ។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដីមានប្រសាសន៍ថា ទោះបីកម្ពុជាទទួលបានសន្ដិភាពពេញលេញនៅឆ្នាំ១៩៩៨ ក៏ដោយ ក៏ស្រមោលនូវគ្រាប់មីននៅបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់អាយុជីវិតមនុស្ស និងដល់ដំណើការស្ដារឡើងវិញក្រោយសង្គ្រាមរបស់កម្ពុជា។ ប្រជាជនកម្ពុជាមិនអាចរស់នៅ និងប្រកបជីវភាពដូចប្រក្រតីបានទេដោយសារតែទឹកដីនៅតែរងការបំផ្លិចបំផ្លាញដោយគ្រាប់មីន ហើយការកសាងប្រទេសឡើងវិញក៏ត្រូវប្រឈមផងដែរ ខណៈគ្រាប់មីននៅតែជាបញ្ហារារាំងដល់ការអភិវឌ្ឍ និងសមាហរណកម្មជាតិរបស់កម្ពុជា។
សម្ដេចធិបតីបញ្ជាក់ថា ទាំងអ្នកទេសចរ និងអ្នកវិនិយោគនឹងមិនមកប្រទេសដែលមានសញ្ញាក្រហមថា ប្រយ័ត្នគ្រាប់មីននោះទេ។ ក្រៅពីនេះផលប៉ះពាល់នៃសង្គ្រាមបានបង្កផលប៉ះពាល់ដល់សតិអាម្មណ៍ និងស្មារតីធ្ងន់ធ្ងរដល់ប្រជាជនផងដែរ។ គ្រាប់មីនបានធ្វើឱ្យប្រជាជនកម្ពុជាជាច្រើនមានការលំបាកក្នុងការទទួលយកការពិតនៃសន្ដិភាព និងនឹកស្រមៃដល់អនាគត់ដ៏ភ្លឺស្វាង។ ស្លាកស្នាមដែលគ្រាប់មីនបានបន្សល់ទុកទាំងផ្លូវកាយ និងផ្លូវចិត្ត បានរម្លឹកជាប្រចាំអំពីការរន្ធត់ពីអតីតកាលនេះ។
ក្នុងឱកាសនោះសម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានបញ្ជាក់ថា វឌ្ឍនភាពដ៏ថ្លៃថ្លារបស់កម្ពុជាក្នុងសកម្មភាពដោះមីននឹងមិនអាចសម្រេចបាននោះទេ ប្រសិនបើគ្មានការជួយគាំទ្រពីសហគមន៍អន្តរជាតិ តាមរយៈភាពជាដៃគូជាមួយប្រទេស និងអង្គការម្ចាស់ជំនួយនានា ដែលបានផ្ដល់នូវកិច្ចការគាំទ្រទាំងហិរញ្ញវត្ថុ បច្ចេកទេស និងការលើកទឹកចិត្តដល់កម្ពុជា ក្នុងការសម្រេចគោលដៅបោសសម្អាតមីន។ ខណៈមកទល់បច្ចុប្បន្ននេះ កម្ពុជាបានបំផ្លាញ មីនប្រឆាំងមនុស្សជាង ១ លានគ្រាប់ និងសំណល់ជាតិផ្ទុះចំនួន ៣ លានគ្រាប់ និងបានបោសសម្អាតមីនលើផ្ទៃដីជាង ៣ ពាន់គីឡូម៉ែត្រក្រឡា ដោយបានប្រែក្លាយរាជធានី ខេត្តចំនួន ១៥ ក្នុងចំណោម ២៥ ជារាជធានី ខេត្តអស់មីន៕